វេស​ឡា​ញប​ង្កើត​គម្រោង​ឱ្យ​សិស្ស​ស្រាវជ្រាវ​ ​និង​បង្ហាញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​

​នៅក្នុង​យុគសម័យ​បច្ចុប្បន្ន​នេះ​ ​ការសិក្សា​ចាំបាច់​ត្រូវតែ​មាន​ភាព​ទូលំទូលាយ​ ​ព្រោះ​ការ​ធ្វើការងារ​ ​និង​ការប្រកួត​ប្រជែង​កាន់តែ​មាន​លក្ខណៈ​ធំ​ទូលាយ​ឡើង​ពី​ ​1ថ្ងៃ​ទៅ​ ​1ថ្ងៃ​។​ ​ដោយ​មើលឃើញ​ពី​ចំណុច​នេះ​ ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​បង្កើត​គម្រោង​សំខាន់​មួយ​ ​ដែល​អនុញ្ញាត​ឱ្យ​សិស្ស​ក្នុង​បណ្តាញ​សាលារៀន​របស់​ខ្លួន​ ​បាន​បង្ហាញ​សមត្ថភាព​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ពី​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​។​ ​

​លោក​ ​ពូន ​សា​រឿន​ ​នាយក​សាលា​វេស​ឡាញ​ ​សាខា​សន្ធរ​ម៉ុ​ក​ ​បាន​លើកឡើង​ថា​ ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​មានឈ្មោះ​ថា​ ​“​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​”​ ​ដែល​គោលបំណង​សំខាន់​នៃ​កម្មវិធី​នេះ​ ​គឺ​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ចេះ​សិក្សា​ស្រាវជ្រាវ​ ​ធ្វើការងារ​ជា​ក្រុម​ ​បង្កើន​ភាពជា​អ្នកដឹកនាំ​ ​និង​ស្វែងយល់​ពី​វប្បធម៌​ ​និង​ការរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ទូលំទូលាយ​។​ ​កម្មវិធី​នេះ​តម្រូវ​ឱ្យ​សិស្ស​ស្រាវជ្រាវ​តាមរយៈ​បច្ចេកវិទ្យា​ពី​ប្រទេស​នី​មួយ​ៗ​ក្នុង​តំបន់​អាស៊ាន​ឱ្យ​បាន​ច្បាស់លាស់​ ​ទាំង​វប្បធម៌​ ​ការ​ស្លៀកពាក់​ ​ទំនៀមទម្លាប់​ ​សិល្បៈ​របាំ​ ​ទីតាំង​ភូមិសាស្ត្រ​ ​និង​សេដ្ឋកិច្ច​ជាដើម​ ​ដោយមាន​ការ​ជួយ​តម្រង់​ទិស​ណែនាំ​ពី​គ្រូបង្រៀន​បន្ថែម​។​ ​បន្ទាប់ពី​បាន​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ​ ​សិស្ស​ត្រូវ​សរសេរជា​អត្ថ​បទ​ខ្លី​ៗ​ ​និង​ត្រៀម​រៀបចំ​សម្ភារ​ ​ដើម្បី​បង្ហាញ​នៅក្នុង​កម្មវិធី​ជួបជុំ​ធំ​មួយ​នៅ​ថ្ងៃទី25ធ្នូ​ ​សម្រាប់​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​។​ ​

​លោក​ ​ពូន ​សា​រឿន​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​បន្ថែម​ពី​ការរៀបចំ​ ​និង​បង្ហាញ​ជា​អត្ថបទ​ ​ឬ​សិល្បៈ​មួយចំនួន​ហើយ​ ​សិស្ស​ក៏​ត្រូវ​បង្ហាញ​ការ​សម្តែង​សិល្បៈ​តាម​ប្រទេស​នី​មួយ​ៗ​ទៅកាន់​អ្នកទស្សនា​ផង​ដែរ​។​ ​ការ​ធ្វើបែប​នេះ​ ​គឺ​ធ្វើ​ឱ្យ​ពួកគេ​អាច​ប្រើប្រាស់​ថ្ងៃទី25ធ្នូ​ ​ដើម្បី​ទទួល​ ​និង​ចែករំលែក​ចំណេះដឹង​ជា​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​»​។​ ​

​លោក​ ​ពូន ​សា​រឿន​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​យើង​ចង់ឱ្យ​យុវជន​សិក្សា​ស្វែងយល់​ឱ្យ​បាន​ទូលំទូលាយ​ពី​វប្បធម៌​នៃ​ប្រទេស​នានា​លើ​ពិភពលោក​ ​តែ​យើង​ក៏​ចង់ឱ្យ​ពួកគេ​សិក្សា​ស្វែងយល់​ស៊ីជម្រៅ​តែម្តង​លើ​មរតក​វប្បធម៌​ខ្មែរ​ផង​ដែរ​។​ ​ហេតុនេះ​ហើយ​ទើប​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​ថ្ងៃទី25ធ្នូ​នេះ​យើង​រៀបចំ​ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ជាច្រើន​ ​ដូចជា​ការស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​តាមសម័យ​កាល​ ​រួម​ទាំង​ការស្រាវជ្រាវ​ប្រកបដោយ​គុណ​តម្លៃ​ជាច្រើន​ផ្សេងទៀត​។​ ​

​យុវតី​ ​លី​ ​ហៀក​ ​សិស្ស​នៃ​សាលារៀន​វេស​ឡាញ​ ​សាខា​សន្ធរ​ម៉ុ​ក​ ​បាន​លើកឡើង​ថា​ ​កម្មវិធី​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ ​នេះ​ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​ជួយ​ឱ្យ​គាត់​មិន​ត្រឹមតែ​ទទួល​បាន​ភាព​រីករាយ​ប៉ុណ្ណោះទេ​ ​តែ​ក៏​ទទួល​បាន​បទ​ពិសោធ​ជាច្រើន​ ​ក្នុង​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រទេស​នានា​ក្នុង​តំបន់​ ​និង​បទ​ពិសោធ​ក្នុង​ការសម្រប​សម្រួលការ​ងារ​ជា​ក្រុម​។​ ​ម្យ៉ាងវិញទៀត​ ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​ផង​ដែរ​សម្រាប់​ឱ្យ​សិស្ស​ដែល​ចូលរួម​ក្នុង​សកម្មភាព​ទាំងអស់​នេះ​ ​បាន​បង្កើន​ភាព​ក្លាហាន​ក្នុង​ការ​សម្តែង​នៅ​លើ​ឆាក​សម្រាប់​ឱ្យ​សិស្សានុសិស្ស​ជាច្រើន​ផ្សេងទៀត​បាន​ទស្សនា​៕​ ​

Advertisement