ប្រទេស​ហូ​ឡង់​ ចាប់ផ្តើម​វិនិយោគ​ថវិកា​ដើម្បី​ជំរុញ​ឱ្យ​ប្រជាជន​ជិះកង់​

នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ​ ក្រៅពី​ការជំរុញ​ឱ្យ​មាន​ផលិតភាព​ល្អ​ប្រសើរ​ផ្នែក​សេដ្ឋកិច្ច​ ពួកគេ​ក៏​ចាប់ផ្តើម​ផ្តល់​តម្លៃ​កាន់តែ​ខ្លាំង​លើ​គុណភាព​នៃ​ជីវិត​របស់​មនុស្ស​ម្នា​ក់ៗ​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​កាន់តែ​រស់នៅ​សុខសាន្ត​ក្នុង​តំបន់​របស់​ខ្លួន​។

គ្រាន់តែ​មាន​លុយកាក់​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ មិនទាន់​រាប់ថាជា​តំបន់​ដែល​ធ្វើ​ឱ្យ​ប្រជាជន​មាន​សេចក្តី​សុខ​នោះ​ទេ​ តែ​វា​ទាមទារ​ឱ្យ​មានការ​បណ្តុះបណ្តាល​ផ្នត់គំនិត​ល្អ​ និង​សុខភាព​ល្អ​ថែមទៀត​ផង​។

នៅ​ប្រទេស​ហូ​ឡង់​ (Netherlands​) បច្ចុប្បន្ន​នេះ​ បាន​ជំរុញ​ការ​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​លើ​គុណភាព​នៃ​ការរស់នៅ​របស់​មនុស្ស​ និង​ជំរុញ​ឱ្យ​មានផល​ចំណេញ​យ៉ាង​ធំ​មួយ​ដោយ​ការ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ជិះកង់​។

នៅ​ហូ​ឡង់​ ក្រៅពី​មាន​ភាព​ល្បីល្បាញ​លើ​ពិភពលោក​ថា​ ជា​ប្រទេស​ដែល​មាន​ប្រធានាធិបតី​ជិះកង់​ទៅ​ធ្វើការ​ និង​ជា​ប្រទេស​ដែល​មាន​ GDP​ ខ្ពស់​ហើយ​នោះ​ វា​ក៏​ជា​តំបន់​ដ៏​ល្អ​មួយ​ដែល​ស្ថិត​ក្នុង​ចំណាប់​អារម្មណ៍​របស់​ពិភពលោក​ដែល​ការរស់នៅ​របស់​មនុស្ស​មាន​ផាសុកភាព​ រួម​ទាំង​មាន​បរិស្ថាន​ល្អ​ថែមទៀត​ផង​។

ថ្មី​ៗនេះ​រដ្ឋា​ភិ​បាល​ហូ​ឡង់​ បាន​ចេញ​សេចក្តី​ប្រកាស​ក្នុង​ការ​បង់ប្រាក់​លើទឹក​ចិត្ត​ដល់​ប្រជាជន​ដែល​ជិះកង់​ទៅ​ធ្វើការងារ​ ដោយ​ក្នុង​នោះ​បុគ្គលិក​ដែល​ទៅ​ធ្វើការងារ​ដោយ​ជិះកង់​នឹង​ត្រូវ​រួច​ពន្ធ​លើ​ប្រាក់ចំណូល​របស់​ខ្លួន​ ហើយ​ថែមទាំង​បាន​ប្រាក់ឧបត្ថម្ភ​គិតជា​គីឡូម៉ែត្រ​ថែមទៀត​ផង​។

ទឹកប្រាក់​ដែល​រដ្ឋាភិបាល​ផ្តល់​ជូន​ប្រជាជន​គឺ​ក្នុង1គីឡូម៉ែត្រ​ 0.22​$ ដោយ​គ្រាន់តែ​ជិះកង់​ទៅ​ធ្វើការងារ​តែប៉ុណ្ណោះ​។ ដោយហេតុនេះ​ហើយ​ទើប​ប្រជាជន​ជាច្រើន​ចាប់ផ្តើម​បែរ​ចំណាប់​អារម្មណ៍​មក​ជិះកង់​ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ផង​ និង​ទទួល​បាន​សុខភាព​ល្អ​ផង​។

បន្ថែម​ពីលើ​លក្ខខណ្ឌ​ដ៏​ល្អ​ប្រសើរ​នេះ​ រដ្ឋាភិបាល​ក៏បាន​ចំណាយ​លុយ​យ៉ាងច្រើន​ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​អ្នក​ជិះកង់​ផង​ដែរ​។

ចំពោះ​អ្នក​ដែល​មិន​មានលទ្ធភាព​ ឬមិន​ទាន់​មាន​កង់​ ពួកគេ​ក៏អាច​ស្នើសុំ​កម្ចី​ដើម្បី​ទិញ​កង់​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​អ្នក​ជិះកង់​នៅក្នុង​ប្រទេស​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗជាលំដាប់​ជា​រៀងរាល់​ឆ្នាំ​។

ជា​លទ្ធផល​ដែល​ទទួល​មកវិញ​ពី​ការ​វិនិយោគ​ដ៏​ល្អ​នេះ​គឺ​រដ្ឋាភិបាល​បាន​សល់​លុយ​យ៉ាងច្រើន​ពី​ការ​ចំណាយ​លើ​សេវា​សុខភាព​បាល​ ដោយសារតែ​ប្រជាជន​ចាប់ផ្តើម​មាន​សុខភាព​ល្អ​ និង​មិនសូវ​ចូល​មន្ទីរពេទ្យ​ដោយសារតែ​ជំងឺ​នោះ​ទេ​។

បន្ថែម​ពីលើ​នេះ​ ផលិតភាព​ការងារ​របស់​ប្រជាជន​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​លើ​វិស័យ​ឯកជន​ទទួល​បានផល​ចំណេញ​ច្រើន​ ដោយសារតែ​ប្រជាជន​មាន​អារម្មណ៍​ស្រស់ស្រាយ​ កាត់​បន្ថយ​ស្ត្រេស​ និង​មិនសូវ​មាន​សម្ពាធ​ក្នុង​ការរស់នៅ​ច្រើន​។

លើស​ពីនេះ​ទៅទៀត​ ខុសពី​ប្រទេស​ដទៃ​ព្យាយាម​ចំណាយ​លុយ​ច្រើន​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​បញ្ហា​បំពុល​បរិយាកាស​ក្នុង​ទីក្រុង​ ប្រទេស​ហូ​ឡង់​ បាន​បង្វែរ​លុយ​ទាំងអស់​នេះ​មក​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចាប់ផ្តើម​ចូលរួម​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ ក៏ដូចជា​រស់នៅ​ជាមួយ​ធម្មជាតិ​ឱ្យ​បាន​ច្រើនឡើង​វិញ​៕

Advertisement