ពិភពលោក​ចាប់ផ្តើម​ភ្ជាប់​ក្មេង​ៗទៅ​នឹង​ធម្មជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​សម័យថ្មី​នេះ​

នៅក្នុង​ពិភពលោក​នា​សម័យ​បច្ចេកវិទ្យា​នេះ​ ប្រទេស​ធំៗ​ដែល​ចាប់ផ្តើម​បង្កើត​ឡើង​នូវ​បច្ចេកវិទ្យា​ទំនើប​ ដោយ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ក្មេង​ៗពី​ការ​នៅ​ជិត​បច្ចេកវិទ្យា​ ទៅ​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយនឹង​ធម្មជាតិ​ ខណៈ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ហាក់​កំពុង​បណ្តែតបណ្តោយ​ឱ្យ​កុមា​រតូចៗ​នៅជា​មួយ​បច្ចេកវិទ្យា​កាន់តែ​ច្រើនឡើង​។

ចរន្ត​នៃ​ការ​បណ្តែតបណ្តោយ​ឱ្យ​កុមារ​នៅជា​មួយ​នឹង​បច្ចេកវិទ្យា​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ វា​បាន​ផ្តល់​ផល​ប៉ះពាល់​ជាច្រើន​ដល់​សុខភាព​ទាំង​សុខភាព​ផ្លូវកាយ​ និង​សុខភាព​ផ្លូវចិត្ត​ ហើយ​វា​ក៏​បង្ក​ជា​គ្រោះថ្នាក់​យូរអង្វែង​ផង​ដែរ​សម្រាប់​អនាគត​របស់​កុមារ​។ ធនធានមនុស្ស​ដែល​ជក់​ខ្លាំងពេក​ជាមួយនឹង​បច្ចេកវិទ្យា​ នឹង​ត្រូវ​រស់នៅ​ក្នុង​ផ្នត់គំនិត​ដែល​មិនសូវ​ខ្វាយខ្វល់​ពី​ធម្មជាតិ​ ហើយ​សកម្មភាព​នៃ​ការរស់នៅ​របស់​ពួកគេ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ឡើង​ៗដល់​ពិភពលោក​នា​ពេល​អនាគត​។

ម្យ៉ាងវិញទៀត​ នៅពេល​ដែល​មនុស្ស​ទូទៅ​កាន់តែ​ច្រើនឡើង​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​ពី​ការ​ញៀន​ជា​មួយ​នឹង​ម៉ាស៊ីន​បាន​ ខណៈ​ពេល​ដែល​ម៉ាស៊ីន​កាន់តែ​ឆ្លាត​វៃ​ទៅៗ​ជា​រៀងរាល់ថ្ងៃ​នោះ​ ពួកគេ​អាច​នឹង​ប្រឈម​ជាមួយ​បញ្ហា​ម៉ាស៊ីន​គ្រប់គ្រង​មនុស្ស​នៅ​ថ្ងៃ​អនាគត​។

ហេតុនេះ​ហើយ​ ទើប​នៅ​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ ជា​ពិសេស​ប្រទេស​ដែល​មានការ​រីកចម្រើន​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​ ដូចជា​អង់គ្លេស​ អាមេរិក​ និង​ប្រទេស​មួយចំនួន​ទៀត​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ក្នុង​ការ​ទាញ​កុមារ​ឱ្យ​ចេញ​ឆ្ងាយ​ពី​បច្ចេកវិទ្យា​ ដោយ​ការ​បង្វែង​ចំណាប់​អារម្មណ៍​មករ​កបរិស្ថាន​វិញ​ម្ដង​។

ថ្មី​ៗនេះ​ចក្រភព​អង់គ្លេស​ដែល​ជា​ប្រទេស​មាន​ភាព​ល្បីល្បាញ​ផ្នែក​អប់រំ​លើ​ពិភពលោក​បាន​ណែនាំ​ឱ្យ​អាណាព្យាបាល​កុមារ​គ្រប់រូប​សាកល្បង​ជំរុញ​ឱ្យ​កុមារ​លេងកម្សាន្ត​ 1យប់​នៅ​ក្រោម​ពន្លឺ​ផ្កាយ​ និង​ប្រើប្រាស់​ភ្លើង​ធម្មជាតិ​ដើម្បី​ឱ្យ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ល្អជា​មួយ​ធម្មជាតិ​។ ការ​ធ្វើបែប​នេះ​ ត្រូវ​បាន​ស្ថាប័ន​ Landscapes​ Review​ បញ្ជាក់​ថា​ វា​ជា​វិធីសាស្ត្រ​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​ក្មេង​ៗជាមួយនឹង​ផែនដី​ ឬជាមួយនឹង​ធម្មជាតិ​។ នៅពេល​នោះ​ ក្មេង​ៗនឹង​ស្គាល់​ភាព​រីករាយ​ជាមួយនឹង​ជីវិត​បែប​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ ជាមួយនឹង​ខ្យល់​ត្រជាក់​ និង​ភាព​ស្និទ្ធស្នាល​។ ចាប់ពី​ពេលនោះ​ ពួកគេ​នឹងអាច​ផ្លាស់​ប្តូរ​គំនិត​ពី​ការរស់នៅ​ក្នុង​ជីវិត​បែប​បច្ចេកវិទ្យា​ ឬជីវិត​ស្រមើស្រមៃ​ (virtual​ life​) ទៅ​ស្រឡាញ់​សកម្មភាព​ជាក់ស្តែង​នៃ​ការរស់នៅ​ ដូចជា​ចូលរួម​ចំណែក​រក្សា​ភាព​បៃតង​នៃ​ធម្មជាតិ​ ឬការ​មើលថែ​ទាំ​បរិស្ថាន​ជុំវិញ​ខ្លួន​ជាដើម​។ អាណាព្យាបាល​អាច​នឹង​លែង​បារម្ភ​ថា​ មាន​វាលស្មៅ​ ឬមាន​សួនច្បារ​ តែ​ខ្វះ​អ្នក​រត់​លេង​ទៀតហើយ​ ព្រោះ​ក្មេង​នឹង​ចាប់ផ្តើម​បង្វែរ​ភាព​រីករាយ​ក្នុង​ជីវិត​របស់​ពួកគេ​ជាមួយ​ធម្មជាតិ​ដូច​កាលពី​អតីតកាល​វិញ​។

អាណាព្យាបាល​ ក៏អាច​សាកល្បង​ណែនាំ​ដល់​កូន​នូវ​ដំណើរ​កម្សាន្ត​បែប​ធម្មជាតិ​ ដូចជា​ការ​បោះតង់​នៅក្នុង​ឧទ្យាន​កម្សាន្ត​ ឬនាំ​ពួកគេ​ឱ្យ​មើលឃើញ​ពី​ភាព​អស្ចារ្យ​ដ៏​ជក់ចិត្ត​នៃ​ជីវិត​ក្នុង​ធម្មជាតិ​ ដើម្បី​ឱ្យ​ពួក​គេ​មានការ​ងឿងឆ្ងល់​ ហើយ​ចាប់ផ្តើម​រវល់​ជាមួយនឹង​ការស្វែងរក​ចម្លើយ​ពី​ធម្មជាតិ​ ច្រើនជាង​ការ​លេង​ឧបករណ៍​អេឡិចត្រូនិក​។ ការ​ធ្វើបែប​នេះ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ វា​អាច​នឹង​ទទួលផល​វិជ្ជមាន​ផង​ដែរ​សម្រាប់​ថ្ងៃ​អនាគត​ ព្រោះ​ក្មេង​ៗទាំងអស់​នេះ​អាច​នឹង​មានចិត្ត​ស្រឡាញ់​បរិស្ថាន​ដោយ​ស្វ័យប្រវត្តិ​នៅ​ថ្ងៃ​អនាគត​។ រាល់​ការ​ធ្វើអាជីវកម្ម​ ឬការរស់នៅ​ ពួកគេ​នឹង​ចាប់ផ្តើម​គិតគូរ​ពី​បរិស្ថាន​ ដើម្បី​រក្សា​និរន្តរភាព​នៃ​ភាព​ស្រស់បំព្រង​ដែល​ពួកគេ​ជួប​តាំងពី​តូច​រហូត​ដល់​ធំ​។

ស្ថាប័ន​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ នៅក្នុង​សម័យ​ឌីជីថល​នេះ​ មនុស្ស​នឹង​នៅជា​មួយ​ធម្មជាតិ​កាន់តែ​តិច​ទៅៗ​ ព្រោះ​ពួកគេ​បាន​ឃុំខ្លួន​ឯង​នៅក្នុង​ចង្កោម​អគារ​ និង​បន្ទប់​ 4ជ្រុង​ដែល​មាន​អេក្រង់​សម្រាប់​បង្កើត​ភាព​រីករាយ​ និង​ធ្វើ​អ្វី​ៗគ្រប់យ៉ាង​រហូត​ធ្វើ​ឱ្យ​ពួកគេ​ភ្លេច​គិត​ពី​រូបភាព​ពិតប្រាកដ​នៃ​ធម្មជាតិ​។

ហេតុនេះ​ហើយ​ទើប​នៅ​អង់គ្លេស​ គេ​បាន​បង្កើត​ជា​សួន​ធម្មជាតិ​ជាច្រើន​ដើម្បី​ជំ​រុញ​ឱ្យុ​មនុស្ស​ជំនាន់​ក្រោយ​មានឱកាស​ស្គាល់​ និង​រស់នៅ​ជាមួយ​ធម្មជាតិ​បាន​កាន់តែ​ច្រើន​ដោយ​សុវត្ថិភាព​ខ្ពស់​។

ស្រប​ជាមួយគ្នា​នេះ​ដែរ​ អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញថា​ ការ​ចំណាយពេល​វេលា​ជាមួយ​ធម្មជាតិ​កាន់​ច្រើន​ នឹង​នាំ​ឱ្យ​កុមារ​ក្លាយជា​មនុស្ស​រីករាយ​ច្រើនជាង​មុន​ មាន​សុខភាព​កាន់តែ​ល្អ​ និង​មាន​ភាព​ច្នៃប្រឌិត​កាន់តែ​ខ្ពស់​ ព្រោះ​ពួកគេ​នឹង​មានជីវិត​ដ៏​រស់​រវើក​។ ហេតុនេះ​ហើយ​ទើប​ប្រទេស​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ ចាប់ផ្តើម​ជំរុញ​ឱ្យ​អាណាព្យាបាល​ណែនាំ​កុមារ​ឱ្យ​ត្រឡប់ទៅ​រក​ធម្មជាតិ​។

តាម​ការ​បញ្ជាក់​ពី​ស្ថាប័ន​ National​ Wildlife​ Federation​ បញ្ជាក់​ថា​ នៅ​សហរដ្ឋអាមេរិក​ គេ​បាន​បង្កើត​ឡើង​នូវ​កម្មវិធី​ ម៉ោង​បៃតង​ (Green​ Hour​) ដែល​កម្មវិធី​នេះ​ជំរុញ​ឱ្យ​កុមារ​ត្រូវ​ចេញទៅ​លេង​នៅ​ខាងក្រៅ​យ៉ាងហោចណាស់​ 1ម៉ោង​ក្នុង​ 1ថ្ងៃ​ ដើម្បី​ឱ្យ​កុមារ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយនឹង​ធម្មជាតិ​។

ខណៈ​ដែល​នៅ​ទីក្រុង​ហុងកុង​វិញ​ កុមារ​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ដាំ​ដើមឈើ​នៅ​ជិត​តំបន់​ដែលគេ​រស់នៅ​ ឬនៅ​ក្នុង​ផ្ទះ​ ហើយ​លើក​ទឹក​ចិត្ត​ឱ្យ​ពួកគេ​ចំណាយ​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែ​ទាំ​ ដើម្បី​ឱ្យ​ពួកគេ​យល់​កាន់តែ​ច្បាស់​ពី​តម្លៃ​នៃ​ខិតខំ​ប្រឹងប្រែង​រក្សា​បរិស្ថាន​៕

Advertisement