សិស្ស​អាមេរិក​មួយ​ក្រុម​មក​កម្ពុជា​ដើម្បី​ស្វែងយល់​ពី​ការរស់នៅ​ ​និង​វប្បធម៌​ខ្មែរ​

​សិស្សានុសិស្ស​មួយ​ក្រុម​បាន​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងយល់​ពី​ការរស់នៅ​ ​វប្បធម៌​ ​និង​ការអប់រំ​ ​នៅ​កម្ពុជា​តាមរយៈ​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​រវាង​សាលារៀន​ ​និង​សាលារៀន​ ​(​International​ ​School​ ​to​ ​School​ ​Experience​)​ ​ជាមួយនឹង​បណ្តាញ​សាលារៀន​របស់​វេស​ឡាញ​។​ ​

​ដំណើរ​មកកាន់​កម្ពុជា​របស់​ក្រុម​សិស្ស​អាមេរិក​មក​ពីរ​ដ្ឋ​ ​Colorado​ ​នេះ​ធ្វើឡើង​បន្ទាប់ពី​សិស្ស​នៃ​សាលារៀន​វេស​ឡា​ញន៍​ចំនួន​ ​8​ ​រូប​បាន​បំពេញ​ទស្សនកិច្ច​សិក្សា​ ​និង​ផ្លាស់​ប្តូរ​បទ​ពិសោធ​នៅ​សហរដ្ឋអាមេរិក​ចំនួន3សប្តាហ៍​។​ ​នៅក្នុង​កម្មវិធី​នេះ​ ​សិស្ស​អាមេរិក​ទាំងអស់​នឹង​មក​ស្នាក់នៅ​ក្នុង​ផ្ទះ​ជាមួយនឹង​ក្រុម​សិស្ស​ខ្មែរ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​ ​ដើម្បី​ស្វែងយល់​ពី​ការរស់នៅ​ ​របៀប​នៃ​ការរស់នៅ​ ​វប្បធម៌​ប្រពៃណី​ ​និង​ការអប់រំ​នៅក្នុង​គ្រួសារ​ខ្មែរ​។​ ​សកម្មភាព​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹង​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​រវាង​សិស្ស​ ​និង​អាណាព្យាបាល​ខ្មែរ​ ​ជាមួយនឹង​សិស្ស​ ​និង​អាណាព្យាបាល​នៅ​សហរដ្ឋអាមេរិក​ ​ហើយ​វា​ក៏​ជា​ឱកាសល្អ​ដែល​សិស្ស​ ​និង​អាណាព្យាបាល​ ​អាច​ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​ ​ម្ហូបអាហារ​ ​និង​អត្តសញ្ញាណ​ដ៏​ល្អ​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​កាន់តែ​ប្រសើរ​។​ ​

​លោក​ ​គង់​ ​សំនៀង​ ​ប្រធាន​នាយក​ប្រតិបត្តិ​ការ​នៃ​ក្រុមហ៊ុន​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​គោលបំណង​សំខាន់​នៃ​កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា​នេះ​ ​គឺ​ចង់​ពង្រឹង​ ​និង​បង្កើន​ទំនាក់ទំនង​កាន់តែ​ខ្លាំង​រវាង​សិស្ស​នៃ​បណ្តាញ​សាលារៀន​របស់​វេស​ឡាញ​ ​ជាមួយនឹង​សិស្ស​បរទេស​ ​ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​ស្វែងយល់​បាន​កាន់តែ​ច្បាស់​ពី​ការរស់នៅ​ក្នុង​ប្រទេស​លោកខាងលិច​។​ ​កម្មវិធី​នេះ​ ​មិនមែន​ជារ​លើក​ទី1នោះ​ទេ​ ​ដែល​ក្រុមហ៊ុន​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​សហការ​ជាមួយនឹង​ ​ISSE​ ​និង​សាលា​នានា​ជុំវិញ​ពិភពលោក​ក្នុង​ការ​បញ្ជូន​សិស្ស​ឱ្យ​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា​។​ ​

​លោក​ ​គង់​ ​សំនៀង​ ​បាន​និយាយ​ថា​៖​ ​”​នៅ​ឆ្នាំមុន​ ​យើង​បាន​បញ្ជូន​សិស្សរបស់​យើង​ទៅកាន់​ប្រទេស​អូស្ត្រាលី​ ​និង​ទៅកាន់​ប្រទេស​មួយចំនួន​ផ្សេងទៀត​ ​ហើយ​យើង​នឹង​បន្ត​កម្មវិធី​ដ៏​ល្អ​បែបនេះ​ជាបន្តបន្ទាប់​ទៀត​ដើម្បី​ឱ្យ​សិស្ស​មានឱកាស​កាន់តែ​ច្រើន​ដើម្បី​ស្វែងរក​អ្វី​ថ្មី​ៗ​នៅក្នុង​ពិភពលោក​ ​ផ្លាស់​ប្តូរ​វិធី​សិក្សា​ ​ជំរុញ​ទំនួល​ខុសត្រូវ​ ​រៀន​រស់នៅ​ជា​ក្រុម​ ​រៀបចំខ្លួន​ឱ្យ​បាន​ល្អ​សម្រាប់​អនាគត​ ​និង​រៀន​ដឹកនាំ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ពឹងពាក់​លើ​អាណាព្យាបាល​ច្រើនពេក​”។​ ​

​លោក​ ​គង់​ ​សំនៀង​ ​បាន​លើកឡើង​ថា​ក្នុងនាម​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​ ​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​សាលារៀន​ ​Angevine​ ​និង​គ្រូ​ដែល​បាន​សហការ​ល្អ​ក្នុង​ការ​សហការ​ផ្តល់​ឱកាស​សម្រាប់​សិស្សរបស់​វេស​ឡាញ​ទៅកាន់​សហរដ្ឋអាមេរិក​រយៈពេល3សប្តាហ៍​ ​និង​អរគុណ​ដល់​អាណាព្យាបាល​ ​ក៏ដូចជា​ក្រុមការងារ​របស់​កម្មវិធី​ទាំងមូល​ដែល​បាន​សហការ​ល្អ​ធ្វើ​កម្មវិធី​នេះ​អាច​រៀបចំ​ទៅ​បាន​ដោយ​រលូន​ ​ដែល​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សិស្សានុសិស្ស​៕​ ​

Advertisement