ចង់​ជោគជ័យ​ក្នុង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ លុះត្រាតែ​បង្ហាញ​ឱ្យ​ពួកគាត់​ឃើញ​លទ្ធផលជាក់​ស្តែង​

ថ្វី​ដ្បិតតែ​គ្រប់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា​ សមត្ថភាព​របស់​បុគ្គលិក​ក្នុង​ការ​ធ្វើការងារ​ គឺជា​រឿង​សំខាន់​សម្រាប់​ក្រុមហ៊ុន​ តែ​ការ​បណ្តុះបណ្តាល​បុគ្គលិក​រឹតតែ​មិនមែន​ជា​រឿង​ងាយស្រួល​ទៅទៀត​។ បុគ្គលិក​ទាំងអស់​មិន​ប្រាកដ​ថា​សុទ្ធតែ​ចង់​ទទួល​បានការ​បណ្តុះបណ្តាល​នោះ​ទេ​ ហើយ​គ្រប់​ការ​បណ្តុះបណ្តាល​ក៏​មិន​សុទ្ធតែ​ទទួល​បានការ​ចាប់អារម្មណ៍​ទាំងអស់​ដែរ​។

លោក​បណ្ឌិត​ គា​ បូរ៉ា​ អ្នកជំនាញ​គណនេយ្យ​ និង​ទីផ្សារ​ បាន​លើកឡើង​ថា​ បញ្ហា​ដែល​ធ្វើ​ឱ្យ​បុគ្គលិក​មិន​ចង់​ទទួលយក​ការ​បណ្តុះបណ្តាល​ ភាគ​ច្រើន​បណ្តាល​មក​ពី​ពួកគេ​មិនបាន​ឃើញ​ពី​លទ្ធផល​ ឬមើល​មិនដឹង​ពី​ផលប្រយោជន៍​សំខាន់​នៃ​ការ​បណ្តុះបណ្តាល​នោះ​ចំពោះ​ការងារ​។ ដើម្បី​ទាក់ទាញ​ឱ្យ​បុគ្គលិក​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ ឬចូលរួម​វគ្គ​បណ្តុះបណ្តាល​ ស្ថាប័ន​មួយចំនួន​គេ​បង្កើត​កម្មវិធី​លើកទឹកចិត្ត​បុគ្គលិក​ដោយ​ឧបត្ថម្ភ​ប្រាក់​លើកទឹកចិត្ត​បន្ថែម​តាម​សមត្ថភាព​ការងារ​ជាក់ស្តែង​ (KPI​-Key​ Performance​ Indicator​)។

ដើម្បី​ទទួល​បានការ​ឧបត្ថម្ភ​បន្ថែម​ច្រើន​ ឬដើម្បី​ទទួល​បាន​ពិន្ទុ​ KPI​ ខ្ពស់​ បុគ្គលិក​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​នានា​ដែល​កំណត់​ដោយ​ផ្នែក​ធនធានមនុស្ស​។ ហេតុ​នេះ​ប្រសិនបើ​បុគ្គលិក​ណា​ម្នាក់​មិន​ទទួលយក​ការ​បណ្តុះបណ្តាល​ ឬមិន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ គាត់​នឹង​មិន​អាច​បំពេញ​លក្ខខណ្ឌ​របស់​ស្ថាប័ន​នោះ​បានទេ​ ដែល​ធ្វើ​ឱ្យ​ការ​លើកទឹកចិត្ត​របស់​គាត់​ក៏​មាន​កម្រិត​ទៅតាម​នោះ​ដែរ​។

លោក​បណ្ឌិត​ គា​ បូរ៉ា​ បាន​និយាយ​ថា​៖ “កាលណា​យើង​បង្ហាញ​ឱ្យ​បុគ្គលិក​ឃើញច្បាស់​លាស់​ពី​លទ្ធផល​ចុងក្រោយ​នៃ​ការ​បណ្តុះបណ្តាល​ នោះ​បុគ្គលិក​នឹង​មាន​កម្លាំង​ជំរុញ​ខ្លាំង​ ព្រោះ​គាត់​ដឹង​ច្បាស់​ថា​ ក្រោយ​បំពេញ​គ្រប់​លក្ខខណ្ឌ​នៃ​ការ​បណ្តុះបណ្តាល​ ហើយ​អភិវឌ្ឍ​ការងារ​បាន​ល្អ​ គាត់​នឹង​ទទួល​បាន​ទាំង​សមត្ថភាព​ការងារ​ខ្ពស់​ និង​ការ​លើកទឹកចិត្ត​ពី​ស្ថាប័ន​ជាដើម​”។

អ្នកជំនាញ​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ចំណុច​នេះ​អាច​ជា​ចំណុច​ល្អ​មួយ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​ខ្លាំង​សម្រាប់​ត្រៀម​ធ្វើការងារ​ និង​អភិវឌ្ឍ​ក្រុមហ៊ុន​។ ក្រៅពី​នេះ​ ក្រុមហ៊ុន​ខ្លះ​ក៏​គេ​បង្កើត​ជា​ក្រុម​ Talent​ group​ ឬអាច​ហៅ​បាន​ថា​ ជា​ក្រុម​អ្នកមាន​ទេព​កោ​សល្យ​ខ្ពស់​ៗ ដើម្បី​ត្រៀមខ្លួន​ចូល​ទៅ​ជំនួស​ ឬបំពេញ​ផ្នែក​សំ​ខាន់​ៗនៅ​ថ្ងៃ​អនាគត​។ ក្រុម​នេះ​ក៏អាច​ជា​ក្រុម​គោលដៅ​សំខាន់​ផង​ដែរ​ ដើម្បី​ធ្វើ​ឱ្យ​ស្ថាប័ន​ពោរពេញ​ទៅ​ដោយ​មនុស្ស​ពូកែ​ ហើយ​ភាគច្រើន​ក្រុម​ Talent​ Group​ ជា​ក្រុម​ដែល​មានការ​អភិវឌ្ឍ​លឿន​ជាងគេ​ ព្រោ​គាត់​មាន​ទឹកចិត្ត​ខ្លាំង​ក្នុង​ការ​ទទួលយក​ការអប់រំ​។ កត្តា​ដែល​ធ្វើ​ឱ្យ​គាត់​មាន​សម្ទុះ​ខ្លាំង​លើ​ផ្នែក​ផ្សេង​ៗនោះ​ ដោយសារតែ​គាត់​ដឹង​ច្បាស់​ថា​ អនាគត​ទៅ​គាត់​នឹង​ស្ថិត​ក្នុង​ផ្នែក​ល្អ​ណាមួយ​នៅក្នុង​ស្ថាប័ន​។

លោក​ ស៊ូ​ សាវឿ​ន អ្នកនិពន្ធ​ និង​ជា​អ្នកជំនាញ​បណ្តុះបណ្តាល​ បាន​លើកឡើង​ថា​ បញ្ហា​សំខាន់​ដែល​ធ្វើ​ឱ្យ​បុគ្គលិក​មិន​ចង់​ទទួលយក​ការអប់រំ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ ដោយសារតែ​ពួកគាត់​មិនដឹង​ច្បាស់​ពី​កម្មវិធី​ និង​គោលបំណង​លម្អិត​នៃ​កម្មវិធី​ទាំងអស់​នោះ​។ បញ្ហា​ខ្លះ​កើតឡើង​ដោយសារតែ​អ្នកគ្រប់គ្រង​របស់​គាត់​មិន​មាន​វិធី​ក្នុង​ការ​បង្ហាញ​ពី​ចំណុច​ខ្វះខាត​ រួម​ទាំង​ចំណុច​ដែល​បុគ្គលិក​ត្រូវ​អភិវឌ្ឍ​។ ម្យ៉ាងវិញទៀត​ អ្នកគ្រប់គ្រង​ដែល​បញ្ជូន​បុគ្គលិក​ទៅ​សិក្សា​នោះ​ចាំបាច់​ត្រូវតែ​ដឹង​ឱ្យ​ច្បាស់​ និង​លម្អិត​ពី​វគ្គសិក្សា​នី​មួយ​ៗដើម្បី​ធានា​ថា​ វគ្គ​ទាំងអស់​នោះ​នឹង​ឆ្លើយតប​ជាមួយនឹង​ចំណុច​ចាំបាច់​របស់​បុគ្គលិក​របស់​ខ្លួន​កម្រិត​ណា​។ ក្រោយពេល​ដឹង​ច្បាស់​ហើយ​ គាត់​ក៏​ត្រូវ​មាន​វិធី​ក្នុង​ការ​ពន្យល់​ណែនាំ​ និង​បញ្ចុះបញ្ចូល​បុគ្គលិក​ម្នា​ក់ៗ​ឱ្យ​ដឹង​ច្បាស់​ថា​ ក្រោយពេល​បណ្តុះបណ្តាល​ពួកគេ​នឹងអាច​អភិវឌ្ឍ​លើ​ផ្នែក​ណាខ្លះ​ ហើយ​អនាគត​ទៅ​សមត្ថភាព​ទាំងអស់​នោះ​នឹង​ជួយ​បុគ្គលិក​ឱ្យទៅ​ដល់​ផ្នែក​ណាខ្លះ​នៃ​ក្រុមហ៊ុន​ ឬអភិវឌ្ឍ​បាន​ល្អ​ដូចម្តេច​ខ្លះ​ក្នុង​ទីផ្សារ​ការងារ​ទូទៅ​។

លោក​ ស៊ូ​ សាវឿ​ន បាន​និយាយ​ថា​៖ “នៅពេល​ក្រុមហ៊ុន​បញ្ជូន​បុគ្គលិក​ទៅ​សិក្សា​ ឬបង្កើត​វគ្គ​បណ្តុះបណ្តាល​នៅក្នុង​ក្រុមហ៊ុន​ ចាំបាច់​ត្រូវតែ​សិក្សា​ឱ្យ​បាន​ច្បាស់​ថា​ អ្វី​ជា​តម្រូវការ​ពិតប្រាកដ​របស់​បុគ្គលិក​ មិន​មែន​ចេះតែ​បញ្ជូន​ឱ្យទៅ​រៀន​នោះ​ទេ​។ ម្យ៉ាងវិញទៀត​ គួរ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នូវ​រយៈពេល​នៃ​មុខវិជ្ជា​នី​មួយ​ៗ និង​អត្ថន័យ​មួយចំនួន​នៃ​ការ​បណ្តុះបណ្តាល​ដើម្បី​ឱ្យ​បុគ្គលិក​បានដឹង​ និង​ចាប់អារម្មណ៍​ទុកជាមុន​សិន​”។

លោ​កសាវឿ​ន បាន​បញ្ជាក់​ផង​ដែរ​ថា​ សមត្ថភាព​របស់​អ្នកបង្រៀន​ក៏​ជាផ្នែក​មួយ​ផង​ដែរ​ចំពោះ​ការ​ទាក់ទាញ​បុគ្គលិក​ឱ្យ​ចូល​សិក្សា​វគ្គ​នី​មួយ​ៗ ព្រោះ​កាលណា​អ្នក​បណ្តុះបណ្តាល​មិន​មាន​ភាព​ទាក់ទាញ​ ឬការ​បណ្តុះបណ្តាល​មិន​ឆ្លើយតប​ជាមួយនឹង​តម្រូវ​ការ​ជាក់ស្តែង​របស់​បុគ្គលិក​ នោះ​ពួកគេ​នឹង​កាន់តែ​រារែក​ ហើយ​មិន​ចង់​បន្ត​វគ្គ​ផ្សេង​ៗទៀត​នៅ​ថ្ងៃក្រោយ​។

ហេតុនេះ​ប្រសិនបើ​ស្ថាប័ន​គិតគូរ​លើ​ចំ​ណុ​ចល្អិ​តៗ​ទាំងអស់​នេះ​ ស្ថាប័ន​ទាំងមូល​នឹងអាច​ទទួល​បាន​ធនធាន​មនុស្ស​ល្អ​ៗបន្ថែម​ជាលំដាប់​ ព្រោះ​បុគ្គលិក​ចាស់​ក៏​ចាប់ផ្តើម​ខ្លាំង​ ហើយ​បុគ្គ​លិ​កថ្មី​ៗក៏អាច​នឹង​ចាប់អារម្មណ៍​ក្នុង​ការចូលរួម​អភិវឌ្ឍ​ខ្លួន​ក្នុង​ស្ថាប័ន​របស់​យើង​ដែរ​៕

Advertisement