អៀរឡង់​ ប្រើ​វិធី​អ្វីខ្លះ​ក្នុង​ការ​កែប្រែ​យុវជន​ប្រមឹក​ ឱ្យ​ក្លាយជា​ពល​រដ្ឋ​គំរូ​នា​ពេល​បច្ចុប្បន្ន​?

ប្រទេស​អៀរឡង់​ (Ireland​) ជា​ប្រទេស​ដែល​ល្បីល្បាញ​ផ្នែក​ប្រជាជន​មាន​សេចក្តី​សុខ​ខ្លាំង​ជាងគេ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​ ជា​អតីត​ប្រទេស​ដែល​ពោរពេញ​ដោយ​យុវជន​ប្រមឹក​ធ្ងន់ធ្ងរ​កាលពី​ជាង​ 20ឆ្នាំមុន​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ ប្រទេស​មួយ​នេះ​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​ផ្លាស់​ប្តូរ​វប្បធម៌​ស្រវឹង​ខួប​ ឱ្យ​ក្លាយជា​ប្រទេស​ដែល​មាន​ប្រជាជន​គំរូ​ក្នុង​ក្រ​សែរ​ភ្នែក​របស់​ពិភពលោក​។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​បញ្ជាក់​ថា​ កាល​ពី​ជាង​ 20ឆ្នាំមុន​ អៀរឡង់​ ជា​ប្រទេស​ដែល​មាន​ប្រជាជន​ផឹក​គ្រឿងស្រវឹង​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​នៅ​ទ្វីបអឺរ៉ុប​។ បើ​តាម​ទិន្នន័យ​ពី​ស្ថាប័ន​ Mosaic​ Science​ បាន​បញ្ជាក់​ថា​ យុវជន​នៃ​ប្រទេស​នេះ​រហូតដល់​ទី​ 42​% ប្រើប្រាស់​គ្រឿងស្រវឹង​យ៉ាងច្រើន​កាលពីមុន​ ហើយ​ជា​រៀងរាល់ថ្ងៃ​មាន​យុវជន​ប្រមាណ​ 23​% បាន​ជក់បារី​។

នៅពេល​នោះ​ អ្វី​ដែល​ជា​បញ្ហា​លំបាក​ គឺ​យុវជន​ជក់​ជាមួយនឹង​ភាព​រីករាយ​ ជាមួយនឹង​គ្រឿងស្រវឹង​ រួម​ទាំង​ទម្លាប់​ជាច្រើន​ផ្សេងទៀត​ដែល​ប៉ះពាល់​ដល់​សុខភាព​ រហូត​ធ្វើ​ឱ្យ​ការអប់រំ​លើ​បញ្ហា​គ្រឿងស្រវឹង​ និង​គ្រឿងញៀន​ក្លាយជា​រឿង​គ្មាន​ប្រសិទ្ធភាព​។ ក្រៅពី​នេះ​ អ្វី​ដែល​ជា​កត្តា​ប្រឈម​ធំជាង​គេ​នោះ​គឺ​ ទោះបីជា​យុវជន​បាន​យល់ដឹង​ច្បាស់​ពី​ការ​ផលវិបាក​នៃ​ការប្រើ​ប្រាស់​គ្រឿងស្រវឹង​ និង​ផល​ប៉ះពាល់​នៃ​បញ្ហា​ទាំងអស់​នោះ​រួចហើយ​ក្ដី​ ក៏​ពួកគេ​នៅតែ​ព្យាយាម​អនុវត្ត​ដដែល​។

ដោយ​មើលឃើញ​ពី​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​ អ្នក​ចិត្ត​សាស្រ្ត​នៅក្នុង​ប្រទេស​នោះ​បាន​ចាប់ផ្តើម​ស្វែងរក​ពី​មូលហេតុ​ដែល​នឹង​ធ្វើ​ឱ្យ​យុវវ័យ​កាត់បន្ថយ​ការ​ប្រើប្រាស់​គ្រឿងស្រវឹង​ ឬសេព​គ្រឿងស្រវឹង​ក្នុង​កម្រិត​ត្រឹមត្រូវ​ ដែល​មិន​ប៉ះពាល់​ខ្លាំង​ដល់​ការរស់នៅ​។

ជា​លទ្ធផល​ ក្រោយ​ការសិក្សា​ស្រាវជ្រាវ​គេ​រក​ឃើញ​ថា​ បញ្ហា​ដែល​ធ្វើ​ឱ្យ​យុវវ័យ​ទទួលទាន​គ្រឿងស្រវឹង​ច្រើន​គឺ​ បណ្ដាលមកពី​ការ​ខ្វះ​ភាព​ស្និទ្ធស្នាល​ពី​ក្រុម​គ្រួសារ​ បញ្ហា​កង្វះ​សកម្មភាព​កម្សាន្ត​នៅក្នុង​ការអប់រំ​ និង​អាការ​ធុញទ្រាន់​នៅក្នុង​ផ្ទះ​នា​ពេលយប់​។

ជា​ដំណោះស្រាយ​ អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​អាណាព្យាបាល​ទូទាំង​ប្រទេស​ចាប់ផ្តើម​ចាប់អារម្មណ៍​ និង​ងាក​មក​ចំណាយពេល​វេលា​នៅជា​មួយ​នឹង​កូន​ ជាពិសេស​ក្មេង​វ័យ​ជំទង់​ឱ្យ​បាន​ច្រើនជាង​មុន​។

ចំណុច​នេះ​បាន​ធ្វើ​ឱ្យ​យុវជន​វ័យក្មេង​មួយចំនួន​ចាប់ផ្តើម​កាត់បន្ថយ​ពេលវេលា​នៅជា​មួយ​មិត្តភក្តិ​ខាងក្រៅ​ ហើយ​ចំណាយពេល​រីករាយ​ជាមួយនឹង​ក្រុម​គ្រួសារ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​កាត់បន្ថយ​ការ​ទទួលទាន​គ្រឿងស្រវឹង​បាន​មួយ​ផ្នែក​ធំ​។

បន្ថែម​ពីលើ​ការអប់រំ​ក្នុង​គ្រួសារ​ហើយ​ នៅ​គ្រឹះស្ថាន​អប់រំ​ ប្រទេស​អៀរឡង់​ ក៏បាន​បន្ថែម​ម៉ោង​សម្រាប់​សកម្មភាព​កម្សាន្ត​ និងកីឡា​យ៉ាង​ទៀងទាត់​នៅក្នុង​សាលា​ ដែល​ធ្វើ​ឱ្យ​យុវវ័យ​ចាប់ផ្តើម​ចំណាយពេល​វេលា​ និង​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រកួតប្រជែង​កីឡា​នៅក្នុង​សាលា​។ កត្តា​ទាំងអស់​នេះ​ បាន​ធ្វើ​ឱ្យ​យុវជន​ចាប់ផ្តើម​ផ្តោត​អារម្មណ៍​សំខាន់​លើ​ការ​ធ្វើការងារ​ជា​ក្រុម​ ការ​ដោះស្រាយ​បញ្ហា​រួមគ្នា​ និង​ការ​ប្រឹងប្រែង​រក្សាសុខ​ភាព​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​ប្រជែង​ទាំង​ក្នុង​សាលា​ ក្នុង​សហគមន៍​ និង​សម្រាប់​ការប្រកួត​ប្រជែង​នានា​បន្ថែម​ទៀត​។

ចំណុច​បន្ថែម​មួយទៀត​នោះ​ គឺ​អ្នក​ចិត្តសាស្ត្រ​បាន​ណែនាំ​ឱ្យ​គ្រួសារ​ និង​យុវជន​មាន​សកម្មភាព​រួម​គ្នា​នៅពេល​យប់​ នៅក្នុង​ពេលវេលា​សមស្រប​ណាមួយ​ ដើម្បី​កាត់​បន្ថយ​ស្រ្តេ​សដែល​កើត​ចេញពី​ភាព​ស្មុគស្មាញ​ក្នុង​ការសិក្សា​ ឬការងារ​ជាដើម​។

បន្ថែម​ពីលើ​នេះ​ សកម្មភាព​យុវជន​ក៏អាច​ធ្វើ​ដោយខ្លួនឯង​បាន​ តាមរយៈ​ការ​បែរ​ចំណាប់​អារម្មណ៍​មក​លម្ហែ​អារម្មណ៍​ជាមួយនឹង​សិល្បៈ​ដ៏​សម្បូ​បែបដូចជា​ការ​លេង​តន្ត្រី​ ការ​ច្រៀង​ រាំ​ ការ​លេង​កីឡា​ និង​ចូលរួម​ក្នុង​ក្លិប​សិល្បៈ​ក្នុង​ទម្រង់​ផ្សេង​ៗទៀត​ ដែល​អាច​ធ្វើ​ឱ្យ​យុវវ័យ​ទទួល​បាន​អារម្មណ៍​រីករាយ​ និង​ផ្តោត​ភាព​រីករាយ​លើ​សិល្បៈ​ឱ្យ​បាន​ច្រើន​។

ក្រោយពេល​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ពី​ការ​ចាប់ផ្តើម​បន្តិច​ម្តង​ៗហើយ​ ក្រុម​គ្រួសារ​នី​មួយ​ៗចាប់ផ្តើម​បង្វែរ​គំនិត​ដោយ​ឱ្យ​ពួកគេ​គិតថា​ ការ​ចំណាយពេល​លើស​កម្ម​ភាព​ត្រឹមត្រូវ​ទាំងអស់​នោះ​ មិនមែន​ជា​រឿង​ឥតប្រយោជន៍​នោះ​ទេ​ តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​លើ​ការអប់រំ​ចិត្តគំនិត​ និង​កសាង​ទម្លាប់​ល្អ​របស់​យុវវ័យ​ផង​ដែរ​។ ជា​លទ្ធផល​នៅ​ឆ្នាំ2012​ មាន​យុវជន​ 42​% ចន្លោះ​អាយុ​ចាប់ពី​ 15​ ដល់16ឆ្នាំ​ ចាប់ផ្តើម​លេង​កីឡា​ 4ដង​ក្នុង​ 1សប្តាហ៍​ ហើយ​សាលារៀន​ក៏​ចាប់ផ្តើម​បើក​វគ្គ​បង្រៀន​អាណាព្យាបាល​ពី​វិធី​សាស្រ្ត​ក្នុង​ការ​ជួយ​កូន​ឱ្យ​ចេញ​ឆ្ងាយ​ពី​គ្រឿងស្រវឹង​ច្រើនជ្រុល​។

បន្ថែម​ពីលើ​នេះ​ សាលា​ក៏​ណែនាំ​ឱ្យ​អាណាព្យាបាល​ចំណាយពេល​វេលា​ឱ្យ​មានប្រសិទ្ធភាព​កាន់តែ​ខ្លាំង​សម្រាប់​កូន​ៗរបស់​ពួកគេ​ ដែល​ធ្វើ​ឱ្យ​ទិន្នន័យ​នៃ​យុវជន​ដែល​ចំណាយ​ពេល​ជាមួយ​គ្រួសារ​បាន​កើនឡើង​ទ្វេដង​ជា​រៀងរាល់​ឆ្នាំ​។

ជា​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែម​ទៀត​នោះ​ គឺ​អាជ្ញាធរ​បាន​កំណត់​អាយុ​ត្រឹមត្រូវ​មិន​ឱ្យ​យុវវ័យ​អាយុ​ក្រោម​ 18ឆ្នាំ​ទិញ​ផលិតផល​ទាក់ទង​នឹង​ថ្នាំជក់​ និង​មិន​អនុញ្ញាត​ឱ្យ​លក់​ស្រា​ឱ្យ​ក្រុម​យុវជន​ដែល​មាន​អាយុ​ក្រោម​ 20ឆ្នាំ​ឡើយ​។ ហើយ​សម្រាប់​ការកម្សាន្ត​ដល់​យប់ជ្រៅ​សម្រាប់​យុវជន​វ័យ​ 16ឆ្នាំ​ដោយ​គ្មាន​វត្តមាន​ក្រុម​គ្រួសារ​នៅជា​មួយ​ នឹង​ក្លាយជា​រឿង​ខុសច្បាប់​។

ចាប់ផ្តើម​ពី​សកម្មភាព​ទាំងអស់​នេះ​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ គេ​សង្កេតឃើញ​ថា​ ចំនួន​យុវជន​ដែល​ទទួលទាន​គ្រឿងស្រវឹង​ញឹកញាប់​ក្នុង​ 1ខែៗ​ បាន​ធ្លាក់ចុះ​រហូតដល់​ 90​% មកដល់​បច្ចុប្បន្ន​ ហើយ​ពេលនេះ​ចំនួន​យុវវ័យ​អាយុ​ចាប់ពី​ 15​ ដល់​ 16ឆ្នាំ​ ដែល​សេព​គ្រឿងស្រវឹង​មានត្រឹមតែ​ 3% ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស​។

គំរូ​នៃ​សកម្មភាព​ទាំងអស់​នេះ​ បាន​ធ្វើ​ឱ្យ​យុវជន​រាប់​លាន​នាក់​នៅក្នុង​ប្រទេស​ចាប់ផ្តើម​ក្លាយជា​មនុស្ស​ដែល​មាន​ភាព​កក់ក្តៅ​ មានការ​យល់ដឹង​ខ្ពស់​ រួម​ទាំង​មានទម្លាប់​ល្អ​ទៀត​ផង​៕

Advertisement