លោក​ ​នឹម​ ​ឈុ​ន្នី​ ​រត់​ពី​ភ្នំពេញ​ដល់​សៀមរាប​ ​ដើម្បី​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​

​គ្រូបង្រៀន​ខាង​សមាធិ​ ​និង​ជា​អ្នកនិពន្ធ​ ​លោក​ ​នឹម​ ​ឈុ​ន្នី​ ​បាន​បង្កើត​ព្រឹត្តិ​ការណ៍​មួយ​ជាលើកដំបូង​បំផុត​សម្រាប់​ជីវិត​ ​នោះ​គឺ​ការ​រត់​ចម្ងាយ​ជាង​ ​300គីឡូម៉ែត្រ​ ​ពី​ភ្នំពេញ​ទៅ​សៀមរាប​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​ជា​មន្ទីរពេទ្យ​ដែល​ជួយសង្គ្រោះ​កុមារ​កម្ពុជា​ជាច្រើន​នាក់​ជា​រៀងរាល់ថ្ងៃ​ដោយ​ឥតគិតថ្លៃ​។​

​លោក​ ​នឹម​ ​ឈុ​ន្នី​ ​បាន​លើកឡើង​ថា​ ​សកម្មភាព​រៃអង្គាស​ប្រាក់​នេះ​មានឈ្មោះ​ថា​ ​Running​ ​for​ ​Children’s​ ​Lives​ ​Cambodia​ ​2019​ ​ធ្វើឡើង​ដើម្បី​ជា​ព្រឹត្តិ​ការណ៍​សម្រាប់​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ក្នុង​គោលបំណង​ប្រមូល​ថវិកា​ឱ្យ​បាន​ ​10ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​នៅ​ខេត្តសៀមរាប​។​ ​សកម្មភាព​រត់​នេះ​ ​គឺ​នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃទី15​ ​ខែធ្នូ​ ​ឆ្នាំ2019ខាងមុខនេះ​ ​ដោយ​លោក​នឹង​ចេញដំណើរ​ពី​រង្វង់​មូល​នាង​មច្ឆា​ ​សង្កាត់​ព្រែកលៀប​ ​ក្រុងភ្នំពេញ​ ​រហូតដល់​ក្រុង​សៀមរាប​ ​តាមផ្លូវ​ជាតិ​លេខ6​ ​និង​ផ្លូវជាតិ​លេខ7​ ​ដោយ​ចំណាយ​រយៈពេល​ ​10ថ្ងៃ​ ​លើ​ចម្ងាយផ្លូវ​ប្រមាណ​ ​314គីឡូម៉ែត្រ​។​

​លោក​ ​នឹម​ ​ឈុ​ន្នី​ ​បាន​និយាយ​ថា​៖​ ​«​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សម្រេចចិត្ត​ធ្វើសកម្មភាព​នេះ​ ​ដោយសារតែ​ខ្ញុំ​យល់ថា​ ​ការ​ធ្វើសកម្មភាព​មនុស្សធម៌​ ​គឺ​អាច​ធ្វើ​បាន​សម្រាប់​យើង​គ្រប់​ៗ​គ្នា​ ​ហើយ​មិន​ចាំបាច់​មាន​ធនធាន​ច្រើន​ក៏អាច​ធ្វើ​បាន​ដែរ​ ​គ្រាន់តែ​ត្រូវការ​ការ​តាំងចិត្ត​ ​និង​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​ធ្វើ​វា​ប៉ុណ្ណោះ​»​។​

​លោក​បន្ត​ថា​ ​ការ​រត់​លើ​ចម្ងាយផ្លូវ​ជាង​ ​300គីឡូម៉ែត្រ​នេះ​ ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​វា​ត្រូវការ​ពេលវេលា​ជាច្រើន​មុន​ពេល​ចេញដំណើរ​ ​ដើម្បី​ហាត់​សម​ឱ្យ​រាងកាយ​ស៊ាំ​ជាមួយនឹង​ស្ថានភាព​លំបាក​ ​ហាលថ្ងៃ​ ​ហាលភ្លៀង​ជាមុន​សិន​។​ ​តែ​ទោះជា​យ៉ាងនេះ​ក្តី​ ​ប្រសិនបើ​យើង​មានការ​តាំងចិត្ត​ថា​ ​យើង​នឹង​ធ្វើ​ឱ្យ​បាន​ ​ដើម្បី​សកម្មភាព​ណាមួយ​ ​ជាពិសេស​សកម្មភាព​មនុស្សធម៌​ ​ដើម្បី​ជួយ​ជីវិត​កុមារ​ ​គឺ​យើង​ពិតជា​អាច​ធ្វើ​បាន​។​ ​ចំណុច​នេះ​ជា​សារ​មួយ​ដើម្បី​បង្ហាញ​ដល់​សាធារណជន​ផង​ដែរ​ថា​ ​លោកអ្នក​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​មនុស្ស​បាន​គ្រប់​ៗ​គ្នា​ ​គ្រប់​ស្ថានភាព​ ​និង​គ្រប់​កាលៈទេសៈ​។​ ​មិន​ចាំបាច់​ចាំ​ដល់​មាន​លុយ​ច្រើន​ ​ទើប​ចាប់ផ្តើម​ចែករំលែក​នោះ​ទេ​ ​យើង​អាច​ចែករំលែក​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​។​ ​ប្រសិនបើ​យើង​មាន​កម្លាំង​ ​មាន​ថាមពល​យើង​អាចប​ង្កើត​ព្រឹត្តិ​ការណ៍​ណាមួយ​ដើម្បី​ជួយ​ដល់​សកម្មភាព​មនុស្សធម៌​ ​តែ​ប្រសិនបើ​យើង​មិន​ចង់​ធ្វើ​រឿង​ទាំងអស់​នោះ​ទេ​ ​ក៏​យើង​អាច​ចូលរួម​ចំណែក​តាមរយៈ​ការ​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ក្នុង​កម្រិត​សមរម្យ​ណាមួយ​បាន​ដែរ​។​

​លោ​ក​ឈុ​ន្នី​ ​បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​បង្កើត​គំនិត​នេះ​ឡើង​ផង​ដែរ​ថា​៖​ ​«​កន្លងមក​ក្មួយស្រី​ខ្ញុំ​ក៏​ធ្លាប់​មាន​ជំងឺ​ ​និង​ទទួល​បានការ​មើលថែ​ទាំ​យ៉ាង​យកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែរ​។​ ​នៅ​ទីនោះ​មានការ​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការ​ព្យាបាល​រហូត​ជាសះស្បើយ​ដោយ​ឥតគិតថ្លៃ​ទាំងអស់​។​ ​ចំណុច​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មើលឃើញ​ថា​ ​មន្ទីរពេទ្យ​នេះ​ជា​មន្ទីរពេទ្យ​ប្រកបដោយ​មេត្តាករុណា​ធម៌​ ​និង​មាន​បេសកកម្ម​ដ៏​ល្អ​បំផុត​ក្នុង​ការ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​»​។​

​បន្ថែម​ពីលើ​នេះ​ ​លោក​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ​សកម្មភាព​នៃ​ការ​រត់​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ​ ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​សាធារណជន​គ្រប់រូប​ ​ព្រោះ​កន្លងមក​លោក​ជឿ​ថា​ ​មាន​មនុស្សជា​ច្រើន​ចង់​ជួយ​ដល់​មន្ទីរពេទ្យ​មនុស្សធម៌​ដ៏​ធំ​មួយ​នេះ​ ​តែ​មិន​ហ៊ាន​បរិច្ចាគ​ថវិកា​ក្នុង​កម្រិត​តិច​តូច​ដោយ​ផ្ទាល់​។​ ​ហេតុនេះ​យុទ្ធនាការ​លើក​នេះ​ ​លោកអ្នក​អាច​បរិច្ចាគ​ថវិកា​ដោយ​ពេញចិត្ត​ ​មិនបាច់​ខ្វល់​ពី​ចំនួន​ច្រើន​ ​ឬ​តិច​នោះ​ឡើយ​។​ ​ទោះបីជា​ក្នុង​កម្រិត​តិចតួច​ប៉ុនណា​ក៏អាច​ចូលរួម​បាន​ដែរ​ ​ហើយ​ការចូលរួម​ចំណែក​ជួយ​លើក​នេះ​ ​គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​ជាច្រើន​នាក់​នៅ​កម្ពុជា​។​

ដើម្បី​ទំនាក់ទំនង​ចូលរួម​បរិច្ចាគ​ ​សាធារណជន​អាច​ផ្ញើ​ប្រាក់​ដោយ​ផ្ទាល់​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​តាមរយៈ​គណនី​ធនាគារ​ ​ABA​ ​Bank​ ​(​000853843​)​ ​ឬ​តាមរយៈ​គណនី​របស់​ ​Wing​ ​លេខ​ ​9122សម្រាប់​ប្រាក់​រៀល​ ​និង​លេខ​ ​8122សម្រាប់​ប្រាក់​ដុល្លារ​។​ ​ជម្រើស​ម្យ៉ាងទៀត​ដើម្បី​បរិច្ចាគ​ ​លោកអ្នក​ក៏អាច​ចូល​ទៅ​គេហទំព័រ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​ផ្ទាល់​ក៏បាន​តាមរយៈ​ការ​តភ្ជាប់​ទៅ​៖​ ​https​:​/​/​www.simplygiving.com​/​running​-​for​-​children​-​lives​-​cambodia​-​2019​ ​៕​

Advertisement