សារៈសំខាន់​នៃ​បច្ចេក​វិទ្យា​ AR​ នៅក្នុង​ការ​អប់រំ​សម័យ​ទំនើប​

ដើម្បី​ឱ្យ​ការសិក្សា​ដំណើរការ​ទៅ​ដោយ​ភាព​ស៊ីជម្រៅ​ និង​ច្បាស់លាស់​ អ្នក​សិក្សា​ចាំបាច់​ត្រូវតែ​ស្វែងយល់​ឱ្យ​ច្បាស់​ពី​ឫសគល់​សំ​ខាន់​ៗនៃ​មេរៀន​នី​មួយ​ៗ ជាពិសេស​ គឺ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ពិត​។ ជាក់ស្តែង​ កាលពីមុន​ ដើម្បី​ឱ្យ​សិស្ស​យល់​ច្បាស់​ពី​ដំណាក់កាល​នី​មួយ​ៗនៃ​ម៉ាស៊ីន​សម្រាប់​មុខវិជ្ជា​រូបវិទ្យា​ ឬដើម្បី​ឱ្យ​សិស្ស​យល់​ពី​ដំណាក់កាល​នៃ​ការលូតលាស់​របស់​រុក្ខជាតិ​ក្នុង​មុខវិជ្ជា​ជីវវិទ្យា​ គ្រូ​តែងតែ​នាំ​សិស្ស​ឱ្យទៅ​មើល​ជាក់ស្តែង​ ឬចំណាយពេល​វេលា​យូរ​ដើម្បី​ដោះ​គ្រឿងម៉ាស៊ីន​ ជាដើម​។

ការ​ធ្វើបែប​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​វិធី​បង្រៀន​ដែល​អាច​ធ្វើ​ឱ្យ​សិស្ស​យល់​ស៊ីជម្រៅ​ពី​ដំណាក់កាល​លម្អិត​ និង​ប្រភព​នៃ​មេរៀន​ដើម្បី​ឱ្យ​ពួកគេ​ចងចាំ​បាន​ល្អ​ ឬងាយ​បំបែក​ទៅជា​នវានុវត្តន៍​ថ្មី​។

បច្ចុប្បន្ន​នេះ​ ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ អ្នក​បច្ចេកវិទ្យា​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ការរស់នៅ​របស់​មនុស្ស​ ដោយ​ក្នុង​នោះ​ការអប់រំ​ក៏​ជាផ្នែក​មួយ​សំខាន់​ផង​ដែរ​ដែល​បច្ចេកវិទ្យា​បាន​ចូលរួម​ដោះស្រាយ​។ ក្នុងចំណោម​បច្ចេកវិទ្យា​អប់រំ​ទាំងអស់​ បច្ចេកវិទ្យា​បង្ហាញ​ពី​ហេតុផល​ជាក់ស្តែង​ ឬហៅ​ថា​ AR​ (Augmented​ Reality​) បាន​ក្លាយជា​បច្ចេកវិទ្យា​ប្រកប​ដោយសក្តានុពល​ក្នុង​វិស័យ​អប់រំ​។

បច្ចេកវិទ្យា​ AR​ ជា​បច្ចេកវិទ្យា​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ពី​រូបភាព​នៃ​ការ​ផ្គុំ​គ្រឿងម៉ាស៊ីន​ ដំណាក់កាល​នៃ​ការ​រីក​លូតលាស់​របស់​ជីវិត​ និង​ការ​ផ្គុំ​នៃ​ឧបករណ៍​ជាច្រើន​នៅក្នុង​មេរៀន​។ ជាមួយនឹង​វត្តមាន​របស់​បច្ចេកវិទ្យា​ថ្មីនេះ​ សិស្ស​មិន​ចាំបាច់​ត្រូវ​ចំណាយពេល​ច្រើន​ចុះទៅ​ពិនិត្យ​ ឬមិន​លំបាក​ស្វែងរក​ប្រភព​នៃ​ឧបករណ៍​ជាក់ស្តែង​ដែលគេ​បាន​រៀន​នោះ​ទេ​។ ទោះបីជា​កំពុង​ស្វ័យ​សិក្សា​នៅផ្ទះ​ ក៏​ពួកគេ​អាច​យល់​ពី​គ្រប់​ដំណាក់កាល​ និង​ដើមហេតុ​នៃ​បញ្ហា​ទាក់ទង​នឹង​មេរៀន​បាន​យ៉ាង​ងាយស្រួល​ និង​លម្អិត​ ព្រោះ​គេ​គ្រាន់តែ​យក​ទូរស័ព្ទ​ដៃ​ទៅ​ស្គែ​នពី​លើ​រូបភាព​ដែលគេ​ដាក់​ក្នុង​សៀវភៅ​ នឹង​ចេញ​ជា​រូបភាព​លម្អិត​ជា​ 3D​ ក្នុង​ទូរស័ព្ទ​បង្ហាញ​ពី​មេរៀន​នោះ​យ៉ាង​ច្បាស់​។

បច្ចុប្បន្ន​នេះ​ ដោយសារតែ​មើលឃើញ​ពី​សារៈ​សំ​ខាន់​នៃ​បចេ្ច​កវិទ្យា​ AR​ នៅក្នុង​វិស័យ​អប់រំ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ នៅ​កម្ពុជា​យើង​ក៏​បាន​ប្រើប្រាស់​កម្មវិធី​នេះ​ផង​ដែរ​ជាមួយនឹង​កម្មវិធី​សៀវភៅ​សិក្សា​ចំណេះដឹង​ទូទៅ​របស់​រដ្ឋ​។ កម្មវិធី​ដែល​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ AR​ ដើម្បី​ស្គែន​សម្រាប់​សិក្សា​នោះ​ គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​សម្រាប់​មុខវិជ្ជា​គណិតវិទ្យា​ រូបវិទ្យា​ គីមីវិទ្យា​ ជីវវិទ្យា​ និង​ប្រវត្តិវិទ្យា​ សម្រាប់​សិស្ស​ថ្នាក់​ទី12​។

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ បច្ចេកវិទ្យា​ AR​ ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​សិស្ស​ខ្មែរ​អាចយ​កម​កសិក្សា​ដើម្បី​ស្វែងយល់​ពី​ចំណុច​លម្អិត​ និង​ស៊ីជម្រៅ​របស់​មេរៀន​នី​មួយ​ៗ។ សិស្ស​គ្រាន់តែ​យក​ទូរ​ស័ព្ទ​ដៃ​ស្គែន​ទៅលើ​រូបភាព​ដែល​បាន​បង្ហាញ​លើ​សៀវភៅពុម្ព​ នឹង​ចេញ​ជា​វីដេអូ​លម្អិត​បង្ហាញ​ពី​ដំណាក់កាល​នី​មួយ​ៗនៃ​គ្រឿង​ផ្គុំ​ ឬដំណើររឿង​ណាមួយ​នៃ​មេរៀន​។ ក្រសួង​អប់រំ​ នឹង​បន្ត​ស្វែងរក​បច្ចេក​វិទ្យា​ថ្មី​ៗទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​ និង​ជាពិសេស​សម្រាប់​សិស្ស​នៅ​កម្រិតមធ្យម​សិក្សា​ទុតិយភូមិ​។

បច្ចេកវិទ្យា​ថ្មីនេះ​មិន​ត្រឹមតែ​ជា​មធ្យោបាយ​បន្ថែម​សម្រាប់​ជា​ជំនួយ​ដល់​ការ​ស្វែងយល់​របស់​សិស្សានុសិស្ស​នោះ​ទេ​ តែ​ក៏​ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​សម្រាប់​ការ​បង្រៀន​ផង​ដែរ​។ នៅពេល​សិស្ស​យល់​ច្បាស់​ពី​បាតុភូត​នៃ​មេរៀន​ ឬយល់​សុី​ជម្រៅ​លើ​គោលបំណង​នៃ​មេរៀន​ គ្រូ​ក៏​ងាយ​សម្របសម្រួល​ និង​ផ្តល់​ព័ត៌មាន​បន្ថែម​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សិស្ស​បាន​កាន់តែ​លឿន​។ កម្ម​វី​ធី​នេះ​ក៏​ជា​កម្មវិធី​មួយ​ដែល​ផ្សារភ្ជាប់​ការសិក្សា​ជាក់ស្តែង​ទៅ​នឹង​កំណើន​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ប្រកបដោយ​ភាព​វិជ្ជមាន​នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ផង​ដែរ​៕

Advertisement