វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ថា​ វិធី​ផ្លាស់​ប្តូរ​គំនិត​របស់​ជប៉ុន​អាច​ធ្វើ​ឱ្យ​មនុស្ស​ជោគជ័យ​

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ បាន​លើកឡើង​ថា​ វិធីសាស្ត្រ​អប់រំ​របស់​ជប៉ុន​ដែលគេ​ហៅថា​ Kaizen​ មានន័យថា​ ការ​ផ្លាស់​ប្តូរ​ដ៏​ល្អ​ (good​ change​) អាច​នាំ​ឱ្យ​មនុស្ស​ទូទៅ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ ជា​ពិសេស​ការ​បណ្តុះបណ្តាល​ក្មេង​តូច​។

ការអប់រំ​តាម​បែប​ជប៉ុន​ ត្រូវ​បាន​គេ​មើលឃើញ​ថា​វា​ជា​ការអប់រំ​ឱ្យ​មានការ​អភិវឌ្ឍ​ម្តង​បន្តិច​ៗតែ​ជា​ទៀងទាត់​។ ដំណើរការ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាចប​ង្កើត​បាន​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ នៅពេល​ដែល​យើង​ធ្វើ​ឱ្យ​មានការ​អភិវឌ្ឍ​កាន់តែ​កើន​ច្រើន​ឡើង​ៗជាលំដាប់​ជា​រៀងរាល់ថ្ងៃ​។ លុះ​កន្លងទៅ​យូរថ្ងៃ​ យើង​នឹង​មើលឃើញ​ពី​ភាព​ប្រែប្រួល​ជា​វិជ្ជមាន​ ដោយ​មិនបាច់​ខំប្រឹង​យ៉ាង​គំហុក​ ដែល​មិន​ទទួល​បាន​លទ្ធផល​ល្អ​ ឬមិន​អាច​ដោះស្រាយ​បញ្ហា​បាន​នោះ​ឡើយ​។ ការ​ខិតខំ​បែប​គំហុក​ពេក​ វា​នឹង​ធ្វើ​ឱ្យ​យើង​មាន​ភាព​នឿយហត់​ ហើយ​អាច​បោះបង់ចោល​យ៉ាង​ងាយ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលដៅ​ណាមួយ​។ ម្យ៉ាងវិញទៀត​ ទម្លាប់​ដែល​ខិតខំ​ប្រឹងប្រែង​នៅពេល​ដំណាក់កាល​ទឹក​ដល់​ច្រមុះ​ ហើយ​ទុក​ការងារ​ចោល​នៅពេល​ការងារ​មិនទាន់​បង្ខំ​ នឹង​ធ្វើ​ឱ្យ​ដំណើរ​នៃ​ការ​អភិវឌ្ឍ​របស់​យើង​ឡើងចុះ​មិន​ទៀងទាត់​ ហើយ​យើង​ម្នា​ក់ៗ​ត្រូវ​ធ្លាក់​ក្នុង​ស្ថានភាព​ខ្ជីខ្ជា​ដដែល​ៗឥត​ឈប់ឈរ​។

តាម​ការអប់រំ​បែប​ជប៉ុន​ មានការ​កើនឡើង​ 1% ជា​រៀងរាល់ថ្ងៃ​ គឺជា​សញ្ញាណ​ល្អ​បំផុត​ដែល​អាច​ធ្វើ​ឱ្យ​យើង​ទទួល​បានការ​រីកចម្រើន​ជាង​ 300​% នៅក្នុង​ 1ឆ្នាំ​។ ដើម្បី​សម្រេច​បាន​នូវ​ផ្នត់គំនិត​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ មនុស្ស​មិន​អាច​ធ្វើតាម​ចិត្ត​ចង់​ ដែល​ត្រូវ​លោត​ផ្លោះ​លឿន​ពេក​ បន្ទាប់មក​ក៏​ឈប់​ធ្វើ​នៅពេល​នឿយហត់​ និង​បាត់​ចំណង់​នោះ​ទេ​ តែ​វា​ត្រូវការ​ភាព​អំណត់​ និង​សង្កេត​ដោយ​យកចិត្ត​ទុកដាក់​ពី​ការ​សន្សំ​ទម្លាប់​ល្អ​បន្តិច​ម្តង​ៗជា​រៀងរាល់ថ្ងៃ​។

ផ្នត់គំនិត​អប់រំ​ Kaizen​ បាន​អប់រំ​ឱ្យ​មនុស្ស​ចាប់ផ្តើម​ធ្វើ​កំណត់សម្គាល់​ និង​យកចិត្ត​ទុកដាក់​ពី​របស់​តូច​ៗដើម្បី​យក​វា​ទៅ​អភិវឌ្ឍ​ ប្រៀប​ដូចជា​ការ​រើស​គ្រាប់ធញ្ញជាតិ​ថ្មី​ ទៅ​បណ្តុះ​ឱ្យ​ធំ​បន្តិច​ម្តង​ៗរហូត​ទទួល​បាន​ផ្លែផ្កា​ដូច្នោះ​ដែរ​។ ការ​ចាប់ផ្តើម​ពី​ចំ​ណុ​ចតូចៗ​ នឹង​ធ្វើ​ឱ្យ​យើង​ក្លាយជា​មនុស្ស​ហ្មត់ចត់​ និង​មិន​មើល​រំលង​ ឬមើលងាយ​ស្ថានការណ៍​គ្រប់យ៉ាង​ក្នុង​ជីវិត​ឡើយ​។ យើង​នឹង​យល់ថា​ របស់​ធំ​ទាំងអស់​កើត​ចេញ​ពី​របស់​តូច​ៗផ្គុំ​បញ្ចូល​គ្នា​ ហើយ​ការ​អភិវឌ្ឍ​ពី​មួយ​ជំ​ហាន​តូច​ៗ យូរ​ទៅ​នឹង​ក្លាយជា​ធំ​ជាក់ជា​មិនខាន​។

ហេតុនេះ​ហើយ​ ទើប​យើង​មើលឃើញ​ថា​ ក្រុមហ៊ុន​ ឬស្ថាប័ន​របស់​ជប៉ុន​ភាគច្រើន​មានការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ ជាមួយនឹង​អាយុកាល​រាប់​រយ​ឆ្នាំ​។

ស្ថាប័ន​ទាំងអស់​នោះ​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​រលូន​ បើ​ទោះបីជា​ពិភពលោក​មានរឿង​អ្វី​ក៏​ដោយ​ ព្រោះ​គេ​ស្គាល់​ច្បាស់​ពី​គ្រប់​ស្ថានការណ៍​ល្អិតល្អន់​នៅ​ជុំវិញ​ខ្លួន​គេ​ ហើយ​បន្ត​ដោះស្រាយ​ និង​អភិវឌ្ឍ​បន្តិច​ម្តង​ៗ រហូត​អភិវឌ្ឍ​បាន​ខ្លាំងក្លា​ដូច​ពេល​បច្ចុប្បន្ន​។ គំនិត​សំខាន់​ម្យ៉ាងទៀត​នៃ​ការអប់រំ​បែប​ជប៉ុន​ (Kaizen​) គឺ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​ពី​ពេលវេលា​។

ជា​ធម្មតា​ មនុស្ស​តែងតែ​បណ្តោយ​ឱ្យ​ខ្លួនឯង​ខាតបង់​ពេលវេលា​ច្រើន​ជាមួយនឹង​ការកម្សាន្ត​ ឬភាព​ខ្ជះខ្ជាយ​ដែល​កើត​ចេញពី​កង្វះ​ការគ្រប់គ្រង​។ ហេតុនេះ​អ្វី​ដែល​ពួកគេ​អប់រំ​ គឺ​ត្រូវ​រក​ឱ្យ​ឃើញ​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ខ្ជះខ្ជាយ​ពេលវេលា​ បន្ទាប់មក​ដោះស្រាយ​វា​ឱ្យ​បាន​ ដើម្បី​ទុក​ពេល​សម្រាប់​អភិវឌ្ឍ​ ព្រោះ​ការ​អភិវឌ្ឍ​ដែល​ជប៉ុន​អប់រំ​មនុស្ស​ គឺ​ធ្វើឡើង​បន្តិច​ម្តង​ៗទៅតាម​ពេលវេលា​ កាលណា​គេ​មាន​ពេលវេលា​កាន់​តែ​ច្រើន​ ការ​អភិវឌ្ឍ​នឹង​កាន់តែ​ប្រសើរ​ដូចគ្នា​។

ការអប់រំ​បែប​ជប៉ុន​(Kaizen​) ក៏​ជំរុញ​ផង​ដែរ​ឱ្យ​មនុស្ស​ពិចារណា​ក្នុង​ការសាកល្បង​ ឬស្វែងរក​វិធីសាស្ត្រ​កាន់តែ​ប្រសើរ​ឡើង​ ដោយ​ការ​មើល​ឡើងវិញ​ពី​ការងារ​ដែល​បាន​ធ្វើ​ហើយ​ ថា​តើ​វិធីសាស្ត្រ​ណាខ្លះ​គួរ​បន្ត​ធ្វើ​ ឬអនុវត្ត​បាន​ល្អ​ ហើយ​វិធីសាស្ត្រ​ណាខ្លះ​ដែល​គួរ​បោះបង់ចោល​។ មនុស្ស​គ្រប់គ្នា​គួរ​ចំណាយ​ពេលវេលា​ប្រចាំ​សប្តាហ៍​ ឬយ៉ាងហោចណាស់​ 1សប្តាហ៍​ម្តង​ដើម្បី​ពិនិត្យមើល​ឡើងវិញ​លើ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ ដើម្បី​ជួសជុល​ចំណុច​ខ្វះខាត​ ហើយ​អភិវឌ្ឍ​ផ្នែក​ខ្លាំង​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៀត​។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ បាន​រក​ឃើញ​ទៀត​ថា​ ដោយសារតែ​ការ​បណ្តុះបណ្តាល​របស់​ Kaizan​ នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ឧស្សាហកម្ម​គ្រឿងយន្ត​របស់​ជប៉ុន​មាន​ភាព​ល្បីល្បាញ​ផ្នែក​ប្រសិទ្ធភាព​ខ្ពស់​ និង​អភិវឌ្ឍ​ជាលំដាប់​ ព្រោះ​អ្នកធ្វើការ​ងារ​ទាំងអស់​ត្រូវ​បាន​គេ​ជំរុញ​ឱ្យ​ចាប់ផ្តើម​អភិវឌ្ឍ​ពី​ចំ​ណុ​ចតូចៗ​តាម​ដំណើរ​ឥត​ឈប់ឈរ​។ ក្រៅពី​នេះ​ ផ្នត់គំនិត​នេះ​ ក៏​បាន​ជួយ​ដល់​ផ្នែក​ដទៃ​ជាច្រើន​ទៀត​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ និង​និរន្តរភាព​ក្នុង​ស្ថាប័ន​ដែរ​៕

Advertisement