វាយ​កូន​មិនមែន​ជា​វិធី​បង្រៀន​របស់​អាណាព្យាបាល​ឆ្លាតវៃ​នោះ​ទេ​

អាណាព្យាបាល​ភាគច្រើន​តែងតែ​បង្រៀន​កូន​ ឬអប់រំ​កូន​ដោយ​ការ​វាយ​ និង​ការ​គំរាម​ដើម្បី​ឱ្យ​កូន​ឈប់​ធ្វើ​រឿង​ទាំងឡាយ​ណា​ដែល​ពួកគាត់​គិតថា​មិន​ត្រឹមត្រូវ​។ ការ​ធ្វើបែប​នេះ​ ត្រូវ​បាន​គេ​រក​ឃើញថា​ជា​វិធី​មិន​ត្រឹមត្រូវ​ដែល​អាច​ជះ​ផល​អវិជ្ជមាន​ដល់​កូន​ៗនៅ​ថ្ងៃ​អនាគត​ ដូចជា​ធ្វើ​ឱ្យ​កូន​មាន​ភាព​ភ័យខ្លាច​ច្រើន​ ខ្វះ​ភាពជា​អ្នកដឹកនាំ​ និង​មិន​ហ៊ាន​សម្រេចចិត្ត​លើ​បញ្ហា​សំ​ខាន់​ៗក្នុង​ជីវិត​ជាដើម​។

ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន​សម្រាប់​អាណាព្យាបាល​ដើម្បី​អប់​រំ​កូន​ៗកុំឱ្យ​ធ្វើខុស​ និង​ស្គាល់​ពី​កំហុស​ខ្លួនឯង​។

១. ប្រាប់​ហេតុផល​ឱ្យ​បាន​ច្បាស់លាស់​ ជាទូទៅ​ក្មេង​ដែល​ធ្វើខុស​គឺ​បណ្តាល​មក​ពី​ពួកគេ​មិន​យល់​ពី​ហេតុផល​ និង​ផល​ប៉ះពាល់​នៃ​ទង្វើ​របស់​ខ្លួន​។ មាន​ក្មេង​ខ្លះ​មិនទាំង​ដឹង​ថា​ហេតុអ្វីបានជា​អាណាព្យាបាល​វាយ​ ឬជេរស្តី​លើ​រូបគេ​ផង​ ព្រោះ​គេ​មិនដឹង​ថាស​កម្ម​ភាព​ដែលគេ​កំពុង​ធ្វើ​នេះ​ជា​អំពើខុស​ឆ្គង​នោះ​ទេ​។ ជម្រើស​ល្អ​បំផុត​សម្រាប់​អាណាព្យាបាល​ គឺ​ឧស្សាហ៍​បង្រៀន​កូន​ៗពី​ហេតុ​ និង​ផល​នៃ​សកម្មភាព​ដែល​ខុសឆ្គង​ រួម​ទាំង​បង្ហាញផ្លូវ​ដែល​ល្អ​ដល់​កូន​ៗដើម្បី​ជា​ជម្រើស​សម្រាប់​ពួកគេ​។

ជា​ធម្មតា​នៅពេល​ដែល​ពួកគេ​យល់​ច្បាស់​ពី​ហេតុផល​ហើយ​ ក្មេង​ៗឆាប់​ទទួលយក​បំផុត​ នៅពេល​នោះ​គេ​នឹង​ស្អប់​អំពើអាក្រក់​ ហើយ​ថែមទាំង​ហ៊ាន​ប្រដៅ​ដល់​មនុស្សចាស់​ថែមទៀត​ផង​ នៅពេល​ដែល​មនុស្ស​ធំ​នោះ​ភ្លេចខ្លួន​ធ្វើ​រឿងរ៉ាវ​ណា​ដែល​ខុសឆ្គង​។ បើ​កូន​របស់​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ចាស់ទុំ​បែបនេះ​អ្នក​ប្រាកដជា​លែង​ចង់​វាយ​ ឬសម្លុត​ទៀតហើយ​។

២. ត្រូវ​ចេះ​លើកទឹកចិត្ត​ កុំ​ចេះតែ​ចាប់កំហុស​ អាណាព្យាបាល​ជាច្រើន​គិតថា​ ការ​មិនសូវ​ធ្វើល្អ​ដល់​កូន​គឺ​កុំឱ្យ​កូន​ស្គាល់ចិត្ត​ ឬកុំឱ្យ​កូន​បានចិត្ត​ជាដើម​។ ហេតុនេះ​នៅពេល​ដែល​កូន​ធ្វើល្អ​ គាត់​មិនបាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​កូន​នោះ​ទេ​ តែ​នៅពេល​ដែល​កូន​ធ្វើខុស​គាត់​បែរជា​ដាក់​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ទៅវិញ​។ ទង្វើ​បែបនេះ​ អាច​ធ្វើ​ឱ្យ​អាណាព្យាបាល​បង្រៀន​កូន​បានតែ​រូបភាព​ខាងក្រៅ​ប៉ុណ្ណោះ​ កូន​ៗអាច​គ្រាន់តែ​ខ្លាច​ តែ​មិន​គោរព​នោះ​ទេ​។

រាល់​សកម្មភាព​មិនល្អ​គេ​គ្រាន់តែ​ផ្អាក​មួយ​រយៈ​នៅពេល​ដែល​អាណាព្យាបាល​ស្ថិតនៅ​ចំពោះមុខ​ពួកគេ​ ហើយ​លួច​ធ្វើវិញ​នៅពេល​ដែល​យើង​មិន​នៅ​។ចំណុច​សំខាន់​ដែល​គួរ​ធ្វើ​គឺ​ ចេះ​លើកទឹកចិត្ត​នៅពេល​ដែល​កូន​បាន​ធ្វើល្អ​ ដើម្បី​ឱ្យ​ពួកគេ​រក្សា​បាន​នូវ​ទង្វើ​ទាំងអស់​នោះ​ ហើយ​បង្រៀន​ពួកគេ​ឱ្យ​ស្គាល់​ពី​កំហុស​ និង​ហ៊ាន​និយាយ​ដោយ​ត្រង់ថា​ទង្វើ​ណា​ដែល​មិន​គួរ​ធ្វើ​ ឬសកម្មភាព​ណា​ដែល​យើង​នឹង​ដាក់​ពិន័យ​ដល់​ពួកគេ​ប្រសិនបើ​គេ​ធ្វើ​ដដែល​ៗ។

៣. ធ្វើជា​គំរូ​ល្អ​ដល់​កូន​ អាណាព្យាបាល​ភាគច្រើន​សម្លុត​កូន​ នៅពេល​ដែល​ឃើញ​កូន​ប្រើ​សម្តី​មិនល្អ​ដាក់​អ្នកដទៃ​ តែ​ភ្លេច​ថា​កូន​ចេះ​ការប្រើ​ភាសា​មិនល្អ​នេះ​ពី​ខ្លួនឯង​ ហេតុនេះ​ ដើម្បី​មិន​ឱ្យ​កូន​មាន​ចំណុច​ខុសឆ្គង​ច្រើន​ អាណាព្យាបាល​ត្រូវ​កាត់បន្ថយ​កំហុសឆ្គង​របស់​ខ្លួន​ឱ្យ​បាន​ជាមុន​សិន​៕

Advertisement