តើ​ការ​អាន​បែប​ណា​ទើប​រាប់​ថា​ ជា​ការ​អាន​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ជីវិត​?

ការ​អាន​ជាផ្នែក​យ៉ាង​សំខាន់​សម្រាប់​ជីវិត​មនុស្ស​នៅ​លើ​ពិភពលោក​ ព្រោះ​ស្ទើរតែ​ 100​%នៃ​ប្រជាជន​ក្នុង​ប្រទេស​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការអប់រំ​ និង​ការ​អាន​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកជំនាញ​ ឬជា​ប្រជាជន​ដែល​ប្រកបដោយ​សមត្ថភាព​រហូតមកដល់​បច្ចុប្បន្ន​។

ទោះ​ជា​យ៉ាងនេះ​ក្តី​ គ្រាន់តែ​អាន​អត្ថបទ​នៅក្នុង​ប្រព័ន្ធ​អប់រំ​ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​ការរស់នៅ​របស់​មនុស្ស​ម្នា​ក់ៗ​។

មាន​ប្រភេទ​សៀវភៅ​ និង​អត្ថបទ​ជាច្រើន​ផ្សេងទៀត​ ដែល​ទាមទារ​ឱ្យ​មនុស្ស​គ្រប់គ្នា​ស្វែងយល់​ និង​ប្រើប្រាស់​វា​ប្រកបដោយ​ប្រសិទ្ធភាព​ តែ​អ្វី​ដែល​ជា​ឧបសគ្គ​ គឺ​មនុស្ស​ជាច្រើន​មិនទាន់​ដឹងពី​វិធី​ក្នុង​ការ​អាន​ឱ្យ​មានប្រសិទ្ធភាព​សម្រាប់​ការរស់នៅ​របស់​ខ្លួន​នៅឡើយ​។

លោក​ សុខ​ ឡាក់​ ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត​ បាន​លើកឡើង​ថា​ មនុស្ស​ដែល​ចូលចិត្ត​អាន​ ជា​មនុស្ស​មាន​សមត្ថភាព​ល្អ​មួយ​ក្នុង​ការ​អភិវឌ្ឍ​ជីវិត​ ព្រោះ​គាត់​ទទួល​បាន​ព័ត៌មាន​ច្រើន​សម្រាប់​ការសម្រេច​ចិត្ត​ និង​សម្រាប់​ការ​បន្ត​អភិវឌ្ឍន៍​អ្វី​ដែល​មាន​ ស្រាប់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក សុខ ឡាក់ ស្ថាបនិកបណ្ណាល័យបញ្ញវន្ត

ជា​ឧទាហរណ៍​ប្រសិនបើ​យើង​ជា​អ្នកធ្វើការ​ងារ​ ការ​អាន​ច្រើន​នឹង​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ចំណេះដឹង​ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​ការងារ​ ការបង្កើត​ជា​គំ​និ​តថ្មី​ៗសម្រាប់​ជំរុញ​ឱ្យ​ការ​ធ្វើការងារ​ជា​ក្រុម​ទទួល​បាន​ជោគជ័យ​ និង​លេចធ្លោ​ជាង​ក្រុម​ដទៃ​ ជាដើម​។

ប្រសិនបើ​យើង​ជា​អ្នកធ្វើ​អាជីវកម្ម​ ការ​អាន​នឹងអាច​ធ្វើ​ឱ្យ​យើង​រក​ឃើញ​គំ​និ​តល្អ​ៗ ថ្មី​ៗ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាជីវកម្ម​របស់​យើង​ឱ្យ​មាន​ភាព​ប្លែក​ពី​គេ​ មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ និង​ទទួល​បាន​ចំណែក​ទីផ្សារ​កាន់តែ​ធំឡើង​ ជាដើម​។ ទោះជា​យ៉ាងនេះ​ក្តី​ ប្រសិនបើ​យើង​មិន​យល់​ពី​វិធី​សាស្រ្ត​ក្នុង​ការ​អាន​ឱ្យ​មានប្រសិទ្ធភាព​ទេ​នោះ​ យើង​នឹង​ចំណាយ​ទាំង​ពេលវេលា​ ទាំង​ថវិកា​ដោយ​ឥតប្រយោជន៍​ ព្រោះ​ការ​អាន​បែបនេះ​អាច​នឹង​ចំណាយ​ពេលវេលា​ច្រើន​ តែ​ទទួល​បាន​លទ្ធផល​ល្អ​តិច​។

លោក​ សុខ​ ឡាក់​ បាន​និយាយ​ថា​៖ «ដើម្បី​ការ​អាន​របស់​យើង​ធ្វើ​ឱ្យ​មានប្រសិទ្ធភាព​ គឺ​ដំបូង​ឡើយ​ យើង​ត្រូវ​ព្យាយាម​អាន​ឱ្យ​យល់​ ហើយ​បកប្រែ​(ឬបំបែក​)ការយល់​ដឹង​នេះ​ទៅជា​សកម្មភាព​ឱ្យ​បាន​»។

ស្ថាបនិក​បណ្ណាល័យ​ខាងលើ​បាន​ណែនាំ​ថា​ ការ​អាន​ឱ្យ​យល់​នេះ​ ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​ឱ្យ​យើង​អាច​មាន​សមត្ថភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត​ តែ​គ្រាន់តែ​យល់​ មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​…។

សមត្ថភាព​មួយ​ផ្សេង​ទៀត​ដែល​មនុស្ស​ត្រូវ​មាន​ដែរ​នោះ​ គឺ​ការបកប្រែ​(ឬបំបែក​)អ្វី​ដែល​ជា​ចំណេះដឹង​(ដែល​យើង​ទទួល​បាន​)ទាំងអស់​នោះ​ ឱ្យ​ក្លាយជា​សកម្មភាព​ជាក់ស្តែង​ដើម្បី​អនុវត្ត​នៅក្នុង​ដំណើរ​ជីវិត​ ឬក្នុង​មុខរបរ​អាជីវកម្ម​។

ការ​ប្រែក្លាយ​អ្វី​ដែល​យើង​ដឹង​ ឱ្យ​ក្លាយជា​សកម្មភាព​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​ ព្រោះ​វា​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ និង​អត់ធ្មត់​ក្នុង​ការអនុវត្ត​នូវ​សកម្មភាព​ទាំងឡាយ​ណា​ដែល​មិនមែន​ជា​ទម្លាប់​ដើម​របស់​យើង​។

ហេតុ​នេះ​ហើយ​ទើប​មាន​មនុស្សជា​ច្រើន​ដែល​ចេះដឹង​ហើយ​ តែ​មិន​មានការ​រីកចម្រើន​ ព្រោះ​ពួកគេ​គ្រាន់តែ​ដឹង​ តែ​មិនព្រម​ធ្វើសកម្មភាព​ ឬប្រើប្រាស់​ចំណេះដឹង​ទាំងអស់​នោះ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​។

ចំណុច​សំខាន់​មួយផ្សេងទៀត​ដែល​លោក​ សុខ​ ឡាក់​ បាន​លើកឡើង​ដែរ​នោះ​ គឺ​ក្រោយពេល​អនុវត្ត​បាន​ហើយ​ មនុស្ស​គ្រប់គ្នា​គួរ​ចេះ​បំបែក​ផ្នត់គំនិត​ទាំងអស់​នោះ​ឱ្យ​ក្លាយជា​ទស្សនៈ​ ឬវិធី​សាស្រ្ត​ថ្មី​សម្រាប់​ជីវិត​រស់នៅ​ និង​សម្រាប់​ជា​ប្រយោជន៍​ចំពោះ​អ្នកដទៃ​។

លោក​និយាយ​ថា​ នេះ​ជា​ដំណាក់កាល​ខ្ពស់​មួយទៀត​ នៃ​ការ​អាន​ដែល​មានប្រសិទ្ធភាព​ ព្រោះ​គ្រាន់តែ​ចេះ​អនុវត្ត​ យើង​នឹង​ទទួល​បានផល​ល្អ​មួយ​សម្រាប់​ការ​រស់​នៅ​រួចហើយ​ តែ​ប្រសិនបើ​យើង​មាន​សមត្ថភាព​ខ្លាំង​រហូតដល់​ទៅ​ចេះកែ​ច្នៃ​គំនិត​ទាំងអស់​នោះ​ឱ្យ​ក្លាយជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ​ ឬជា​នវានុវត្តន៍​ទៀតផង​នោះ​ យើង​នឹង​ទទួល​បានផល​ប្រយោជន៍​យ៉ាង​ធំធេង​អំពី​ការ​អាន​។

ការ​អាន​ដែល​ធ្វើ​ឱ្យ​យើង​ឈាន​ដល់​នវានុវត្តន៍​នៃ​គំនិត​នេះ​ ត្រូវ​ទាមទារ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការសង្កេត​ អនុវត្ត​ និង​ពិចារណា​ ដើម្បី​ឈាន​ទៅដល់​ការ​បំបែក​គំនិត​របស់​មនុស្សជា​ច្រើន​បញ្ចូល​គ្នា​បាន​។

ក្រៅពី​នេះ​ វា​ក៏​ទាមទារ​ឱ្យ​យើង​ខិតខំ​ប្រឹងប្រែង​អាន​ឱ្យ​បាន​ច្រើន​ ដើម្បី​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ណា​ដែល​ស្រដៀងគ្នា​ដើម្បី​យក​មក​ពិចារណា​ឱ្យ​ក្លាយជា​ច្រកចេញ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​គំនិត​ថ្មី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មកដល់ពេលនេះ​កំណើន​នៃ​ការ​អាន​ បាន​ចាប់ផ្តើម​មាន​លក្ខណៈ​វិជ្ជមាន​ជា​បណ្ដើរ​ៗហើយ​ បើ​ទោះបីជា​បណ្តាញ​បច្ចេកវិទ្យា​បាន​ដើរលឿន​យ៉ាងណាក៏ដោយ​។

តាមរយៈ​ពិព័រណ៍​សៀវភៅ​ដែល​មាន​អ្នកចូលរួម​ច្រើន​ ជាពិសេស​យុវជន​បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​ ហេតុនេះ​វា​បាន​ក្លាយជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​មួយ​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​សមត្ថភាព​ និង​ផលិតភាព​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព​។

អ្វី​ដែល​ជា​ចំណុច​ត្រូវ​ផ្តោត​បន្ត​នៅក្នុង​កាលៈទេសៈ​នេះ​ គឺ​មិនមែន​គ្រាន់តែ​ជំរុញ​ឱ្យ​មនុស្ស​ចូលចិត្ត​អាន​ប៉ុណ្ណោះទេ​ តែ​ត្រូវ​ជំរុញ​ និង​រិះរក​វិធី​សា​ស្ត្រថ្មីៗ​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ដែល​កំពុង​ចាប់អារម្មណ៍​លើ​ការ​អាន​ស្រាប់ហើយ​នោះ​ ចេះ​ប្រើប្រាស់​អំណាន​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​អាន​របស់​ពួកគេ​៕

Advertisement