​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​ ​(​EDI​)​ ​រៀបចំ​សិក្ខាសាលា​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​


​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​ ​(​EDI​)​ ​សហការ​ជាមួយនឹង​មជ្ឈមណ្ឌល​ភាសាអង់គ្លេស​ ​Leaderland​ ​នៃ​បណ្តាញ​អប់រំ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​ដែល​គាំទ្រ​ដោយ​ ​Franklin​ ​Covey​ ​Cambodia​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ទម្លាប់​ល្អ​ទាំង7​ ​យ៉ាង​សម្រាប់​បុគ្គល​ឆ្នើម​ ​ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​កំពុង​ត្រូវការ​ជំនួយ​ដើម្បី​ព្យាបាល​កុមារ​កម្ពុជា​ជាច្រើន​រូប​នៅក្នុង​ខេត្ត​សៀម​រៀប​ ​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ2019​ ​នេះ​។​ ​​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​អគ្គនាយក​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​កម្មវិធី​សិក្ខាសាលា​ទម្លាប់​ល្អ​ទាំង7​ ​យ៉ាង​សម្រាប់​បុគ្គល​ឆ្នើម​ ​នេះ​មាន​គោលបំណង​សំខាន់​ក្នុង​ការ​ផ្តល់​ឱកាស​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​នានា​ ​និង​សាធារណជន​ឱ្យ​បាន​ចូលរួម​ចំណែក​ទាំងអស់គ្នា​ក្នុង​ការ​ធ្វើសកម្មភាព​មនុស្សធម៌​ផង​ ​និង​ទទួល​បានការ​បណ្តុះបណ្តាល​ដើម្បី​អភិវឌ្ឍ​ជីវិត​ ​និង​ផលិតភាព​ការងារ​សម្រាប់​ឆ្នាំ​ថ្មី​ផង​។​ ​ក្នុងនាម​យើង​ជា​ប្រជាជន​ខ្មែរ​ ​យើង​អាច​មានលទ្ធភាព​ក្នុង​ការ​ជួយគ្នា​ ​ជាពិសេស​ការ​ជួយ​ជីវិត​កុមារ​កម្ពុជា​ ​គ្រាន់តែ​យើង​មិនទាន់​មាន​ពេល​ជួបជុំ​ ​ឬមិន​អាច​ចូលរួម​តែម្នាក់ឯង​បាន​។​ ​ហេតុនេះ​យើង​អាចប​ង្កើត​កម្មវិធី​ជុំគ្នា​ដើម្បី​ប្រមូល​ថវិកា​បរិច្ចាគ​រួមគ្នា​សម្រាប់​ជួយ​កិច្ចការ​សង្គម​។​ ​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​បាន​និយាយ​ថា​៖​ ​«​នៅ​ថ្ងៃនេះ​ ​យើង​បាន​រួមគ្នា​បរិច្ចាគ​ថវិកា​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​ ​ថ្វីត្បិតតែ​ថវិកា​ប៉ុន្មាន​ពាន់​ដុល្លារ​នេះ​មិន​ច្រើន​ ​តែ​យើង​សង្ឃឹមថា​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​ជីវិត​កុមារ​កម្ពុជា​មួយចំនួន​តាមរយៈ​សកម្មភាព​ដ៏​ល្អ​របស់​មន្ទីរពេទ្យ​»​។​ ​

​ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​បាន​លើកឡើង​ថា​ ​ថវិកា​ដែល​យើង​បាន​ចូលរួម​ចំណែក​បរិច្ចាគ​នៅ​ថ្ងៃនេះ​ ​បាន​មក​ពី​ការ​បង់ថ្លៃ​របស់​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ ​និង​អ្នកឧបត្ថម្ភ​មួយចំនួន​ផ្សេងទៀត​។​ ​កន្លងមក​យើង​ក៏បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយចំនួន​ផង​ដែរ​ដើម្បី​ជំរុញ​ឱ្យ​មាន​សកម្មភាព​មនុស្សធម៌​ក្នុង​ផ្នែក​នានា​ដែល​កំពុង​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​។​

​លោក​ ​នឹម​ ​ឈុ​ន្នី​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​Vipassa​ ​និង​ជា​អ្នក​រៀបចំ​កម្មវិធី​រត់​ពី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប​ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរបាន​លើកឡើង​ថា​ ​មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​មន្ទីរពេទ្យ​ចិត្តធម៌​ ​និង​មាន​សេវាកម្ម​ល្អ​ដែល​ជួយ​ដល់​កុមារ​កម្ពុជា​ជាច្រើន​រូប​ដោយ​ឥតគិតថ្លៃ​។​ ​ហេតុនេះ​ហើយ​ទើប​លោក​ខិតខំ​ប្រឹងប្រែង​ប្រមូល​ថវិកា​ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​ជីវិត​កុមារ​កម្ពុជា​តាមរយៈ​ការ​ព្យាបាល​របស់​មន្ទីរពេទ្យ​។​ ​លោក​ថាស​កម្ម​ភាព​នៃ​ការរៀបចំ​សិក្ខាសាលា​ ​និង​ការ​ជួយ​របស់​វេស​ឡាញ​ ​នៅ​ថ្ងៃនេះ​ជាសកម្ម​ភាព​ប្រកបដោយ​ភាព​សប្បុរស​ដ៏​ធំធេង​មួយ​ដែល​អាច​ជំរុញ​ឱ្យ​លោក​កាន់តែ​ខិតខំ​ ​និង​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​ទទួល​បាន​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ថវិកា​ប្រចាំឆ្នាំ​៕​

Advertisement