សាលារៀន​ជំនាន់​ថ្មី​ជា​សាលា​រដ្ឋ​ដែល​មាន​សិស្ស​ជាប់​និទ្ទេស A​ ច្រើនជាង​គេ​បំផុត​

ក្រោយ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ ជាពិសេស​ការ​រឹត​បន្តឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ គំនិត​ផ្តួចផ្តើម​បង្កើត​សាលា​ជំនាន់​ថ្មី​បាន​ក្លាយជា​គំនិត​ប្រកបដោយ​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​មាន​សមត្ថភាព​ខ្ពស់​ និង​មាន​បរិក្ខារ​គ្រប់យ៉ាង​មិនចាញ់​សាលា​ឯកជន​នោះ​ទេ​។

នៅ​ឆ្នាំ​សិក្សា​ 2018​-2019​ នេះ​ សាលារៀន​ជំនាន់​ថ្មី​ ដែល​ជា​គ្រឹះស្ថានសិក្សា​រដ្ឋ​ ចាប់ផ្តើម​បើក​សាកល្បង​កាលពី​ឆ្នាំ2016​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​សាលា​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ជាងគេ​បំផុត​ក្នុង​ចំណោម​គ្រឹះស្ថាន​បណ្តុះបណ្តាល​ចំណេះដឹង​ទូទៅ​រដ្ឋ​ និង​ឯកជន​។ បើ​តាម​ការ​បញ្ជាក់​របស់​ លោក​ សម្យ​ កំសាន្ត​ នាយករង​វិទ្យាល័យ​ស៊ីសុវត្ថិ​ ទទួលបន្ទុក​សាលា​ជំនាន់​ថ្មី​ បាន​បញ្ជាក់​ថា​ សិស្ស​ដែល​ចេញពី​សាលា​ជំនាន់​ថ្មី​នៅ​ឆ្នាំនេះ​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​រហូតដល់​ទៅ​ 94ភាគរយ​ ខណៈ​អ្នក​ដែល​ទទួល​បាន​និទ្ទេស A​ ក៏​មាន​ចំនួន​ច្រើនជាង​គេ​ផង​ដែរ​នៅ​ទូទាំង​ប្រទេស​។

លោក​ សម្យ​ កំសាន្ត​ បាន​លើកឡើង​ថា​ នេះ​ជា​ឆ្នាំ​ទី5​ ហើយដែល​គម្រោង​សាលារៀន​ជំនាន់​ថ្មី​បាន​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ គោលដៅ​សំខាន់​នៃ​ការបង្កើត​សាលារៀន​ជំនាន់​ថ្មីនេះ​ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងគុណភាព​អប់រំ​ ដើម្បី​ឆ្លើយតប​ជាមួយ​នឹង​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ និង​ក្នុង​តំបន់​។

សាលារៀន​ជំនាន់​ថ្មី​ជា​សាលា​ដែល​បាន​បន្ថែម​នូវ​កម្មវិធី​សិក្សា​ថ្មី​ដោយ​សិក្សា​យ៉ាង​ល្អិតល្អន់​ពី​វិធីសាស្ត្រ​បង្រៀន​ដែល​មាន​លក្ខណៈ​ស្តង់​ដា​ខ្ពស់​មិន​ចាញ់​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​នោះ​ទេ​ ព្រោះ​យើង​ចង់ឱ្យ​សិស្សានុសិស្ស​របស់​យើង​មានគុណ​ភាព​ខ្លាំង​សម្រាប់​ការប្រកួត​ប្រជែង​។ ជា​លទ្ធផល​ សិស្ស​នៃ​សាលា​ជំនាន់​ថ្មី​បាន​ចូលរួម​ប្រកួតប្រជែង​ទាំង​កម្រិត​ថ្នាក់​ជាតិ​ និង​ថ្នាក់​អន្តរជាតិ​ ដោយ​ពួកគេ​អាចយ​កជ័យជម្នះ​លើ​ការប្រឡងប្រជែង​ជាច្រើន​ ដោយ​ក្នុង​នោះ​មាន​ទាំង​មេដាយមាស​ មេដាយ​ប្រាក់​ និង​មេដាយ​សំរិទ្ធ​ជា​រៀងរាល់​ឆ្នាំ​។

លោក​ សម្យ​ កំសាន្ត​ បាន​និយាយ​ថា​៖ “សាលារៀន​ជំនាន់​ថ្មី​ គឺជា​សាលា​រដ្ឋ​ តែ​នៅក្នុង​ការអនុវត្ត​គម្រោង​នេះ​ ក្រសួង​បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​បង្រៀន​ស៊ីជម្រៅ​ជាង​សាលា​រដ្ឋ​ធម្មតា​ មានន័យថា​ បើ​ការ​បង្រៀន​ត្រូវ​ពិសោធ​ សិស្ស​ត្រូវតែ​ទៅ​ធ្វើការ​ពិសោធ​ជាក់ស្តែង​តែម្តង​។ សិស្ស​នៃ​សាលា​ជំនាន់​ថ្មី​មានការ​សិក្សា​ផង​ អនុវត្ត​ផ្ទាល់​ផង​ និង​មាន​កិច្ចការ​ស្រាវជ្រាវ​ច្រើនជាង​សិស្ស​ទូទៅ​”។

សាលារៀន​ជំនាន់​ថ្មី​ ជា​សាលា​ដែល​បំពាក់​នូវ​បរិក្ខារ​ពិសោធន៍​ និង​បច្ចេកវិទ្យា​គ្រប់យ៉ាង​ ដោយ​ក្នុង​នោះ​បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​សំ​ខាន់​ៗជាច្រើន​ដូចជា​កម្មវិធី​បណ្តុះបណ្តាល​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ដូចជា​ការ​សរសេរ​កូដ​ និង​កម្ម​វិ​ធី​ឌីហ្សាញ​ជាដើម​។ បន្ថែម​ពីលើ​នេះ​ សាលារៀន​ជំនាន់​ថ្មី​ក៏​ជា​សាលា​ដែល​បញ្ចូល​នូវ​គំនិត​សហគ្រិនភាព​ និង​ជំនាញ​សំ​ខាន់​ៗជាច្រើន​ផ្សេងទៀត​ផង​ដែរ​ដល់​សិស្សានុសិស្ស​គ្រប់គ្នា​ឱ្យ​បាន​សិក្សា​កាន់តែ​ស៊ីជម្រៅ​។ គំរូ​នៃ​សាលា​ជំនាន់​ថ្មីនេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​ដាក់​ឱ្យ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជាក់​ថា​ មកដល់​បច្ចុប្បន្ន​នេះ​ សាលារៀន​ជំនាន់​ថ្មី​មានកម្រិត​បឋមសិក្សា​ចំនួន​ 4សាលា​ និង​កម្រិតមធ្យម​សិក្សា​ចំនួន​ 6សាលា​។ ក្នុង​នោះ​កម្រិត​មធ្យមសិក្សា​មាន​ដូចជា​វិទ្យាល័យ​ស៊ីសុវត្ថិ​ វិទ្យាល័យ​ហ៊ុន​សែន​កំពង់ចាម​ វិទ្យាល័យ​ព្រែកលៀប​ វិទ្យាល័យ​សម្តេច​ជា​ស៊ី​មព្រែកអញ្ចាញ​ វិទ្យាល័យ​ហ៊ុន​សែន​ពាមជីកង​ និង​អនុវិទ្យាល័យ​គោកព្រីង​៕

Advertisement