អ្នកជំនាញ​រក​ឃើញថា​ រៀន​តន្ត្រី​ ជួយ​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​សិក្សា​ និង​គុណភាព​ជីវិត​

អាណាព្យាបាល​គ្រប់រូប​តែងតែ​ចង់​ឱ្យ​កូន​ៗក្លាយជា​មនុស្ស​មាន​សមត្ថភាព​ ចំណេះដឹង​ និង​សេចក្តី​សុខ​ក្នុង​ជីវិត​ តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​របស់​អាណាព្យាបាល​នៅ​កម្ពុជា​ គឺ​ពួកគាត់​មិន​សូវ​មានចំណេះ​ដឹង​ក្នុង​ភាពជា​អាណាព្យាបាល​ (Parenting​ Skill​) ដោយ​បញ្ហា​ទាំងអស់​នេះ​ធ្វើ​ឱ្យ​ពួកគាត់​មើល​មិនឃើញ​ពី​គុណសម្បត្តិ​នានា​ ជុំវិញ​ការអប់រំ​របស់​កូន​ ក្រៅពី​ការសិក្សា​តែ​មុខវិជ្ជា​គោល​ក្នុង​សាលា​។

តាម​ការ​បញ្ជាក់​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF​) បានឱ្យ​ដឹង​ថា​ ការសិក្សា​តន្ត្រី​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​វិធីសាស្ត្រ​ល្អ​បំផុត​ក្នុង​ការអប់រំ​ ទាំង​ចិត្ត​សាស្រ្ត​ និង​ឥរិយាបថ​របស់​កុមារ​ឱ្យ​ក្លាយជា​មនុស្សម្នាក់​ប្រកបដោយ​សមត្ថភាព​ខ្ពស់​នៅ​ថ្ងៃ​អនាគត​។

អ្នកជំនាញ​ចិត្តសាស្ត្រ​និយាយ​ថា​ តាម​ការសង្កេត​លើ​កុមារ​ជាច្រើន​លើ​ពិភពលោក​ ដែល​កំពុង​រៀន​លេង​គ្រឿង​តន្ត្រី​ ឃើញថា​ ពួកគេ​ភាគច្រើន​មានកម្រិត​ពិន្ទុ​ (Grade​) ខ្ពស់​លើ​ភាសាអង់គ្លេស​ វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​។

ចំណុចខ្លាំង​ទាំងអស់​នេះ​ កើតឡើង​បាន​ដោយសារតែ​តន្ត្រី​ធ្វើ​ឱ្យ​មនុស្ស​ផ្តោត​អារម្មណ៍​ និង​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ ព្រោះ​អ្នក​ដែល​រៀន​តន្ត្រី​បាន​លុះត្រាតែ​ជា​មនុស្ស​ដែល​មានការ​អត់ធ្មត់​លើ​ការគ្រប់គ្រង​ខ្លួនឯង​ទាំង​អារម្មណ៍​ និង​រាងកាយ​។

នៅពេល​លេង​តន្ត្រី​ អ្នកលេង​ត្រូវតែ​ផ្តោត​អារម្មណ៍​លើ​ចង្វាក់​ ការ​បញ្ជា​ឧបករណ៍​ភ្លេង​ និង​ស្តាប់​អ្នកដទៃ​ ដែល​កត្តា​នេះ​ធ្វើ​ឱ្យ​ពួកគេ​មានទម្លាប់​ល្អ​ក្នុង​ការ​ផ្តោត​អារម្មណ៍​បាន​ល្អ​នៅពេល​ពួកគេ​មក​សិក្សា​មុខ​វិ​ជ្ជា​ផ្សេង​ៗទៀត​នៅក្នុង​ថ្នាក់រៀន​។

យោង​តាម​សមាគម​អ្នក​ចិត្តសាស្ត្រ​អាមេរិក​ (APA​) បាន​បញ្ជាក់​ថា​ ការសិក្សា​គ្រឿង​តន្រ្តី​អាច​ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល​ក្នុង​ការសិក្សា​ឱ្យ​កាន់តែ​មានកម្រិត​ខ្ពស់​ និង​ថែមទាំង​ជំរុញ​ឱ្យ​មាន​ភាព​ឆ្លាតវៃ​ (IQ​) កាន់តែ​ខ្លាំង​។ ជាក់ស្តែង​ សិស្ស​ដែល​រៀន​អាន​អក្សរ​ភ្លេង​បាន​ គឺ​ហាក់បីដូចជា​កំពុង​សិក្សា​លើ​ភាសា​មួយ​ដែល​ត្រូវការ​ការ​ផ្តោត​ និង​ការអនុវត្ត​ជាក់ស្តែង​ ដែល​វា​បាន​ភ្ជាប់​គ្រប់​ផ្នែក​ទាំងអស់​នៅក្នុង​ខ្លួន​ក្នុង​ពេល​តែមួយ​។

វា​ក៏​ធ្វើ​ឱ្យ​មនុស្ស​មាន​សមាធិ​ល្អ​ និង​បញ្ជា​សតិអារម្មណ៍​ខ្លួនឯង​បាន​ល្អ​ផង​ដែរ​ ព្រោះ​នៅពេល​ដៃ​ធ្វើកាយវិការ​ អ្នកលេង​ភ្លេង​មាន​សមត្ថភាព​ប្រើប្រាស់​ខួរក្បាល​ដើម្បី​បញ្ជា​ផ្នែក​ផ្សេងទៀត​ឱ្យធ្វើ​សកម្មភាព​ប្រកបដោយ​ការគ្រប់គ្រង​បាន​ និង​រួម​ទាំង​អាច​អភិវឌ្ឍ​ក្នុង​ការ​ស្តាប់​បាន​ល្អ​ថែមទៀត​ផង​។ ខុសពី​ក្មេង​ទូទៅ​ កុមារ​ដែល​បាន​រៀន​ភ្លេង​ ភាគច្រើន​ជា​អ្នក​ដែល​អាច​ស្តាប់​ និង​វិភាគ​លើ​មេរៀន​បាន​ល្អ​។

បន្ថែម​ពីលើ​នេះ​ ការសិក្សា​ភ្លេង​ក៏បាន​ជំរុញ​ឱ្យ​កុមារ​ ក៏ដូចជា​យុវជន​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម​បាន​ល្អ​ផង​ដែរ​ ព្រោះ​នៅពេល​លេង​ភ្លេង​ជា​ក្រុម​ ពួកគេ​ត្រូវការ​ការ​សហការ​ខ្ពស់​ទើប​អាច​បង្កើត​បាន​ជា​ភ្លេង​ពីរោះ​ និង​ត្រូវចង្វាក់​គ្នា​បាន​ល្អ​។ ហេតុនេះ​ ការ​រៀន​ភ្លេង​ជា​ការ​បង្វឹក​ស្មារតី​ក្រុម​ប្រកប​ដោយ​ភាព​រីករាយ​ និង​ការ​យកចិត្ត​ទុកដាក់​។

ពួកគេ​កម្សាន្ត​ផង​ និង​អប់រំ​ផ្លូវចិត្ត​ផង​ដែល​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​មនុស្សម្នាក់​មាន​ផ្នត់គំនិត​យ៉ាង​វិជ្ជមាន​ក្នុង​ការ​ធ្វើការងារ​ជាមួយ​មនុស្សដទៃ​ ឬអាច​មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​នៅ​ថ្ងៃ​អនាគត​។

ចំពោះ​ការគ្រប់គ្រង​ខ្លួនឯង​ពី​ខាងក្នុង​វិញ​ លេង​តន្ត្រី​ចាំបាច់​ត្រូវតែ​ជា​មនុស្ស​ដែល​កំណត់​វិន័យ​ខ្ពស់​លើ​ខ្លួនឯង​ ទើប​ជោគជ័យ​។ សិក្សា​ភ្លេង​ គឺ​ហាក់បី​-ដូចជា​សន្សំ​ចំណេះដឹង​ដែល​ទាមទារ​ឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រូវ​ និង​ឱ្យ​បាន​ទៀងទាត់​ទើប​អាច​សម្រេច​បាន​ ហេតុនេះ​អ្នករៀន​ត្រូវ​កំណត់​ម៉ោង​ឱ្យ​បាន​ច្បាស់លាស់​ជា​រៀងរាល់ថ្ងៃ​ ដើម្បី​ហ្វឹកហាត់​ ឬកំណត់​ឱ្យ​បាន​ទៀងទាត់​ចំពោះ​ពេលវេលា​ក្នុង​សប្តាហ៍​នី​មួយ​ៗដើម្បី​ហ្វឹកហាត់​ដោយខ្លួនឯង​។

ទម្លាប់​ទាំងអស់​នេះ​ នឹង​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​មាន​វិន័យ​ និង​មាន​គោលការណ៍​សម្រាប់​ជីវិត​ដោយ​មិនបាច់​បង្ខំ​។ នៅ​ថ្ងៃក្រោយ​ បន្ទាប់ពី​បញ្ចប់​ការសិក្សា​តន្រ្តី​ ក៏​ពួកគេ​នៅតែ​ក្លាយជា​មនុស្ស​ដែល​កំណត់​ការងារ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

បន្ថែម​ពីលើ​នេះ​ ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា​ សិស្ស​ដែល​បាន​សិក្សា​តន្រ្តី​ អាច​ធ្វើការ​ប្រឡង​បាន​ល្អ​ជាង​សិស្ស​ដែល​មិនបាន​រៀន​តន្រ្តី​ ព្រោះ​សន្លឹក​កិច្ចការ​របស់​ពួកគេ​មាន​បញ្ហា​ច្រឡំ​តិចតួច​ប៉ុណ្ណោះ​ ដោយសារតែ​គេ​ជា​មនុស្ស​ដែល​មានការ​ផ្តោត​ និង​ហ្មត់ចត់​ជាង​ក្មេង​ទូទៅ​។

ហេតុ​នេះ​ហើយ​ទើប​នៅ​វិទ្យាល័យ​នានា​នៅក្នុង​ប្រទេស​ធំៗ​ដែល​មានការ​អភិវឌ្ឍ​ខ្ពស់​ផ្នែក​អប់រំ​ តែងតែ​បង្កើត​ឱ្យ​មាន​ក្រុមតន្ត្រី​ (Orchestra​) នៅក្នុង​សាលា​របស់​ខ្លួន​៕

Advertisement