លោកតាបណ្ឌិត កុល ផេង៖ កុំបង្អាប់ខ្លួនឯង និងកុំសន្និដ្ឋានថា ខ្លួនឯងអន់

ការរៀបចំដំណើរជីវិត ទាមទារនូវចំណេះដឹងច្រើនប្រភេទ ទាំងចំណេះដឹងផ្នែកសង្គម ចំណេះដឹងពីសាលា ចំណេះដឹងក្នុងការគិត និងជាពិសេស គឺមានមូលដ្ឋាននៃការពិចារណាច្បាស់លាស់ពីដំណើរជីវិត ព្រោះការគិតជាចំណុចចាប់ផ្តើមនៃសកម្មភាព មុននឹងកំណត់វាសនាមនុស្សថា នឹងក្លាយជាបុគ្គលខ្លាំង ឬខ្សោយ។

ពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាបានលើកឡើងថា មនុស្សទាំងអស់គ្នាកើតមក គឺនាំមកជាមួយនូវសមត្ថភាពប្រហាក់ប្រហែលគ្នា ហេតុនេះការខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង ជារឿងចាំបាច់បំផុតសម្រាប់ជីវិត។ សំណាង កើតមកពីការសាង ការសាងសមត្ថភាពនៅពេលបច្ចុប្បន្ន នឹងអាចឆ្លុះបញ្ចាំងឱ្យឃើញពីភាពល្អប្រសើរនៅថ្ងៃអនាគត។ ការសាងល្អ ខិតខំព្យាយាមដោយផ្លូវត្រូវ នឹងនាំមកនូវសំណាងល្អ និងលទ្ធផលល្អនៅថ្ងៃអនាគត តែប្រសិនបើការគិតរបស់សិស្ស និស្សិតមិនត្រឹមត្រូវហើយ ពួកគេនឹងមិនអាចបង្កើតសមិទ្ធផលសម្រាប់ខ្លួនឯងប្រកបដោយភាពវិជ្ជមានបាននោះទេ។

លោកតាបណ្ឌិត បានបន្ថែមផងដែរថា ក្នុងនាមជាសិស្ស និស្សិត សូមកុំគិត និងវាយតម្លៃសមត្ថភាពខ្លួនឯងដោយគិតថាខ្លួនឯងជាមនុស្សអន់ និងកុំសន្និដ្ឋានដោយគ្មានអ្វីមកវាស់វែងតែឯកឯងថា ខ្លួនជាមនុស្សមិនអាចអភិវឌ្ឍសមត្ថភាពបានល្អឱ្យសោះ ព្រោះថានៅពេលដែលយើងបង្អាប់ខ្លួនឯង យើងនឹងជឿ ហើយបណ្តោយខ្លួនឱ្យទន់ទោរទៅតាមភាពខ្ជិល ឬភាពអសកម្មជាក់ជាមិនខាន។ យុវជនជំនាន់ក្រោយរបស់កម្ពុជា គួរតែគិត ហើយបង្កើតសកម្មភាពប្រកបដោយភាពវិជ្ជមានដើម្បីក្លាយជាធនធានមនុស្សដែលប្រកបដោយគុណតម្លៃសម្រាប់សង្គមខ្មែរវិញទើបជាការប្រសើរ៕

Advertisement