មនុស្ស​គ្រប់គ្នា​គួរ​គិត​ពី​បញ្ហា​ផ្លូវចិត្ត​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​

មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹង​ថា​ សុខភាព​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ តែ​នៅពេល​និយាយ​ពី​សុខភាព​ យើង​តែងតែ​នឹកដល់​សុខភាព​ផ្លូវកាយ​ និង​មិនសូវ​ជា​ចាប់អារម្មណ៍​ពី​សុខភាព​ផ្លូវចិត្ត​ប៉ុន្មាន​ឡើយ​។ កត្តា​ទាំងអស់​នេះ​ បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗ​មើល​រំលង​ពី​ធាតុ​ចូល​យ៉ាង​សំខាន់​មួយ​ដែល​ជាផ្នែក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​លើ​ការរស់នៅ​។

លោក​ អៀង​ សុធា​រ៉ា​ ប្រធាន​សមាគមពាណិជ្ជ​កម្ម​ និង​វិនិយោគ​កម្ពុជា​-ជប៉ុន​ បាន​លើកឡើង​ថា​ បញ្ហា​ផ្លូវចិត្ត​ជាផ្នែក​យ៉ាង​សំខាន់​សម្រាប់​ជីវិត​របស់​យើង​ម្នា​ក់ៗ​ ព្រោះ​ប្រសិនបើ​យើង​មិនបាន​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ល្អ​ទេ​នោះ​ យើង​នឹងអាច​មាន​បញ្ហា​ក្នុង​ការរស់នៅ​។ បញ្ហា​ជំងឺផ្លូវចិត្ត​អាច​ធ្វើ​ឱ្យ​យើង​ម្នា​ក់ៗ​ក្លាយជា​មនុស្ស​ឯកោ​ មាន​វិបត្តិ​ជាប់​ជាប្រចាំ​ មិន​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​ ឬរហូតដល់​មាន​អ្នកខ្លះ​សម្រេចចិត្ត​ធ្វើ​អត្ថ​ឃាត​ទៀតផង​។ លើស​ពីនេះ​ទៀត​ បញ្ហា​ផ្លូវចិត្ត​នេះ​ក៏អាច​ប៉ះពាល់​ផង​ដែរ​ដល់​អាជីវកម្ម​ ក៏ដូចជា​សេវាកម្ម​របស់​ម្ចាស់​អាជីវកម្ម​នានា​។ ប្រសិនបើ​នៅក្នុង​ស្ថាប័ន​មួយ​មាន​បុគ្គលិក​ដែល​ស្តែង​ចេញពី​បញ្ហា​ផ្លូវចិត្ត​ច្រើន​ ដូចជា​ទឹកមុខ​ក្រញូវ​ ខឹង​ច្រើន​ អារម្មណ៍​មិន​ស្ងប់​ ភ្លេចភ្លាំង​ច្រើន​ជាដើម​ ស្ថាប័ន​នោះ​នឹង​ប្រឈម​ទៅ​នឹង​ការបាត់បង់​អតិថិជន​ជាក់ជា​មិនខាន​។

លើស​ពីនេះ​ទៅទៀត​ ប្រសិនបើ​យើង​ជា​អ្នកដឹកនាំ​វិញ​ កាន់តែ​ត្រូវការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​ទៅទៀត​ ព្រោះ​កាលណា​អ្នកដឹកនាំ​មាន​វិបត្តិ​ផ្លូវចិត្ត​ ហើយ​សម្រេចចិត្ត​ខុស​ នោះ​អ្នក​នៅ​ក្រោម​បង្គាប់​ និង​ស្ថាប័ន​ទាំងមូល​ក៏​នឹង​មាន​បញ្ហា​ដែរ​។

លោក​ អៀង​ សុធា​រ៉ា​ បាន​មានប្រសាសន៍​ថា​៖ “យើង​គ្រប់គ្នា​តែងតែ​ពិនិត្យ​សុខភាព​ផ្លូវកាយ​ជា​រៀងរាល់​ឆ្នាំ​ តែ​មិនដែល​បាន​ពិនិត្យ​សុខភាព​ផ្លូវចិត្ត​នោះ​ទេ​។ ហើយ​ជាក់ស្ដែង​ចំពោះ​កុមារ​វិញ​ យើង​ឃើញ​ថា​ គ្រាន់តែ​ពួកគេ​កើតមក​ភ្លាម​ អាណាព្យាបាល​បាន​យក​គេ​ទៅ​ចាក់​វ៉ាក់សាំង​ភ្លាម​ ដើម្បី​ការពារ​ជំងឺ​ផ្លូវកាយ​ តែ​យើង​មិនដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្លូវចិត្ត​ទេ​។ ហេតុនេះ​ហើយ​ទើប​យើង​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត​ជាច្រើន​”។

សហគ្រិន​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ការ​យកចិត្ត​ទុកដាក់​ពី​បញ្ហា​ផ្លូវចិត្ត​ អាច​នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​ ព្រោះ​វា​អាច​ជួយ​ឱ្យ​យើង​បានការ​ពារ​ និង​កាត់បន្ថយ​នូវ​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​ការរស់នៅ​ ឬធ្វើ​ឱ្យ​យើង​ក្លាយជា​មនុស្សម្នាក់​ដែល​មនុស្ស​គ្រប់គ្នា​ចង់​រាប់រក​ និង​នាំ​មក​នូវ​ផលប្រយោជន៍​ច្រើន​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន​។ កាលណា​ យើង​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​ ការ​និយាយ​ស្តី​ ឬសកម្មភាព​របស់​យើង​នឹង​នាំមក​នូវ​ភាព​វិជ្ជមាន​ ដែល​ជា​ឥទ្ធិពល​វិជ្ជមាន​នាំមក​នូវ​សេចក្តី​សុខ​សម្រាប់​ខ្លួនឯង​ មនុស្ស​ជុំវិញ​ខ្លួន​ និង​សង្គម​របស់​យើង​ទាំងអស់គ្នា​។

បញ្ហា​ជំងឺផ្លូវចិត្ត​ ឬភាព​តានតឹង​ផ្នែក​អារម្មណ៍​នេះ​ជា​បញ្ហា​សកល​ដែល​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ ព្រោះ​វា​ធ្វើ​ឱ្យ​មនុស្ស​សម្លាប់​ខ្លួន​ជាច្រើន​ជា​រៀងរាល់​ឆ្នាំ​។ មាន​ប្រទេស​ខ្លះ​បាន​ចាប់ផ្តើម​បង្កើត​ស្ថាប័នជាតិ​ដើម្បី​គាំពារ​ និង​ទប់ស្កាត់​នូវ​បញ្ហា​ផ្លូវចិត្ត​នេះ​ ខណៈ​ប្រទេស​មួយចំនួន​ផ្សេងទៀត​បាន​បញ្ចូល​ការអប់រំ​ចិត្តសាស្ត្រ​នានា​ដើម្បី​ពង្រឹង​សុខភាព​ផ្លូវចិត្ត​ទៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ ដូចជា​ការ​ដាក់បញ្ចូល​កម្មវិធី​ធ្វើស​មា​ធិ​ និង​កម្មវិធី​ប្រឹក្សា​យោបល់​ផ្លូវចិត្ត​ជាដើម​នៅក្នុង​សាលារៀន​។

លោក​វេជ្ជបណ្ឌិត​ យឹម​ សុ​បុត្រា​ ឯកទេស​ខាង​វិកល​វិទ្យា​ នាយក​ផ្នែក​ជំងឺផ្លូវចិត្ត​ និង​ការបំពាន​គ្រឿងញៀន​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ ​;បាន​លើក​ឡើង​ថា​ បញ្ហា​ផ្លូវចិត្ត​ជា​បញ្ហា​ដ៏​លំបាក​មួយ​សម្រាប់​ប្រជាជនទូទៅ​ ព្រោះ​ជំងឺ​នេះ​មិនមែន​ជា​ជំងឺ​ដែល​ងាយ​មើល​ ឬព្យាបាល​ប៉ុន្មាន​នោះ​ទេ​។ ជាក់ស្តែង​ប្រសិនបើ​យើង​មាន​ជំងឺ​ផ្នែក​ផ្លូវកាយ​ យើង​អាច​អេកូ​មើលឃើញ​ ហើយ​ដោះស្រាយ​វា​បាន​ភ្លាម​។ ប្រសិន​យើង​មាន​ជំងឺរាក​រូស​ យើង​អាច​ព្យាបាល​វា​បាន​ភ្លាម​ ប្រសិនបើ​យើង​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​ ក៏​ពេទ្យ​អាច​វះកាត់​យកចេញ​បា​នភ្លាមៗ​ដែរ​ តែ​ប្រសិនបើ​យើង​មាន​ជំងឺផ្លូវចិត្ត​វិញ​ មកទល់​បច្ចុប្បន្ន​នេះ​ គ្មាន​ម៉ាស៊ីន​ណា​អាច​អេកូ​ ឬពិនិត្យមើល​ឃើញ​នោះ​ទេ​។

ហេតុនេះ​វា​ទាមទារ​ឱ្យ​មានការ​សង្កេត​ តាមដាន​ និង​វាយតម្លៃ​ដោយ​យកចិត្ត​ទុកដាក់​ ដើម្បី​ដោះស្រាយ​ឱ្យ​បាន​ល្អ​ ព្រោះ​វា​កើតឡើង​ពីក​ត្តា​សង្គម​ និង​កត្តា​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​។

លោក​វេជ្ជបណ្ឌិត​ យឹម​ សុ​បុត្រា​ បាន​និយាយ​ថា​៖ “បញ្ហា​ផ្លូវចិត្ត​នេះ​អាច​កើតមាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ ព្រោះ​វា​កើតឡើង​ដោយសារ​សម្ពាធ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ ហើយ​វា​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ព្យាបាល​ដើម្បី​កុំឱ្យ​វា​រាលដាល​ទៅជា​បញ្ហា​ផ្សេង​ៗទៀត​”។

អ្នកជំនាញ​ផ្នែក​ជំងឺផ្លូវចិត្ត​ខាងលើ​បាន​លើក​ឡើង​ផង​ដែរ​ថា​ បញ្ហា​ផ្លូវចិត្ត​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ស្មារតី​របស់​យើង​មាន​បញ្ហា​ប៉ុណ្ណោះទេ​ តែ​វា​ថែមទាំង​បង្កើត​បញ្ហា​ដល់​ផ្នែក​ផ្លូវកាយ​ទៀតផង​។ មាន​អ្នកជំងឺ​ខ្លះ​គាត់​មាន​បញ្ហា​ឈឺក្រពះ​មិន​បាត់​ ឬមាន​បញ្ហា​នានា​ផ្សេង​ៗទៀត​ ហើយ​ព្យាបាល​មិនជា​ ដែល​កត្តា​នេះ​អាច​បណ្តាល​មក​ពី​បញ្ហា​ផ្លូវចិត្ត​។ ជំងឺ​ដែល​កើតឡើង​ដោយ​បញ្ហា​ផ្លូវចិត្ត​ ត្រូវការ​ដោះស្រាយ​ដោយ​វិធី​សាស្រ្ត​ផ្លូវចិត្ត​ បើមិនដូច្នោះទេ​ ទោះ​ដាក់ថ្នាំ​យ៉ាងណា​ក៏​មិន​បាត់​ដែរ​។ ហេតុនេះ​ប្រជាជន​គ្រប់គ្នា​គួរ​យកចិត្ត​ទុកដាក់​ និង​ព្យាយាម​រក្សា​ឱ្យ​បាន​នូវ​សុខភាព​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ​ ដើម្បី​ចៀសវាង​បញ្ហា​នានា​ដែល​កើតឡើង​ ហើយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​៕

Advertisement