បន្តិចទៀត​ប្រជាជន​ទូទាំង​ប្រទេស​នឹងអាច​ទទួល​ព័ត៌មាន​ពី​គ្រោះ​ធម្មជាតិ​តាមរយៈ​ទូរស័ព្ទ​បង្ការ​គ្រោះថ្នាក់​

ប៉ុន្មាន​ឆ្នាំ​ជាប់​ៗគ្នា​នេះ​ កម្ពុជា​តែងតែ​ត្រូវ​រង​ការវាយប្រហារ​ដោយសារ​បញ្ហា​ធម្មជាតិ​ ដូចជា​គ្រោះ​រាំងស្ងួត​ ខ្យល់​កន្ត្រាក់​ រន្ទះ​ និង​ជាពិសេស​ គឺ​បញ្ហា​ទឹកជំនន់​។ បញ្ហា​នេះ​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​រង​ផល​ប៉ះពាល់​យ៉ាងច្រើន​ទាំង​បញ្ហា​សុវត្ថិភាព​នៃ​ការរស់នៅ​ បញ្ហា​សុខភាព​ និង​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន​នៅពេល​ទឹក​លេច​សហគមន៍​របស់​ពួកគាត់​តែម្តង​។ ជាទូទៅ​គេ​សង្កេតឃើញ​ថា​ ក្នុងចំណោម​សហគមន៍​ដែល​រងគ្រោះ​ទាំងអស់​ តំបន់​ដែល​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ជាង​គេ​ គឺ​កន្លែង​ដែល​មិន​ទទួល​បាន​ព័ត៌មាន​មុន​ពេល​ទឹកជំនន់​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ខ្លះ​ភៀសខ្លួន​ចេញពី​លំនៅឋាន​មិនទាន់​ ឬត្រូវ​ទឹកជន់​លិច​ដោយ​មិនដឹង​ខ្លួន​នៅពេល​យប់​ ជាដើម​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ បាន​ជួប​សម្ភាស​ជាមួយ​លោក​ ទេព​ សុខា​ អនុប្រធាន​កម្មវិធី​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៃ​អង្គការ​ People​ In​ Need​ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រកាស​ព័ត៌មាន​គ្រោះមហន្តរាយ​ធម្មជាតិ​ 1294​ (early​ warning​ 1294​) ដែល​ជា​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​ទៅ​គ្រ​បតំ​-បន់​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ហានិភ័យ​នៃ​គ្រោះ​ធម្មជាតិ​ដើម្បី​ឱ្យ​ប្រជាជន​បានដឹង​ និង​ត្រៀមខ្លួន​ដោះស្រាយ​ទាន់ពេល​វេលា​នៅពេល​ជួប​គ្រោះ​ធម្មជាតិ​ជាក់ស្តែង​កើតឡើង​។

1. តើ​កម្មវិធី​ប្រកាស​ព័ត៌មាន​ពី​គ្រោះ​ធម្មជាតិ​នេះ​កើតឡើង​នៅ​ឆ្នាំ​ណា​?
ហើយ​មូលហេតុ​អ្វី​ទើប​បង្កើត​កម្មវិធី​នេះ​ឡើង​?
កម្មវិធី​ផ្តល់​ព័ត៌មាន​ជាមុន​ ឬប្រព័ន្ធ​ប្រកា​សព័​ត៌​មាន​គ្រោះ​ធម្មជាតិ​នេះ​ត្រូវ​បាន​អង្គការ​ People​ In​ Need​ បង្កើត​សាកល្បង​នៅក្នុង​ឆ្នាំ2013​ ដោយ​កាល​ណោះ​យើង​អនុវត្ត​នៅក្នុង​ភូមិ​ចំនួន3ក្នុង​ខេត្តពោធិ៍សាត់​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​យើង​បាន​គ្រប់​ដណ្តប់​លើ​ 21ខេត្ត​ក្រុង​ហើយ​ លើកលែងតែ​ 4ខេត្ត​ក្រុង​ទៀត​ប៉ុណ្ណោះ​ គឺ​ខេត្តតាកែវ​ ខេត្តកណ្តាល​ ខេត្ត​កំពង់ស្ពឺ​ និង​រាជធានី​ភ្នំពេញ​ ដែល​មិនទាន់​មាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី​ តាម​គម្រោង​ គឺ​នឹង​ដាក់​ឱ្យ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​នៅ​ពាក់កណ្តាល​ឆ្នាំ2020​ ខាងមុខនេះ​ ដោយឡែក​សម្រាប់​ខេត្ត​កំពង់ស្ពឺ​ គឺ​គ្រោង​នឹង​បញ្ចប់​ការដំឡើង​នៅ​ចុងខែ​ធ្នូ​នេះ​។

គោលបំណង​សំខាន់​របស់​យើង​គឺ​ យើង​ចង់​ជួយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ទាំងអស់​ឱ្យ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ ដើម្បី​ទប់ទល់​ជាមួយនឹង​គ្រោះ​ធម្មជាតិ​។ ដូច​យើង​ដឹង​ហើយ​ថា​ គ្រោះ​ធម្មជាតិ​ពេលខ្លះ​វា​កើត​ឡើង​ភ្លាម​ៗ ដែល​ធ្វើ​ឱ្យ​យើង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ ប្រសិន​បើ​យើង​មិនបាន​ដឹងមុន​។ មាន​តំបន់​ខ្លះ​ កន្លងមក​យើង​ឃើញថា​ ជួនកាល​ទឹកជន់​ឡើង​កណ្តាល​អធ្រាត្រ​ ដែល​ធ្វើ​ឱ្យ​អ្នក​រស់នៅ​តំបន់​នោះ​ជម្លៀស​មិនទាន់​ ឬមាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ ទម្រាំ​អាជ្ញាធរ​ទៅ​ជួយ​បាន​។ ហេតុនេះ​ប្រសិនបើ​គាត់​បានដឹង​មុន​ថា​ 2ថ្ងៃ​ ឬបាន​ដឹង​ថា​ ក្នុងរយៈពេល​ណាមួយ​ខាងមុខនេះ​នឹង​មាន​ទឹក​ជំនន់​កើតឡើង​នោះ​ គាត់​នឹងអាច​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​បាន​ទាន់ពេល​វេលា​។

2. តើ​កម្មវិធី​នេះ​ដំណើរការ​ដោយ​ប្រើ​បច្ចេកវិទ្យា​ និង​វិធី​ណាខ្លះ​?
កម្មវិធី​នេះ​ដំណើរការ​ដោយ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ទូរស័ព្ទ​។ អង្គការ​ People​ In​ Need​ បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​នេះ​ដោយមាន​ការ​គាំទ្រ​ និង​ទំនាក់ទំនង​ល្អជា​មួយ​នឹង​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​។ ហេតុនេះ​យើង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ​ ដោយ​យើង​បាន​ដាក់​ឧបករណ៍​ Sensor​ នៅ​តាម​តំបន់​នានា​ដើម្បី​វាស់កម្ពស់​ទឹក​ សម្រាប់​តាមដាន​ពី​បញ្ហា​ទឹកជំនន់​។ Sensor​ ទាំងអស់​នោះ​នឹង​ធ្វើ​បច្ចុប្បន្នភាព​នៃ​កម្ពស់​ទឹក​មក​កន្លែង​គ្រប់គ្រង​ព័ត៌មាន​រៀងរាល់​ 15នាទី​ម្តង​ ដែល​ធ្វើ​ឱ្យ​យើង​ងាយ​ដឹង​ព័ត៌មាន​ទុកជាមុន​។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ហើយ​ យើង​បាន​ផ្តល់​ឧបករណ៍​ទៅ​រដ្ឋបាល​ខេត្ត​ ដោយ​សហការ​ជាមួយនឹង​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត​ ដើម្បី​ឱ្យ​ពួកគាត់​ជួយ​ធ្វើជា​អ្នក​ផ្សាយ​ព័ត៌មាន​។ យើង​បាន​ផ្តល់​ជា​ឧបករណ៍​ដូចជា​កុំព្យូទ័រ​ ឧបករណ៍​ថត​សំឡេង​ និង​ឧប​ករណ៍​ផ្សេង​ៗទៀត​ ដើម្បី​ឱ្យ​គាត់​ផ្សាយ​ចេញទៅ​កាន់​លេខទូរស័ព្ទ​ដែល​បាន​ចុះឈ្មោះ​នៅក្នុង​តំបន់​របស់​គាត់​ ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រោះ​ធម្មជាតិ​ដែល​នឹង​កើតឡើង​នៅក្នុង​តំបន់​របស់​គាត់​។

សិទ្ធិ​ក្នុង​ការសម្រេច​ចិត្ត​ផ្សាយ​ ឬផ្ញើ​សារ​ជា​សំឡេង​នេះ​ គឺ​ស្ថិតនៅ​លើ​អភិបាលខេត្ត​នី​មួយ​ៗ មានន័យថា​ នៅពេល​មាន​គ្រោះ​មហន្ត​រា​យម្តងៗ​ អង្គការ​ People​ In​ Need​ អាច​នឹង​ផ្តល់​ព័ត៌មាន​ជូន​ពួកគាត់​ ឬគណៈ​អភិបាលខេត្ត​ អាច​នឹង​ធ្វើការ​ប្រជុំ​ជាមួយនឹង​មន្ទីរ​ធនធាន​ទឹក​ និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​ មុននឹង​ផ្សាយ​ចេញ​ទៅ​លេខទូរស័ព្ទ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​។

3. តើ​ការ​ផ្ញើ​សារ​នេះ​មានប្រសិទ្ធភាព​ប៉ុនណា​សម្រាប់​ប្រជាពលរដ្ឋ​នៅ​គ្រប់តំបន់​?
ដូច​យើង​បានដឹង​ហើយ​ថា​ ការ​ផ្សព្វផ្សាយ​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ ហើយ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​សុទ្ធតែ​សំខាន់​ ដូចជា​វិទ្យុ​ ទូរទស្សន៍​ ឬបណ្តាញ​ផ្សេង​ៗទៀត​ តែ​ពេលខ្លះ​នៅ​តំបន់ជនបទ​ មិន​ប្រាកដ​ថា​ គាត់​បាន​ស្តាប់​គ្រប់គ្នា​នោះ​ទេ​។ ហេតុនេះ​យើង​យល់ឃើញ​ថា​ ប្រជាជន​នៅ​គ្រប់តំបន់​សុទ្ធតែ​មាន​ទូរស័ព្ទ​ប្រើប្រាស់​ ទាំង​ទូរស័ព្ទ​ទំនើប​ និង​ទូរស័ព្ទ​ធម្មតា​។ ហេតុនេះ​យើង​ក៏​ប្រើប្រាស់​វិធី​សាស្រ្ត​ផ្ញើ​សារ​ជា​សំឡេង​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ 1294​ ដើម្បី​ឱ្យ​គាត់​បានដឹង​មុន​។

នៅពេល​ទូរស័ព្ទ​របស់​គាត់​ឃើញ​ការ​ហៅ​ចូល​ (Call​) ពី​លេខ​ 1294​ គាត់​នឹង​ដឹង​ថា​ តំបន់​របស់​គាត់​នឹង​មាន​បញ្ហា​។ ក្រោយពេល​គាត់​ចុច​ទទួល​នឹង​មាន​សារ​ជា​សំឡេង​ដែល​បង្ហាញ​ពី​កម្ពស់​ទឹក​ ឬបញ្ហា​ត្រូវ​ប្រុងប្រយ័ត្ន​នានា​ តែ​ប្រសិនបើ​គាត់​រវល់​ ឬនៅ​ឆ្ងាយ​ពី​ទូរស័ព្ទ​ ប្រព័ន្ធ​នេះ​នឹង​ទាក់ទង​ទៅ​គាត់​រៀងរាល់​ 15​នាទី​ម្តង​ ចំនួន​ 3ដង​ទើប​ឈប់​។

4. តើ​ប្រជាពលរដ្ឋ​ អាច​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដោយ​វិធី​ណាខ្លះ​?
សម្រាប់​ការ​ចុះឈ្មោះ​ គឺ​មាន​ភាព​ងាយស្រួល​ណាស់​ អ្នក​ទាំងអស់គ្នា​អាច​សាកល្បង​ចុច​ទៅ​លេខ​ 1294​ នឹង​មាន​ឮសំឡេង​ណែនាំ​ឱ្យ​ដឹងពី​វិធី​ចុះឈ្មោះ​។ ក្រោយ​ស្តាប់​ឮសំឡេង​នោះ​ហើយ​ គ្រាន់តែ​ចុច​បន្ត​ នឹងអាច​ចុះឈ្មោះ​បាន​ហើយ​។ ឧទាហរណ៍​ យើង​នៅ​តំបន់​ណា​ ខេត្ត​ណា​ យើង​ត្រូវ​ចុច​តាម​ការណែនាំ​នោះ​ ក្រោយពេល​ចុច​ខេត្ត​ហើយ​ គេ​នឹង​សួរ​យើង​បន្ត​ ឱ្យ​យើង​ជ្រើសរើស​ស្រុក​ និង​ឃុំ​មុននឹង​បញ្ចប់​ការ​ចុះឈ្មោះ​។ គ្រាន់តែ​ចុះឈ្មោះ​តាម​ការណែនាំ​នោះ​ យើង​នឹងអាច​ទទួល​បាន​ព័ត៌មាន​នៅ​តំបន់​ដែល​យើង​កំពុង​រស់នៅ​ ឬតំបន់​ដែល​ឪពុក​ម្តាយ​ ក្រុម​គ្រួសារ​របស់​យើង​រស់នៅ​ក៏បាន​។ រាល់​ការ​ចុះឈ្មោះ​ និង​ទទួល​ព័ត៌មាន​ គឺ​មិន​គិតថ្លៃ​នោះ​ទេ​។

5. តើ​មូលហេតុ​អ្វី​ បាន​ជា​ប្រើប្រាស់​លេខ​ 1294​ នេះ​?
មូលហេតុ​ដែល​យើង​ប្រើប្រាស់​លេខ​ 1294 នេះ​ គឺ​ដោយសារតែ​យើង​បាន​ស្នើសុំ​ទៅ​ខាង​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ បន្ទាប់មក​លោក​ក៏បាន​ទំនាក់ទំនង​ទៅ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដើម្បី​ទទួល​បាន​លេខ​ខ្លី​មួយ​សម្រាប់​ប្រើប្រាស់​។ ក្រោយ​ទទួល​បានការ​ស្នើសុំ​ ក្រសួង​ប្រៃសណីយ៍​ ក៏​បាន​ផ្តល់​លេខមួយ​ខ្សែ​នេះ​ដល់​យើង​ ដើម្បី​ប្រើប្រាស់​ក្នុង​គោលបំណង​មនុស្សធម៌​។ បច្ចុប្បន្ន​នេះ​ លេខ​ 1294​ ទទួល​បានការ​ជួយ​គាំទ្រ​ និង​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ចំនួន3​ គឺ​ក្រុមហ៊ុន​ Smart​, ក្រុមហ៊ុន​ CamGSM​ ឬប្រព័ន្ធ​ Cellcard​ និង​ក្រុមហ៊ុន​ Viettel​ ឬយើង​ស្គាល់​ថា​ជា​ប្រព័ន្ធ​ Metfone​ ហ្នឹងឯង​។

6. តើ​លោក​មាន​មតិ​ផ្តាំផ្ញើ​ និង​សារ​អ្វីខ្លះ​សម្រាប់​សាធារណជន​?
ជា​សារ​របស់ខ្ញុំ​ គឺ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ឬអ្នក​ដែល​បាន​ទទួល​ព័ត៌មាន​ពី​កម្ម​វី​ធី​ផ្តល់​ព័ត៌មាន​ទុកជាមុន​ពី​គ្រោះ​ធម្មជាតិ​នេះ​ ជួយ​ផ្សព្វផ្សាយ​ និង​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ ឬក្រុម​គ្រួសារ​របស់​ខ្លួន​បាន​ប្រើប្រាស់​ផង​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ត្រៀមខ្លួន​ចៀស​ឱ្យ​ផុត​ពី​គ្រោះមហន្តរាយ​។

ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ គណៈ​អភិបាល​ខេត្ត​ និង​ម្ចាស់​ជំនួយ​ទាំងអស់​ដែល​បាន​គាំទ្រ​ដល់​កម្មវិធី​នេះ​ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​។ បន្ថែម​ពីលើ​នេះ​ បច្ចុប្បន្ន​នេះ​គណៈកម្មការ​ទន្លេមេគង្គ​ ក៏​កំពុង​សិក្សា​ពី​គំរូ​ដែល​ធ្វើ​នៅ​កម្ពុជា​នេះ​ ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ដទៃទៀត​ផង​ដែរ​នៅ​តំបន់​ទន្លេមេគង្គ​ដើម្បី​ចៀស​ ឬត្រៀមខ្លួន​ទុកជាមុន​ដើម្បី​គេច​ចេញពី​គ្រោះមហន្តរាយ​ធម្មជាតិ​៕

Advertisement