កែវ ឡង់ឌី៖ ខ្ញុំមិនដែលគិតថា បានរៀនដល់មហាវិទ្យាល័យទេ តែខ្ញុំនៅតែតស៊ូ

ចេញពីអ្នកអប់រំ ឆ្ពោះទៅក្លាយជាសហគ្រិនដែលមានឈ្មោះល្បីល្បាញម្នាក់នៅកម្ពុជា លោក កែវ ឡង់ឌី បានឆ្លងកាត់ការតស៊ូជាច្រើនក្នុងសមរភូមិនៃការអប់រំដើម្បីទទួលជោគជ័យក្នុងការសិក្សា ការងារ និងអាជីវកម្ម។

លោក កែវ ឡង់ឌី បានមានប្រសាសន៍ថា៖ «ខ្ញុំមិនដែលធ្លាប់នឹកស្រមៃទាល់តែសោះថា ខ្ញុំបានរៀនមហាវិទ្យាល័យ ព្រោះកាលនៅពីក្មេង គ្រួសារខ្ញុំមិនមែនជាអ្នកធូរធានោះទេ តែខ្ញុំនៅតែខំប្រឹងរៀន ហើយសង្ឃឹមថា ថ្ងៃណាមួយការអប់រំអាចផ្លាស់ប្តូរវាសនាខ្ញុំឱ្យកាន់តែប្រសើរឡើងបាន»។

ជាលទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងវ័យជំទង់ សហគ្រិនរូបនេះដែលកាលនោះជាយុវជន កែវ ឡង់ឌី ជាសិស្សដែលស្រឡាញ់ការសិក្សា និងមានក្តីសង្ឃឹមច្រើនរាប់មិនអស់បានយកឈ្នះការប្រកួតប្រជែងដ៏ពិបាកមួយគឺ បានជាប់ជាសិស្សនៃវិទ្យាស្ថានភាសាបរទេស (IFL) ជាគ្រឹះស្ថានអប់រំល្បីល្បាញមួយដែលនិស្សិតគ្រប់រូបស្រមៃចង់សិក្សានៅទីនោះ។

ជាទូទៅ ស្ថានភាពរបស់មនុស្សគឺមិនខុសគ្នាប៉ុន្មាននោះទេ សុខ និងទុក្ខ តែងតែដើរទន្ទឹមគ្នា ទោះក្នុងកាលៈទេសៈល្អយ៉ាងណាក៏ដោយ។ ស្រដៀងគ្នានេះដែរ យុវជន កែវ ឡង់ឌី ក៏ជួបនឹងបញ្ហាពិបាកដោះស្រាយមួយដែរ បន្ទាប់ពីលោកបានប្រឡងជាប់ ព្រោះថវិកាក្រុមគ្រួសាររបស់លោកនៅខ្សត់ខ្សោយ ហើយមិនសូវមានអ្នកគាំទ្រឱ្យរៀនមហាវិទ្យាល័យនោះឡើយ តែទោះជាយ៉ាងណាក៏ដោយ ការស្រឡាញ់ផ្នែកអប់រំបានជំរុញឱ្យយុវជនឡង់ឌីខិតខំពន្យល់ឪពុកពីឱកាសដ៏កម្រមួយនេះ។ ក្រោយពីឃើញឱកាសល្អមួយនេះ បងប្រុសរបស់ឡង់ឌី ក៏បានលះបង់ការសិក្សារបស់ខ្លួនឯង ហើយសន្យាចេញថ្លៃបង់សាលាពាក់កណ្តាលដើម្បីធ្វើយ៉ាងណាឱ្យឡង់ឌីបានរៀន។

ទឹកចិត្តដែលកំពុងចង់រៀនខ្លាំង ហើយបានឮសម្តីប្រកបដោយទំនុកចិត្តរបស់បងប្រុស យុវជន កែវ ឡង់ឌី ពិតជាមានសង្ឃឹមខ្លាំងណាស់ ខណៈពេលដែលឪពុករបស់គាត់ក៏បានយល់ព្រមជាមួយនឹងលក្ខខណ្ឌនេះដែរ។ ក្រោយមកក្តីស្រមៃបានក្លាយជាការពិត យុវជនដែលពោរពេញដោយការតស៊ូខាងលើបានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានភាសាបរទេស (IFL) តែសំណាងមិនល្អក៏បានចូលមកដល់ម្តងទៀតភ្លាមដែរ គឺមិនទាន់ទាំងបានជួយបង់ប្រាក់ផង បងប្រុសបង្កើតដែលធានាលើការសិក្សារបស់ឡង់ឌីពាក់កណ្តាលនោះ បានទទួលមរណភាព ដែលធ្វើឱ្យរូបគេត្រូវតែរិះរកដំណោះស្រាយដោយខ្លួនឯងផ្ទាល់ដើម្បីបានបន្តការសិក្សា។

លោក កែវ ឡង់ឌី បាននិយាយថា៖ «ខ្ញុំពិតជាពិបាក តែខ្ញុំមានគំនិតមួយគិតថា មកដល់ដំណាក់កាលបានរៀនមហាវិទ្យាល័យ វាជារឿងពិបាកណាស់ទៅហើយ ខ្ញុំមិនបោះបង់វាចោលនោះទេ។ ខ្ញុំបានសម្រេចចិត្តដោះស្រាយបញ្ហាដោយខ្លួនឯងឱ្យអស់ពីលទ្ធភាពដែលខ្លួនឯងមាន»។

ក្រោយពីជួបស្ថានភាពដែលមិននឹកស្មានដល់រួចមក ក្នុងនាមជានិស្សិតមហាវិទ្យាល័យដែលមានទុននៃចំណេះដឹងច្រើនគួរសមហើយនោះ លោកក៏បានដាក់ពាក្យបង្រៀនភាសាអង់គ្លេសនៅគ្រប់កន្លែងដើម្បីយកថវិកាមកផ្គត់ផ្គង់ដល់ការសិក្សា។ លោកត្រូវខិតខំប្រឹងប្រែងឱ្យច្រើនជាងនិស្សិតដទៃ ព្រោះត្រូវរៀនផង និងធ្វើការងារផង តែការតស៊ូពិតជាមិនធ្វើឱ្យមនុស្សយើងអស់សង្ឃឹមនោះទេ។ ការងារបង្រៀនរបស់លោកបានបង្រៀនរូបលោកឱ្យមានបទពិសោធល្អៗជាច្រើនលើវិស័យអប់រំ ដែលធ្វើឱ្យលោកបានបញ្ចប់ការសិក្សាដោយជោគជ័យ និងមានការងារល្អធ្វើ។

ចេញពីសាលាភ្លាម ហាក់ដូចជាមិនពិបាកពេកនោះទេ សម្រាប់និស្សិតដែលបានហាត់ពត់លត់ដំរួចមកហើយ និងមានបទពិសោធការងារពិតដូចរូបលោក កែវ ឡង់ឌី។ លោកបានអភិវឌ្ឍខ្លួនពីបុគ្គលិកអប់រំធម្មតា មកគ្រប់គ្រងកម្មវិធីសិក្សារបស់សាលាអន្តរជាតិធំមួយអស់រយៈពេល 12ឆ្នាំពេញ បន្ទាប់មកក៏បានផ្លាស់ប្តូរពីបុគ្គលិករបស់ក្រុមហ៊ុនឯកជននោះ មកប្រកបអាជីវកម្មដោយខ្លួនឯង រហូតក្លាយជាសហគ្រិនដែលលេចធ្លោម្នាក់នៅកម្ពុជា៕

Advertisement