សិស្ស​កម្ពុជា​ 8រូប​មក​ពី​បង្ហាញ​វប្បធម៌​ និង​ប្រពៃណី​ខ្មែរ​ទៅកាន់​សិស្ស​នៅ​អាមេរិក​

សិស្ស​សា​លា​វ៉េស្ទឡា​ញន៍​ចំនួន​ 8រូប​បាន​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក​វិញ​ហើយ​បន្ទាប់ពី​បាន​ចំណាយ​ពេលវេលា​ប្រមាណ​ 3សប្តាហ៍​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​រវាង​សាលារៀន​ និង​សាលា​រៀន​ (International​ School​ to​ School​ Experience​) នៅ​សហ​ដ្ឋ​អាមេរិក​។

សិស្ស​ឈ្មោះ​ ផាន​ សុមនា​ ដែល​ទើបនឹង​ត្រឡប់​មក​ពី​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​នៅ​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ថា​ ប្អូន​ទទួល​បាន​បទ​ពិ​សោ​ធថ្មី​ៗគួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​នៅ​លើទឹក​ដី​នៃ​រដ្ឋ​ Colorado​ បន្ទាប់ពី​បាន​រស់នៅ​ និង​ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី​ រួម​ទាំង​របៀប​នៃ​ការរស់នៅ​ជាមួយ​គ្រួសារ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ផ្ទាល់​។ ក្រៅពី​នេះ​ ប្អូន​ក៏​បាន​សិក្សា​ស្វែងយល់​ពី​ចំណុច​ពិ​សេស​ៗជាច្រើន​បន្ថែម​ទៀត​សម្រាប់​ការរស់នៅ​ទីនោះ​ ដូចជា​អាហារ​ អាកាសធាតុ​ និង​ការ​ប្រាស្រ័យ​ទំនាក់ទំនង​ជាដើម​ ដែល​អាច​ធ្វើ​ឱ្យ​ប្អូន​ស្គាល់​កាន់តែ​ច្បាស់​ ហើយ​អាច​ងាយ​សម្រប​ខ្លួន​បាន​ល្អ​ប្រសិនបើ​ប្អូន​បាន​ទៅ​សិក្សា​នៅ​ទី​នោះ​នា​ថ្ងៃ​អនាគត​។

យុវ​សិស្ស​ ផាន​ សុមនា​ បាន​និយាយ​ថា​៖ “ក្រៅ​ពី​ការ​ស្វែងយល់​ និង​សិក្សា​ពី​ការរស់នៅ​សហរដ្ឋអាមេរិក​ យើង​ទាំងអស់គ្នា​ក៏បាន​ឆ្លៀតយក​ឱកាសល្អ​នេះ​ដើម្បី​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ ទំនៀមទម្លាប់​ និង​អ្វី​ដែល​ជា​អត្តសញ្ញាណ​ខ្មែរ​ជាច្រើន​ដល់​សិស្ស​នៅ​អាមេរិក​ផង​ដែរ​។ ពួកគេ​មាន​អារម្មណ៍​ថា​ រីករាយ​ ហើយ​ចង់​មក​កម្ពុជា​ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​ពី​ការរស់នៅ​ដ៏​ល្អ​ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​របស់​ប្រជាជន​ខ្មែរ​”។

អាណាព្យាបាល​សិស្ស​មួយ​រូប​ដែល​បាន​បញ្ចូន​កូន​ទៅ​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​នៅ​សហរដ្ឋអាមេរិក​ លោក​ ស សា​រ័ត្ន​ បាន​លើកឡើង​ថា​ លោក​មាន​អារម្មណ៍​រីករាយ​នៅពេល​ដែល​បានឃើញ​កូន​ត្រឡប់​មក​ពី​ផ្លាស់​ប្តូរ​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃនេះ​ដោយ​ទទួល​បាន​នូវ​បទ​ពិសោធ​ច្រើន​ ហើយ​ថែមទាំង​បាន​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​របស់​ខ្មែរយើង​ទៅកាន់​អាមេរិក​ថែមទៀត​ផង​។ លោក​យល់ថា​ ការ​បញ្ជូន​កូន​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​លើក​នេះ​ នឹង​ធ្វើកូន​របស់​គាត់​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ ព្រោះ​រាល់ពេល​ដែល​កូន​របស់​គាត់​ចេញទៅ​កម្មវិធី​នានា​នៅ​បរទេស​ ហើយ​ត្រឡប់មកវិញ​គេ​កាន់តែ​ខិតខំ​ប្រឹងប្រែង​ និង​មាន​សេចក្តី​ក្លាហាន​ខ្លាំង​ជាង​មុន​។ លើស​ពីនេះ​ទៅទៀត​ អ្វី​ដែល​ជា​ចំណុច​ល្អ​នោះ​គឺ​កូន​របស់​គាត់​នឹង​អាច​ស្វែងយល់​ ហើយ​សម្រប​ខ្លួន​បាន​ល្អ​ប្រសិនបើ​ថ្ងៃក្រោយ​គាត់​មានឱកាស​ទៅ​សិក្សា​នៅ​បរទេស​ ព្រោះ​គាត់​បាន​ស្គាល់​ និង​ដឹងពី​ស្ថានភាព​ជាក់ស្តែង​តាំងពី​គាត់​នៅក្មេង​មក​ម៉្លេះ​។

លោកស្រី​ អុី​ សោភា​ តំណាង​ឱ្យ​នាយក​-នាយិកា​នៃ​សាលា​រៀ​នវ៉េស្ទ​ឡា​ញន៍​ និង​ណត្ស​ឡា​ញន៍​ បាន​ថ្លែង​ថា​ ការ​ផ្លាស់​ប្តូរ​របស់​សិស្សានុសិស្ស​ទៅកាន់​សហរដ្ឋអាមេរិក​លើក​នេះ​ ជា​ចំណុច​ពិសេស​មួយ​ដែល​អាច​ធ្វើ​ឱ្យ​សិស្ស​អភិវឌ្ឍ​សមត្ថភាព​បាន​កាន់តែ​ប្រសើរ​ជាមួយនឹង​បទ​ពិសោធ​ជាក់ស្តែង​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាជន​នៅ​អាមេរិក​។

លោកស្រី​បាន​ថ្លែងអំណរគុណ​ដល់​អាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​សហការ​ល្អជា​មួយ​សាលា​ និង​ចូលរួម​ចំណែក​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការរៀបចំ​កម្ម​វី​ធី​ដ៏​មាន​សារៈសំខាន់​នេះ​ទទួល​បាន​ជោគជ័យ​នា​ថ្ងៃនេះ​។ លោកស្រី​លើកទឹកចិត្ត​ឱ្យ​អាណាព្យាបាល​ព្យាយាម​យកចិត្ត​ទុកដាក់​ និង​ផ្តល់​ឱកាស​ឱ្យ​កូន​កាន់​តែ​ច្រើន​ដើម្បី​ស្វែងយល់​ពី​ការអប់រំ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅក្នុង​ពិភពលោក​ ដែល​ជា​ចំណុច​ដ៏​សំខាន់​ក្នុង​ការ​ប្រែក្លាយ​ពួកគេ​ឱ្យ​ក្លាយជា​ធនធាន​មនុស្ស​ប្រកប​ដោយសក្តានុពល​នៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជាក់​ថា​ ការ​ទស្សនកិច្ច​សិក្សា​នេះ​ មិន​ត្រឹមតែ​ជា​ដំណើរ​កម្សាន្ត​ប៉ុណ្ណោះទេ​ តែ​សិស្សានុសិស្ស​ នឹង​ស្វែងយល់​ពី​ វប្បធម៌​ អរិយធម៌​ ទំនៀមទម្លាប់​ នៃ​ប្រជាជន​ក្នុង​តំបន់​នៃ​រដ្ឋ​ ខូ​លូ​រ៉ា​ដូ​ ( Colorado​ ) ជាពិសេស​ ប្អូន​ៗ នឹង​យល់ដឹង​ស៊ីជម្រៅ​ពី​ការរស់នៅ​ប្រចាំថ្ងៃ​ តាមរយៈ​ការ​ស្នាក់នៅ​ ជាមួយ​ក្រុម​គ្រួសារ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ផ្ទាល់​ ។ បន្ថែម​ពី​ចំ​នេះ​ដឹង​ទាំងនេះ​ ក្រុមហ៊ុន​វេស​ឡាញ​ បាន​សហការ​ជាមួយ​សាលា​ Angevine​ Middle​ School​ នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ប្អូន​ៗ អាច​ទទួល​បាន​បទ​ពិសោធ​ក្នុង​ការ​-សិក្សា​ថ្មី​ៗ ដើម្បី​មក​ចែករំលែក​ដល់​សិស្សានុសិស្ស​ដទៃទៀត​នៃ​សាលា​រៀ​នវ៉េស្ទ​ឡា​ញន៍​ សាលារៀន​ណត្ស​ឡា​ញន៍​ ដែល​ពុំ​ទាន់បាន​ចូលរួម​ផង​ដែរ​។ មួយ​វិញទៀត​ ដើម្បី​ជា​ការ​អបអរសាទរ​ ដល់​ប្អូន​ៗ ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​ និង​ក្លាហាន​ ក្នុង​ការប្រកួត​ ប្រជែង​វិញ្ញាសា​ រហូត​ទទួល​បាន​លទ្ធផល​ល្អ​ ។ ក្នុង​នោះ​ ក្រុមហ៊ុន​បាន​រៀបចំ​ក្នុង​ការ​ហ្វឹកហាត់​សិស្សានុសិស្ស​ឱ្យ​ចេះ​រៀន​រស់នៅ​ដោយ​ឯករាជ្យ​ភាព​ ការ​ចេះ​គោរព​ស្រលាញ់​អ្នកដទៃ​ ការ​ធ្វើការ​ជា​ក្រុម​ ការ​ហ្វឹកហាត់​ភាសាអង់គ្លេស​បែប​ប្រាស្រ័យ​ទាក់ទង​ និង​ចំណេះដឹង​ពី​វប្បធម៌​ខ្មែរ​ជាច្រើន​ទៀត​ ដើម្បី​ចែករំលែក​ដល់​សិស្សានុសិស្ស​នៅ​សហរដ្ឋអាមេរិក​៕

Advertisement