ពលកម្ម​ជំនាញ​ជាផ្នែក​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​សម្រាប់​អនាគត​

ពលកម្ម​ជំនាញ​ ជាផ្នែក​យ៉ាង​សំខាន់​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ នា​ពេល​អនាគត​ ព្រោះ​គ្រប់​ផ្នែក​ទាំងអស់​ ទាំង​រដ្ឋ​ និង​ឯកជន​ សុទ្ធតែ​ត្រូវការ​អ្នកជំនាញ​ដើម្បី​បំពេញការងារ​ និង​អភិវឌ្ឍ​ឱ្យ​មាន​ភាព​រីកចម្រើន​។

ថ្លែង​នៅក្នុង​កម្មវិធី​សម្ពោធ​ដាក់​ឱ្យ​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ នូវ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ឯកឧត្តម​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើកឡើង​ថា​ កម្ពុជា​មាន​ភាព​ចាំបាច់ក្នុង​ការ​ពង្រឹង​ការប្រកួត​ប្រជែង​ និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ដើម្បី​អាច​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ រយៈពេល​វែង​ ព្រោះ​ប្រសិនបើ​មិន​មាន​កំណើន​សេដ្ឋកិច្ច​ទេ​។ ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់​ទៅ​ថ្ងៃ​អនាគត​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ គឺ​កម្ពុជា​ត្រូវការ​អភិវឌ្ឍ​កម្លាំង​ជំនាញ​ជាចាំបាច់​។ បច្ចុប្បន្ន​ ការចូលរួម​របស់​កម្លាំង​ពលកម្ម​ គឺ​អស់​លម្ហ​ទៅ​ហើយ​ ដូចនេះ​ការ​រុញ​កំណើន​ទៅ​ថ្ងៃមុខ​ គឺ​យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​កត្តា​ផលិតភាព​ការងារ​ និង​ការ​បង្កើន​ការ​វិនិយោគ​ ជំនាញ​ និង​បច្ចេកវិទ្យា​ ព្រមទាំង​ការបង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ និង​ធ្វើ​ទំនើបកម្ម​ក្បាលម៉ាស៊ីន​ចាស់​ដែល​មានស្រាប់​នោះ​ទេ​។ ដើម្បី​បង្កើន​ផលិតភាព​ការងារ​ទាមទារ​នូវ​ការ​អភិវឌ្ឍ​ជំនាញ​ ហើយ​យើង​មិន​អាចប​ង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ បាន​នោះ​ទេ​ប្រសិនបើ​គ្មាន​ជំនាញ​។ ដូចនេះ​ ជំនាញ​ដើរតួ​នាទី​ធំធេង​ណាស់​ក្នុង​ការ​កសាង​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ ដូចជា​ការ​ទាក់ទាញ​ឧស្សាហកម្ម​ថ្មី​តាមរយៈ​ការ​វិនិយោគ​ក្រៅប្រទេស​ជាដើម​។

ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​មានប្រសាសន៍​ថា​៖ “រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​តាមរយៈ​យន្តការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដែល​មាន​ការបង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​ជំនាញ​បច្ចេកទេស​ និង​តាមរយៈ​ក្រសួងការងារ​វិជ្ជាជីវៈ​ដែល​មាន​អគារ​បំពាក់​ដោយ​សម្ភារ​បរិក្ខារ​ពិសោធន៍​ និង​ការដំឡើង​ប្រាក់បៀវត្សរ៍​គ្រូ​បណ្តុះបណ្តាល​ រួម​ទាំង​ការ​បង្កើន​ថ្លៃ​ឯកតា​បណ្តុះបណ្តាល​ និង​ការ​ផ្តល់​អាហារូបករណ៍​ជាដើម​ ដើម្បី​ទាក់ទាញ​សិស្ស​ឱ្យ​ចូល​សិក្សា​ជំនាញ​”។

ឯកឧត្តម​ បាន​បន្ថែម​ថា​ ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ប៉ុនណា​ក៏ដោយ​ក៏​យើង​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​។ បញ្ហា​ដែល​កើតមានឡើង​ច្រើន​គឺ​ភាព​មិន​ស៊ី​គ្នា​នៃ​ជំនាញ​ក្នុង​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ ពិសេស​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ និង​គុណភាព​នៃ​ជំនាញ​នៅ​មិនទាន់​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​នៅឡើយ​

Advertisement