រដ្ឋមន្ត្រី​អប់រំ​៖“ដើម្បី​ឱ្យ​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល​ លុះត្រាតែ​មានការ​អប់រំ​បែប​ឌីជីថល​”

ថ្មី​ៗនេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការជំរុញ​ឱ្យ​មាន​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ និង​ការរៀបចំ​រដ្ឋាភិបាល​ឌីជីថល​ ស្រប​ពេល​ដែល​បម្រែ​បម្រូ​លប​ច្ចេ​កវិទ្យា​ និង​របត់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ បាន​បង្កើន​ឥទ្ធិពល​យ៉ាង​ឆាប់រហ័ស​នៅ​លើ​ពិភពលោក​។

សេដ្ឋកិច្ច​ឌីជីថល​ ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​ប្រទេស​នី​មួយ​ៗដើរ​ទាន់​របត់​បច្ចេកវិទ្យា​ដែល​កំពុង​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ផ្នែក​ពាណិជ្ជកម្ម​ និង​ចង្វាក់​ផលិតកម្ម​។ វិធីសាស្ត្រ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង​ ព្រោះ​មនុស្ស​លើ​ពិភពលោក​កាន់តែ​ខិត​ជិត​គ្នា​ឡើង​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​ តាមរយៈ​ការ​ទំនាក់ទំនង​លើ​បណ្តាញ​ឌីជីថល​ដែល​ទាមទារ​ឱ្យ​សហគ្រិន​ទាំងអស់​ចាំបាច់​ត្រូវ​បញ្ចូល​ប្រព័ន្ធ​ឌីជីថល​ក្នុង​ចង្វាក់​ផលិតកម្ម​។ ប្រសិនបើ​មិន​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ទេ​នោះ​ អាជីវកម្ម​នឹង​ប្រឈម​ជា​មួយ​បញ្ហា​ ជាពិសេស​ គឺ​តម្លៃ​នៃ​ការផលិត​ខ្ពស់​ ហើយ​រយៈពេល​ផលិត​ក៏​យូរ​ ដែល​លំបាក​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​សហគ្រាស​ដទៃ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​។

ស្រប​ពេល​ជាមួយគ្នា​ដែរ​ ងាក​មក​ខាង​រដ្ឋាភិបាល​វិញ​ គឺ​ចាំបាច់​ត្រូវ​រៀបចំ​លក្ខណ​សម្បត្តិ​ផង​ដែរ​ដើម្បី​សម្រួល​ដល់​នីតិវិធី​ និង​តម្លាភាព​នៃ​ការអនុវត្ត​លើ​គ្រប់​ទម្រង់​ និង​សេវា​ដើម្បី​ជួយ​សម្រួល​ដល់​ភាគី​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ ដើម្បី​ធានា​ថា​ ការអនុវត្ត​នូវ​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ​អាច​មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​។

ចំពោះ​ការបម្រើ​សេវា​សាធារណៈ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ទីក្រុង​ និង​តំបន់​នានា​វិញ​ក៏​ទាមទារ​ឱ្យ​មានការ​សម្រួល​ដល់​ការរស់នៅ​ និង​ការ​ទំនាក់ទំនង​ដោយ​ប្រព័ន្ធ​ឌីជីថល​ ព្រោះ​ប្រទេស​មួយចំនួន​លើ​ពិភពលោក​ចាប់ផ្តើម​ដើរ​ដល់​ដំណាក់កាល​នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ IOT​ (Internet​ Of​ Things​) គ្រប់​យ៉ាង​ក្លាយជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​។

ដំណាក់កាល​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ នឹង​អាច​ផ្លាស់​ប្តូរ​ចរន្ត​នៃ​ការរស់នៅ​ និង​ការ​ធ្វើអាជីវកម្ម​កាន់តែ​ប្រសើរ​ឡើង​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ កត្តា​ប្រឈម​ក៏​មាន​ច្រើន​ផង​ដែរ​ចំពោះ​ប្រទេស​នានា​លើ​ពិភពលោក​ ព្រោះ​ឧបករណ៍​កាន់តែ​ទំនើប​ ក៏​ត្រូវការ​មនុស្ស​កាន់តែ​ខ្លាំង​ដើម្បី​គ្រប់គ្រង​ និង​ប្រើប្រាស់​ផង​ដែរ​។ ប្រសិនបើ​ប្រជាជន​ ឬអ្នកជំនាញ​មិនទាន់​ទទួល​បាន​នូវ​ចំណេះដឹង​ច្បាស់លាស់​ពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទេ​នោះ​ ទោះបីជា​បច្ចេកវិទ្យា​ទំនើប​ប៉ុណ្ណា​ ក៏​មិន​អាច​ធ្វើ​ឱ្យ​សង្គម​ទទួលជោគជ័យ​បាន​ដែរ​ ហើយ​អ្នកទទួល​ផល​ គឺ​អ្នកជំនាញ​មក​ពី​ខាងក្រៅ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ច្នៃប្រឌិត​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងអស់​នោះ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​បាន​មានប្រសាសន៍​ថា​៖ “ដើម្បី​ឱ្យ​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល​ លុះត្រាតែ​មានការ​អប់រំ​បែប​ឌីជីថល​”។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ ការអប់រំ​បែប​ឌីជីថល​ ឬអក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទ​កម្ពុជា​ឧស្សាហកម្ម4.0​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​កែប្រែ​ខ្លួន​ឱ្យ​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បែប​ឌីជីថល​ និង​រដ្ឋាភិបាល​ឌីជីថល​ ព្រោះ​ផ្នែក​ទាំងអស់​នេះ​ត្រូវការ​អ្នកជំនាញ​ជាច្រើន​ដើម្បី​បំពេញការងារ​ និង​គ្រប់គ្រង​ប្រព័ន្ធ​ឆ្លាតវៃ​ទាំងអស់​នោះ​។ ដើម្បី​ធ្វើ​ឱ្យ​ការអប់រំ​បែប​ឌីជីថល​ ធ្វើឡើង​បាន​កាន់តែ​ប្រសើរ​ ក្រសួង​អប់រំ​បាន​ធ្វើការងារ​ជាច្រើន​ដើម្បី​បញ្ជ្រាប​ការ​បណ្តុះបណ្តាល​នៅ​គ្រប់​កម្រិត​ និង​នៅ​តំបន់​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រសួងអប់រំយុវជន​ និងកីឡា​បាន​បង្កើត​ឱ្យ​មាន​សាលា​ជំនាន់​ថ្មី​ដែល​បញ្ចូល​នូវ​កម្មវិធី​សិក្សា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) និង​ការ​បណ្តុះបណ្តាល​ការ​សរសេរ​កូដ​ រួម​ទាំង​កម្មវិធី​សិក្សា​ដែល​ជា​ជំនាញ​ទន់​ជាច្រើន​ទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​ជាក់ស្តែង​ក្នុង​សតវត្សរ៍​ទី21​។ បន្ថែម​ពីលើ​នេះ​ ក្រសួង​ក៏បាន​រៀបចំ​រៀបចំ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការអប់រំ​ ដោយ​ឆ្លើយតប​ជាមួយ​យុគសម័យ​បច្ចេកវិទ្យា​ ដោយ​ការ​ធ្វើ​កំណែទម្រង់​សាលារៀន​ និង​កំណែទម្រង់​ការ​បណ្តុះបណ្តាល​គ្រូ​ ដោយធ្វើ​យ៉ាងណា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​សមត្ថភាព​ខ្ពស់​ផ្នែក​បច្ចេកវិទ្យា​ មុននឹង​ចែករំលែក​បន្ត​ទៅដល់​សិស្សានុសិស្ស​ដែល​ជា​ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​យើង​។

ទោះជា​យ៉ាងនេះ​ក្តី​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​យុវជន​ជំនាន់​ថ្មី​ ក្រៅពី​ការ​ប្រឹងប្រែង​រៀនសូត្រ​ផ្នែក​បច្ចេកវិទ្យា​ ក៏បាន​ជំរុញ​ឱ្យ​ពួកគេ​សិក្សា​ផ្នែក​ដោះស្រាយ​បញ្ហា​ ភាពជា​អ្នកដឹកនាំ​ និង​ជំនាញ​ទន់​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ពិសេស​យុវជន​បាន​ត្រៀមខ្លួន​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ឌីជីថល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ស្ថាប័ន​អប់រំ​នានា​នៅ​កម្ពុជា​ បច្ចុប្បន្ន​នេះ​ទាំង​កម្រិតមធ្យម​សិក្សា​ និង​ឧត្តម​សិក្សា​បាន​បញ្ចូល​នូវ​របៀប​អប់រំ​ និង​បច្ចេកវិទ្យា​ជាច្រើន​ ដើម្បី​ធ្វើការ​ឆ្លើយតប​បន្តិច​ម្តង​ៗទៅ​នឹង​បរិបទ​នៃ​ការអប់រំ4.0​ ដោយ​រំពឹង​ទុក​រយៈពេល​ 5ទៅ​ 10ឆ្នាំ​ទៀត​ យើង​អាច​មាន​ធនធានមនុស្ស​កាន់តែ​ច្រើន​ដែល​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​ធ្វើការងារ​ ឬចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​សកល​។ ឆ្លើយតប​ជា​មួយ​នឹង​បញ្ហា​នេះ​ សិស្សានុសិស្ស​ ឬនិស្សិត​ដែល​ជា​យុវជន​ ក៏​មានឱកាស​ច្រើន​ផង​ដែរ​ក្នុង​ការសិក្សា​ឱ្យ​បាន​ទូលំទូលាយ​ពី​បច្ចេកវិទ្យា​ ព្រោះ​យើង​សុទ្ធតែ​មាន​ធនធាន​គ្រប់គ្រាន់​ផ្នែក​បច្ចេកវិទ្យា​ ដោយ​ស្ទើរ​គ្រប់គ្នា​មាន​ទូរស័ព្ទ​ដៃ​ស្មា​តហ្វូ​ន ព្រមទាំង​មាន​ប្រើប្រាស់​ប្រព័ន្ធ​អុីន​ធើ​ណិ​តនៅ​គ្រប់​ទីកន្លែង​។ ហេតុនេះ​វា​ជា​ឱកាស​ក្នុង​ការ​ទាញ​យកចំណេះ​ដឹង​ដែល​មាន​ជុំវិញ​ពិភពលោក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ប្រសិនបើ​ពួកគេ​ចេះ​បង្វែរ​ពេលវេលា​ពី​ការប្រើ​ប្រាស់​បណ្តាញ​សង្គម​ច្រើនហួស​ហេតុ​ មក​ស្វែងរក​ប្រភព​ចំណេះដឹង​ជា​មូលដ្ឋាន​សម្រាប់​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​ក្នុង​យុគសម័យ​ឌីជីថល​នេះ​៕

Advertisement