វេស​ឡា​ញប​ង្កើត​គម្រោង​ឱ្យ​សិស្ស​ស្រាវជ្រាវ​ និង​បង្ហាញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​

នៅក្នុង​យុគសម័យ​បច្ចុប្បន្ន​នេះ​ ការសិក្សា​ចាំបាច់​ត្រូវតែ​មាន​ភាព​ទូលំទូលាយ​ ព្រោះ​ការ​ធ្វើការងារ​ និង​ការប្រកួត​ប្រជែង​កាន់តែ​មាន​លក្ខណៈ​ធំ​ទូលាយ​ឡើង​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​។ ដោយ​មើលឃើញ​ពី​ចំណុច​នេះ​ ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​បង្កើត​គម្រោង​សំខាន់​មួយ​ ដែល​អនុញ្ញាត​ឱ្យ​សិស្ស​ក្នុង​បណ្តាញ​សាលារៀន​របស់​ខ្លួន​ បាន​បង្ហាញ​សមត្ថភាព​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ពី​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​។

លោក​ ប៊ូ​ សា​រឿន​ នាយក​សាលា​វេស​ឡាញ​ សាខា​សន្ធរ​ម៉ុ​ក បាន​លើកឡើង​ថា​ កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​មានឈ្មោះ​ថា​ “ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​” ដែល​គោលបំណង​សំខាន់​នៃ​កម្មវិធី​នេះ​ គឺ​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ចេះ​សិក្សា​ស្រាវជ្រាវ​ ធ្វើការងារ​ជា​ក្រុម​ បង្កើន​ភាពជា​អ្នកដឹកនាំ​ និង​ស្វែងយល់​ពី​វប្បធម៌​ និង​ការរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ទូលំទូលាយ​។ កម្មវិធី​នេះ​តម្រូវ​ឱ្យ​សិស្ស​ស្រាវជ្រាវ​តាមរយៈ​បច្ចេកវិទ្យា​ពី​ប្រទេស​នី​មួយ​ៗក្នុង​តំបន់​អាស៊ាន​ឱ្យ​បាន​ច្បាស់​លាស់​ ទាំង​វប្បធម៌​ ការ​ស្លៀកពាក់​ ទំនៀមទម្លាប់​ សិល្បៈ​របាំ​ ទីតាំង​ភូមិសាស្ត្រ​ និង​សេដ្ឋកិច្ច​ជាដើម​ ដោយមាន​ការ​ជួយ​តម្រង់​ទិស​ណែនាំ​ពី​គ្រូបង្រៀន​បន្ថែម​។ បន្ទាប់ពី​បាន​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ​ សិស្ស​ត្រូវ​សរសេរជា​អត្ថ​បទ​ខ្លី​ៗ និង​ត្រៀម​រៀបចំ​សម្ភារ​ ដើម្បី​បង្ហាញ​នៅក្នុង​កម្មវិធី​ជួបជុំ​ធំ​មួយ​នៅ​ថ្ងៃទី25ធ្នូ​ សម្រាប់​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ទិសដៅ​ទេស​ចរណ៍​ក្នុង​តំបន់​អាស៊ាន​។

លោក​ ប៊ូ​ សា​រឿន​ បាន​មានប្រសាសន៍​ថា​៖ «បន្ថែម​ពី​ការរៀបចំ​ និង​បង្ហាញ​ជា​អត្ថបទ​ ឬសិល្បៈ​មួយចំនួន​ហើយ​ សិស្ស​ក៏​ត្រូវ​បង្ហាញ​ការ​សម្តែង​សិល្បៈ​តាម​ប្រទេស​នី​មួយ​ៗទៅកាន់​អ្នកទស្សនា​ផង​ដែរ​។ ការ​ធ្វើបែប​នេះ​ គឺ​ធ្វើ​ឱ្យ​ពួកគេ​អាច​ប្រើប្រាស់​ថ្ងៃទី25ធ្នូ​ ដើម្បី​ទទួល​បាន​ និង​ចែករំលែក​ចំណេះដឹង​ជា​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​»។

លោក​ ប៊ូ​ សា​រឿន​ បាន​លើកឡើង​ផង​ដែរ​ថា​ យើង​ចង់ឱ្យ​យុវជន​សិក្សា​ស្វែងយល់​ឱ្យ​បាន​ទូលំទូលាយ​ពី​វប្បធម៌​នៃ​ប្រទេស​នានា​លើ​ពិភពលោក​ តែ​យើង​ក៏​ចង់ឱ្យ​ពួកគេ​សិក្សា​ស្វែងយល់​ស៊ីជម្រៅ​តែម្តង​លើ​មរតក​វប្បធម៌​ខ្មែរ​ផង​ដែរ​។ ហេតុនេះ​ហើយ​ទើប​ជា​រៀងរាល់​ឆ្នាំ​ នៅ​ថ្ងៃទី25ធ្នូ​នេះ​យើង​រៀបចំ​ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ជាច្រើន​ ដូចជា​ការស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​តាមសម័យ​កាល​ រួម​ទាំង​ការស្រាវជ្រាវ​ប្រកបដោយ​គុណ​តម្លៃ​ជាច្រើន​ផ្សេងទៀត​។

យុវតី​ លី​ ហៀក​ សិស្ស​នៃ​សាលារៀន​វេស​ឡាញ​ សាខា​សន្ធរ​ម៉ុ​ក បាន​លើកឡើង​ថា​ កម្មវិធី​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ នេះ​ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​ជួយ​ឱ្យ​គាត់​មិន​ត្រឹមតែ​ទទួល​បាន​ភាព​រីករាយ​ប៉ុណ្ណោះទេ​ តែ​ក៏​ទទួល​បាន​បទ​ពិសោធ​ជាច្រើន​ ក្នុង​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រទេស​នានា​ក្នុង​តំបន់​ និង​បទ​ពិសោធ​ក្នុង​ការសម្រប​សម្រួលការ​ងារ​ជា​ក្រុម​។ ម្យ៉ាងវិញទៀត​ វា​ក៏​ជា​ឱកាស​ដ៏​ល្អ​ផង​ដែរ​សម្រាប់​ឱ្យ​សិស្ស​ដែល​ចូលរួម​ក្នុង​សកម្មភាព​ទាំង​-អស់នេះ​ បាន​បង្កើន​ភាព​ក្លាហាន​ក្នុង​ការ​សម្តែង​នៅ​លើ​ឆាក​សម្រាប់​ឱ្យ​សិស្សានុសិស្ស​ជាច្រើន​ផ្សេង​ទៀត​បាន​ទស្សនា​៕

Advertisement