ប្តូរ​ពី​ការ​បំពេ​ មក​ជា​អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់​ ជា​វិធី​ល្អ​ដើម្បី​អប់រំ​កូន​រៀងរាល់​យប់​

ការអប់រំ​កូន​តូច​ៗឱ្យ​ក្លាយជា​មនុស្ស​មាន​សមត្ថភាព​ខ្លាំង​ គឺជា​រឿង​សំខាន់​ និង​មិន​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ​សម្រាប់​អាណាព្យាបាល​គ្រប់រូប​ ព្រោះ​កុមារ​តូច​ៗ ជា​វ័យ​ដែល​មាន​អារម្មណ៍​ប្រែប្រួល​ រពឹស​ និង​ឆាប់​ធុញ​។ ហេតុនេះ​អាណាព្យាបាល​ចាំបាច់​ត្រូវតែ​មាន​វិធី​សាស្រ្ត​ឆ្លាតវៃ​ក្នុង​ការ​ទម្លាប់​ពួកគេ​ពី​តូច​ៗ ដើម្បី​ឱ្យ​កូន​មានទម្លាប់​ល្អ​ ហើយ​ទម្លាប់​ទាំងអស់​នោះ​មានប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​ក្មេង​។

លោក​ គុណ​ វិជ្ជា​ សាស្ត្រា​ចារ្យ​នៅ​សាកល​វិទ្យាល័យ​ បាន​លើកឡើង​ថា​ អាណាព្យាបាល​ជា​ច្រើន​នៅ​កម្ពុជា​ចូលចិត្ត​បំពេកូន​ ដើម្បី​លួង​កូន​ឱ្យ​ពួកគេ​គេង​ជា​រៀងរាល់​យប់​ ខុសពី​អាណាព្យាបាល​នៅ​ប្រទេស​ផ្សេងទៀត​ ជាពិសេស​នៅ​អឺរ៉ុប​ ដែលគេ​ចូលចិត្ត​អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់​ ដើម្បី​ឱ្យ​ពួកគេ​គេងលក់​។

ការ​អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់​មុន​ចូលគេង​ ជា​រឿង​ល្អ​បំផុត​សម្រាប់​ការអប់រំ​កុមារ​ ព្រោះ​នៅក្នុង​សៀវភៅរឿង​សម្រាប់​កុមារ​ បាន​បង្កប់​ទៅ​ដោយ​តម្លៃ​អប់រំ​ និង​សាច់​រឿង​ល្អ​ៗជាច្រើន​ ដែល​មានតម្លៃ​សម្រាប់​ក្មេង​តូច​ៗ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​នៃ​ការ​គិត​ និង​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែល​ទទួល​បាន​ចំណេះដឹង​ច្រើន​ក្នុង​ការរស់នៅ​ បើ​ទោះបី​ជា​គេ​ជា​ក្មេង​តូច​ក៏ដោយ​។

ម្យ៉ាងវិញទៀត​ នៅពេល​យើង​ទម្លាប់​នៅជា​មួយ​កូន​តូច​ៗ និង​អាន​សៀវភៅ​ឱ្យ​គាត់​ស្តាប់​ជា​រៀងរាល់​យប់​ នោះ​គាត់​នឹង​ចាប់ផ្តើម​ស្រឡាញ់​ការ​អាន​ ដែល​គំរូ​ល្អ​នេះ​នឹង​ធ្វើ​ឱ្យ​កុមា​រតូចៗ​ចងចាំ​ រួម​ទាំង​ដក់ជាប់​គំនិត​នូវ​ក្តី​ស្រឡាញ់​ចំពោះ​សៀវភៅ​នានា​ ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែល​ពូកែ​អាន​នៅ​ថ្ងៃ​អនាគត​។

លោក​ គុណ​ វិជ្ជា​ បាន​និយាយ​ថា​៖ «ការអប់រំ​កូន​ដោយ​ការ​អាន​រឿង​ឱ្យ​កូន​ស្តាប់​នេះ​ ជា​ទម្លាប់​ដ៏​សំខាន់​មួយ​ ដែល​អាណាព្យាបាល​នៅ​កម្ពុជា​គួរ​យកចិត្ត​ទុកដាក់​ និង​ធ្វើតាម​ ព្រោះ​វា​បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ការអប់រំ​កូន​ពេញ​មួយ​ជីវិត​»។

ថ្វី​ដ្បិតតែ​កុមារ​ជា​វ័យ​ដែល​ឆាប់​ប្រែប្រួល​ផ្នែក​អារម្មណ៍​ច្រើន​ តែ​ប្រសិនបើ​ពួកគេ​ទម្លាប់​ធ្វើអ្វី​មួយ​ហើយ​ គឺ​ប្រាកដជា​ចងចាំ​បាន​ល្អ​បំផុត​ក្នុង​ដំណើរ​ជីវិត​ ព្រោះ​អ្វី​ដែលគេ​ឃើញ​ និង​អ្វី​ដែលគេ​បាន​ជួប​ សុទ្ធតែ​ជា​រឿង​ថ្មី​។

ហេតុនេះ​ប្រសិនបើ​អាណាព្យាបាល​បាន​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ការអប់រំ​ដល់​ពួកគេ​ នោះ​ក្មេង​តូច​ៗនឹង​ដក់ជាប់​នូវ​ផ្នត់គំនិត​វិជ្ជមាន​សម្រាប់​ការរស់នៅ​ រហូតដល់​ពួកគេ​ចម្រើន​វ័យ​ក្លាយជា​យុវវ័យ​ តែ​ផ្ទុយ​មកវិញ​ ប្រសិនបើ​យើង​មិនបាន​ចាប់អារម្មណ៍​លើ​ការអប់រំ​ ឬបង្កើត​បរិយាកាស​ល្អ​ពី​វ័យក្មេង​ដល់​ពួកគេ​ នោះ​កូន​ៗរបស់​យើង​នឹងអាច​ក្លាយជា​មនុស្ស​ដែល​ទទួលយក​បរិស្ថាន​មិនល្អ​ដែល​ធ្វើ​ឱ្យ​ដំណើរ​ជីវិត​ទៅ​ថ្ងៃ​អនាគត​ក៏​មាន​បញ្ហា​ដូចគ្នា​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​ លោកជំទាវ​ ទន់​ សា​អុីម​ អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ កុមារ​តូច​ជា​វ័យ​ដែល​ចង់ឱ្យ​អាណាព្យាបាល​នៅ​ជិត​ច្រើន​ ណែនាំ​ច្រើន​ ឆ្ងល់​ច្រើន​ និង​រពឹស​ខ្លាំង​។ ហេតុនេះ​ដើម្បី​អប់រំ​ពួកគេ​ឱ្យ​បាន​ល្អ​ ឪពុក​ម្តាយ​ចាំបាច់​ត្រូវ​ចេះ​រក​ឱ្យ​ឃើញ​នូវ​អ្វី​ដែលគេ​ចូលចិត្ត​ ដោយ​ការអប់រំ​ផង​ ផ្តល់​ឱកាស​ឱ្យ​គេ​កម្សាន្ត​ផង​ក្នុង​ពេល​តែមួយ​ ដើម្បី​កុំឱ្យ​ធុញទ្រាន់​ និង​ជំរុញ​ឱ្យ​ពួកគេ​ចូលចិត្ត​រៀនសូត្រ​។

នៅក្នុង​ចំណោម​វិធី​សាស្រ្ត​សំ​ខាន់​ៗជាច្រើន​ ដើម្បី​អប់រំ​កុមារ​តូច​ ការ​អាន​រឿង​និ​ទាន​ខ្លី​ៗ ឬការជំរុញ​ឱ្យ​ពួកគេ​អាន​រឿង​សម្រាប់​កុមារ​ អាច​ជា​វិធី​ល្អ​ដើម្បី​ធ្វើ​ឱ្យ​កុមារ​តូច​ចាប់អារម្មណ៍​លើ​ការសិក្សា​។

លោក​ជំទាវ​បញ្ជាក់​ថា​ សៀវភៅ​កុមា​រតូចៗ​មានសាច់​រឿង​ខ្លី​ៗ មាន​រូបភាព​ច្រើន​ មាន​ពណ៌​ច្រើន​ ដែល​ទាក់ទាញ​ឱ្យ​កុមារ​ចូលចិត្ត​មើល​ និង​ចូលចិត្ត​អាន​។ ម្យ៉ាង​វិញ​ទៀត​ សៀវភៅ​សម្រាប់​កុមារ​ ភាគច្រើន​ជា​សៀវភៅ​ដែល​ងាយស្រួល​យល់​ ព្រោះ​សាច់រឿង​បាន​បញ្ជាក់​នៅក្នុង​រូបភាព​ ដែល​កុមារ​គ្រាន់តែ​មើល​ ក៏អាច​យល់​អត្ថន័យ​បាន​ខ្លះ​ៗដែរ​។

វា​ជា​ការ​ទាក់ទាញ​ឱ្យ​កុមារ​ចូលចិត្ត​ការអប់រំ​បាន​យ៉ាង​ល្អ​ ព្រោះ​វា​ធ្វើ​ឱ្យ​ពួកគេ​រីករាយ​ក្នុង​ការ​ទទួលយក​ការអប់រំ​ដោយ​មិនបាច់​បង្ខំ​។ លោកជំទាវ​ ទន់​ សា​អុីម​ មានប្រសាសន៍​ថា​៖ “អាណាព្យាបាល​គួរ​ចំណាយពេល​វេលា​រៀងរាល់​ល្ងាច​ ឬពេលវេលា​សមរម្យ​ណាមួយ​ ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ ដោយ​ការ​និទានរឿង​ ការណែនាំ​ឱ្យ​មើលសៀវភៅ​កុមារ​ ឬជជែក​ជាមួយ​កូន​តូច​ៗឱ្យ​បាន​ច្រើន​ ដើម្បី​ឱ្យ​កូន​ស្តាប់​បង្គាប់​បាន​ល្អ​ផង​ និង​មាន​ភាព​ឆ្លាតវៃ​ផង​”។

លោកជំទាវ​អនុរដ្ឋ​លេខាធិការ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​និទានរឿង​ ឬការណែនាំ​ក្មេង​តូច​ជា​រឿង​សំខាន់​ តែ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ផង​ដែរ​ ព្រោះ​ក្មេង​តូច​មិន​ប្រាកដ​ថា​ស្តាប់​ចាស់​ៗទាំងស្រុង​នោះ​ទេ​។

ប្រសិន​បើ​អ្វី​ដែល​យើង​ពន្យល់​ពួកគេ​មាន​ភាព​មិន​ច្បាស់លាស់​ គេ​នឹង​បន្ថែម​អត្ថន័យ​ដោយខ្លួនឯង​។ ជា​ឧទាហរណ៍​ ប្រសិនបើ​យើង​និយាយ​រឿង​មួយ​ ឬកំណាព្យ​មួយ​ឃ្លា​មិន​ចប់ចុងចប់ដើម​ឱ្យ​គេ​ស្តាប់​ គេ​នឹង​ឆ្ងល់​ពី​សាច់រឿង​បន្ទាប់​ទៅទៀត​ ឬអាច​បន្ថែម​សាច់រឿង​ដោយខ្លួនឯង​ ដែល​ពេលខ្លះ​សម្រាប់​ការ​គិត​របស់​ក្មេង​ អាច​នឹង​ធ្វើ​ឱ្យ​គេ​បង្កើត​កំហុស​ច្រើន​។

ហេតុនេះ​អាណាព្យាបាល​ក៏​គួរតែ​អប់រំ​ក្មេង​ដោយ​ការ​យកចិត្ត​ទុកដាក់​ កុំ​គ្រាន់តែ​និយាយ​ ឬឆ្លើយ​ឱ្យ​តែ​រួចពីមាត់​។ សម្តី​ និង​ការអប់រំ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ និង​បកស្រាយ​ឱ្យ​បាន​ច្បាស់​ៗចៀសវាង​កុមារ​យល់​ច្រឡំ​ ឬយល់ឃើញ​ផ្សេង​ពី​ការអប់រំ​ជា​វិជ្ជមាន​របស់​យើង​។

បច្ចុប្បន្ន​នេះ​ សៀវភៅ​កុមារ​ទាំង​ជា​ភាសាខ្មែរ​ និង​បរទេស​ ចាប់ផ្តើម​មាន​សម្បូរ​បែប​ហើយ​នៅ​កម្ពុជា​ តែ​អ្វី​ដែល​ជា​កត្តា​ប្រឈម​ គឺ​អាណាព្យាបាល​ជាច្រើន​មិនសូវ​យកចិត្ត​ទុកដាក់​លើ​ការ​អាន​នោះ​ទេ​ ព្រោះ​ខ្លួន​គាត់​ផ្ទាល់​មិន​មានទម្លាប់​អាន​ មិនសូវ​ចូល​បណ្ណាល័យ​ ហេតុនេះ​នៅពេល​ពួកគាត់​មាន​កូនតូច​ ក៏​ពួកគាត់​មិនសូវ​ចាប់អារម្មណ៍​ជ្រើសរើស​យក​ការ​អាន​សៀវភៅ​សម្រាប់​អប់រំ​កុមារ​នេះ​ដែរ​។

អ្វី​ដែល​ពេញនិយម​ជាងគេ​សម្រាប់​ការ​លួង​ក្មេង​ឱ្យ​នៅ​ស្ងៀម​ និង​ឱ្យ​កូន​រៀន​នៅ​កម្ពុជា​ ភាគច្រើន​ គឺ​ការ​បណ្តោយ​ឱ្យ​កុមារ​ប្រើប្រាស់​ស្មា​តហ្វូ​ន។ កត្តា​នេះ​អាច​នឹង​ជះ​ផល​ប៉ះពាល់​ជាច្រើន​សម្រាប់​ខួរក្បាល​កុមារ​ និង​បញ្ហា​ជាច្រើន​ទៀត​ ដែល​វា​ក៏អាច​បង្កើត​ក្តី​ព្រួយបារម្ភ​ជាច្រើន​សម្រាប់​អនាគត​ធនធាន​មនុស្ស​នៅក្នុង​សង្គម​៕

Advertisement