ក្រោយបញ្ចប់​ការសិក្សា​អ្នកនឹងមិនខកចិត្តទេ បើសិន​អនុវត្ត​គោលការណ៍ខាងក្រោមនេះ

នាពេលបច្ចុប្បន្ន មាននិស្សិតជាច្រើន​រអ៊ូថា​ ខ្វះការងារធ្វើ ឬមិនអាចស្វែងរក​ការងារឱ្យត្រូវជំនាញបាន ខណៈ​និស្សិតមួយចំនួន​ទៀត​កំពុង​តែស្ថិតក្នុងស្ថានភាពប្រទាញប្រទង់​ដែលមាន​ស្ថាប័នជាច្រើន​សុទ្ធតែ​ទាក់ទង​ចង់ឱ្យគាត់​ទៅជួយ​។ ស្ថានភាពជាក់ស្តែងទាំងនេះ បង្ហាញឱ្យឃើញពីគម្លាត​សមត្ថភាព​ និងការ​ស្វែងរក​ឱកាស​​ការងាររបស់​ប្រជាជន​នៅកម្ពុជា។

ខាងក្រោមនេះ ជា​វិធីមួយចំនួន​ដើម្បីកុំឱ្យខកចិត្តក្រោយពេល​បញ្ចប់ការសិក្សា​ថ្នាក់មហាវិទ្យាល័យ៖

1.ធ្វើការងារហាត់ការ​ និងការងារស្ម័គ្រចិត្ត

មនុស្សមួយចំនួន​គិតថា ការងារស្ម័គ្រចិត្ត​ជារឿងដែលមិនមានប្រយោជន៍ ព្រោះវាមិនមែនជាការងារជាប់​លាប់ ហើយបានប្រាក់កម្រៃដើម្បី​ឆ្លើយតបជាមួយ​នឹងកម្លាំងពលកម្មតិចតួច តែតាមពិត ការងារ​ស្ម័គ្រចិត្ត​ជាឈ្នាន់ដ៏សំខាន់មួយ​ដើម្បី​ឆ្ពោះទៅរក​ភាពជាអ្នកស្ទាត់ជំនាញ​ក្នុងការងារសំខាន់ៗជាច្រើន។ នៅគ្រប់​ប្រកាស​ជ្រើសរើសបុគ្គលិក​សុទ្ធតែ​មានដាក់ថា ត្រូវការមនុស្ស​​ដែលមានបទពិសោធយ៉ាងតិចបំផុត 1ឆ្នាំ​។ ត្រង់ចំណុចនេះឯង ដែលនិស្សិត​ដែលធ្លាប់បានធ្វើការងារហាត់ការមានប្រៀប និងអាច​ដាក់​ពាក្យ​ប្រកប​ដោយ​​ទំនុកចិត្ត​ជាមួយនឹងបទពិសោធ​ដែលខ្លួនបានមកពីការងារហាត់ការ និង​ស្ម័គ្រចិត្តនៅតាម​ស្ថាប័ន​នានានោះ។

2.ពង្រឹងជំនាញទំនាក់ទំនង

មនុស្ស​ដែលមានសមត្ថភាព ហើយមាន​ការងារល្អ ឬអាជីវកម្ម​ជោគជ័យបន្ទាប់ពី​បញ្ចប់ការសិក្សា​នៅថ្នាក់​មហាវិទ្យាល័យ មិនមែនសុទ្ធតែ​ជាអ្នក​ដែល​រៀនបានលេខ1គ្រប់គ្នានោះទេ តែ​ពួកគេសុទ្ធតែមាន​លក្ខណសម្បត្តិ​​មួយដូចគ្នា គឺមានទំនាក់ទំនងល្អ។ ដូចដែលបានបង្ហាញនៅក្នុងចំណុចខាងលើហើយថា និស្សិត​គួរតែធ្វើការ​ងារហាត់ការ ឬការងារស្ម័គ្រចិត្តដែលត្រូវនឹងជំនាញរបស់ខ្លួន ព្រោះគុណសម្បត្តិ​របស់​វា​អាចធ្វើឱ្យ​ពួកគេ​ទទួលបានទាំងបទពិសោធ និងទំនាក់ទំនង​ល្អជាមួយនឹងស្ថាប័នការងារ។ នៅពេលដែល​ពួក​គេ​មានទំនាក់ទំនងល្អជាមួយសិស្សច្បង​ដែល​កំពុងប្រកបវិជ្ជាជីវៈដូចដែលគេកំពុងសិក្សា និង​មាន​ទំនាក់​ទំនងល្អជាមួយនឹងអ្នកគ្រប់គ្រងស្ថាប័ននានានោះ ពួកគេនឹងមានឱកាសខ្ពស់បំផុត​ដើម្បីទទួលបាន​ការងារដែលខ្លួនពេញចិត្ត។

3.ធ្វើការងារទីផ្សារខ្លួនឯង

ការសិក្សានៅកម្រិតមហាវិទ្យាល័យប្រៀបបានទៅនឹង​ការកសាងផលិតផល​នៃ​គំនិតសម្រាប់​ខ្លួនឯងដូច្នោះ​ដែរ ហេតុនេះផលិតផល​ដែលខ្លួន​បាន​បង្កើតឡើងនោះ​ត្រូវតែ​យកទៅដាក់បង្ហាញនៅក្នុងទីផ្សារការងារ។ ប្រសិនបើ​ពួកគេ​គ្មាន​ប្រវត្តិល្អ និងគ្មាន​វិធីសាស្រ្តក្នុងការបង្ហាញខ្លួនបានល្អទៅកាន់សង្គមទេនោះ ពួកគេ​អាចនឹង​ពិបាក​ទទួលបានការងារល្អ។ វិធីល្អសម្រាប់​ការ​បង្ហាញខ្លួនឯងគឺមានច្រើន ដូចជាការសរសេរ​ហើយបង្ហាញគំនិតដែលមានប្រយោជន៍ទាំងអស់នោះក្នុងបណ្តាញសង្គម ការ​បង្កើតក្រុមការងារ​ដើម្បីធ្វើ​កិច្ចការសង្គម រួមទាំង​ការបង្កើតក្រុម​ដើម្បី​ចែករំលែក​ចំណេះដឹង​ទៅកាន់យុវជនដូចគ្នា​ដើម្បីឱ្យគ្រប់ភាគី ជាពិសេស​អ្នកគ្រប់គ្រងស្ថាប័ននានា​បានឃើញ ហើយចាប់អារម្មណ៍​សម្រាប់ឱកាសការងារ៕

Advertisement