ក្រសួងការងារ​គ្រោង​ជំរុញ​ NTTI​ ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ច្នៃប្រឌិត​បច្ចេកវិទ្យា​

ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET​) ជាផ្នែក​មួយ​ដ៏​សំខាន់​ដែល​កម្ពុជា​កំពុង​ត្រូវការ​ ហេតុនេះ​ហើយ​ទើប​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ទាំងអស់​នេះ​។ ក្នុង​នោះ​ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ (NTTI​) ជាផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​ឱ្យ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​នេះ​ ទទួល​បាន​ជោគជ័យ​លើ​ការបង្កើត​ធនធានមនុស្ស​លើ​ជំនាញ​សំ​ខាន់​ៗជាច្រើន​។

ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​គ្រឹះស្ថាន​សិក្សា​ដ៏​សំខាន់​នេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គ្រោង​នឹង​ដាក់​ឱ្យ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ (NTTI​) ក្លាយទៅជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ថ្មី​ៗដើម្បី​ផ្តល់​ឱកាស​ឱ្យ​និស្សិត​បាន​សិក្សា​ និង​បង្កើត​នវានុវត្តន៍​សម្រាប់​ចូលរួម​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​សង្គម​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ សកម្មភាព​ស្រាវជ្រាវ​ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ NTTI​ អនុវត្ត​នេះ​ គឺ​លើ​វិស័យ​សំណង់​ស៊ីវិល​ អគ្គិសនី​ និង​ព័ត៌មាន​វិទ្យា​។ ជំនាញ​ទាំងអស់​នេះ​សុទ្ធតែ​ជា​ជំនាញ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការចូលរួម​អភិវឌ្ឍ​ប្រទេស​ និង​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ជាច្រើន​ទាំង​ឧស្សាហកម្ម​ សិប្បកម្ម​ និង​កសិកម្ម​ជាដើម​។

ឯកឧត្តម​បាន​មានប្រសាសន៍​ថា​ មជ្ឈមណ្ឌល​ជាតិ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នឹង​ក្លាយជា​កន្លែង​ផ្លាស់​ប្តូរ​មតិយោបល់​ និង​ចែករំលែក​បទ​ពិសោធ​លើ​ជំនាញ​ជាច្រើន​រវាង​វិស័យ​ឯកជន​ និង​គ្រឹះស្ថាន​សាធារណៈ​នានា​នៅ​កម្ពុជា​។ សកម្មភាព​នេះ​ គឺ​ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​សិស្ស​-និស្សិត​ ឬសិក្ខាកាម​ទាំងអស់​បាន​ទទួល​នូវ​ចំណេះដឹង​ទាំង​ទ្រឹស្ដី​ និង​ការអនុវត្ត​ជាក់ស្តែង​ សម្រាប់​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​មុន​ចេញទៅ​ប្រកបការងារ​ ឬប្រកប​អាជីវកម្ម​ជាក់ស្តែង​នៅក្នុង​សង្គម​។ បន្ថែម​ពីលើ​នេះ​ វា​ក៏​ជា​ការ​បណ្តុះ​បណ្តាល​ដើម្បី​ឆ្លើយតបទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដែល​កំពុង​ទាមទារ​ឱ្យ​មានគំនិត​នវានុវត្តន៍​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​កាន់តែ​ច្រើន​នៅក្នុង​ពិភពលោក​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​មានប្រសាសន៍​ថា​៖ «ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការអប់រំ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ឆ្លើយតប​ជាមួយនឹង​ទីផ្សារ​ការងារ​ជាក់ស្តែង​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ​ ក្រសួង​ជំរុញ​ឱ្យ​មាន​ទំនើបកម្ម​ដោយ​ផ្ទាល់​ទៅ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ដែល​ស្ថិត​ក្រោម​ចំណុះ​របស់ក្រ​សួង​ការងារ​»។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ ដើម្បី​ឱ្យ​ការអប់រំ​កាន់តែ​ប្រសើរ​ យើង​ក៏​ត្រូវការ​អ្នក​បណ្តុះបណ្តាល​ពូកែ​ផង​ដែរ​ ហេតុនេះ​បុគ្គលិក​ សាស្រ្តា​ចារ្យ​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ ត្រូវ​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​បន្ថែម​ខ្លួនឯង​ផង​ និង​អប់រំ​បណ្តុះបណ្តាល​ រួម​ទាំង​លើកទឹកចិត្ត​សិស្ស​ឱ្យ​ខិតខំ​សិក្សា​ផង​។ ការ​ធ្វើបែប​នេះ​នឹងអាច​ធ្វើ​ឱ្យ​គ្រឹះស្ថាន​អប់រំ​មួយ​នេះ​ក្លាយជា​ស្ថាប័ន​បណ្តុះបណ្តាល​នាំមុខ​គេ​ផ្នែក​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​។ ឯកឧត្តម​រំពឹង​ថា​ នៅ​ទីនេះ​ទាំង​ប្រព័ន្ធ​គ្រប់គ្រង​ សមត្ថភាព​បណ្តុះបណ្តាល​ និង​សមត្ថភាព​សិស្ស​នឹង​មានការ​អភិវឌ្ឍ​កាន់តែ​ខ្លាំង​ក្រោយ​ការ​ធ្វើ​ទំនើបកម្ម​។

ដើម្បី​ជា​ការជំរុញ​ឱ្យ​សិស្ស​-និស្សិត​ដែល​ភាគច្រើន​ជា​យុវជន​ចាប់អារម្មណ៍​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ទាំង​បច្ចុប្បន្ន​ និង​អនាគត​ ឯកឧត្តម​ស្នើ​ដល់​សាស្រ្តា​ចារ្យ​ឱ្យ​ខិតខំ​អភិវឌ្ឍ​ធ្វើ​យ៉ាងណា​ឱ្យ​ទាន់​ដំណើរ​ប្រែប្រួល​របស់​បច្ចេកទេស​ពិភពលោក​។

បន្ថែម​ពីលើ​នេះ​ យើង​គួរ​ព្យាយាម​បញ្ចូល​នូវ​បច្ចេកវិទ្យា​ទាំងឡាយ​ណា​ដែល​អាច​នឹង​មាន​តម្រូវការ​ខ្ពស់​នៅ​ថ្ងៃ​អនាគត​ ដើម្បី​ធានា​ថា​ការសិក្សា​របស់​សិស្ស​នឹង​មិន​ហួស​តម្រូវការ​ក្រោយពេល​ពួកគាត់​បាន​បញ្ចប់​ការសិក្សា​ឡើយ​៕

Advertisement