ប្រជាជន​គួរ​យកចិត្តទុកដាក់​លើ​គុណភាព​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ដើម្បី​កុំឱ្យ​រងគ្រោះ

បច្ចុប្បន្ននេះ ប្រជាជន​នៅ​កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​កំពុង​រស់នៅក្នុង​ជីវិត​ដែល​ហ៊ុមព័ទ្ធ​ដោយ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ក្នុងនោះ​ប្រភពព័ត៌មាន​រាប់ពាន់​ព័ត៌មាន​បាន​ចូលមកក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​គ្រប់ពេលវេលា​តាមរយៈ​បណ្តាញ​សង្គម។

ក្នុងចំណោម​បណ្តាញ​បច្ចេកវិទ្យា​ផ្សព្វផ្សាយទាំងអស់នោះ មានព័ត៌មាន​ជាច្រើន​ជា​ព័ត៌មាន​ដែលមាន​តម្លៃ​សម្រាប់​ការរស់នៅ តែ​ក៏មានព័ត៌មាន​មិនតិច​ទេ​ដែលជា​ព័ត៌មាន​ក្លែងក្លាយ ឬ​ជា​ព័ត៌មាន​ដែល​បង្កបញ្ហា​ដល់​ការរស់នៅ​របស់​យើងម្នាក់។

ឯកឧត្តម ខៀវ កា​ញារី​ទ្ធ បាន​លើកឡើងថា បច្ចុប្បន្ននេះ​ដោយសារ​តែមាន​ការរីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ស្រប​ពេលដែល​ប្រជាជន​ភាគច្រើន​មានប្រើ​ប្រាស់​ទូរស័ព្ទ​ដែ​ស្មា​ត​ហ្វូ​នយើង​ឃើញថា ​មានព័ត៌មាន​ជាច្រើន​ត្រូវបាន​គេ​ចែករំលែក​ជា​រៀងរាល់ថ្ងៃ។

ព័ត៌មាន​ទាំងអស់នោះមាន​ព័ត៌មាន​ខ្លះ​មិនមែនជា​ព័ត៌មាន​ដែលមាន​តម្លៃ​សម្រាប់​ការរស់នៅ​នោះទេ តែ​វា​បែរជា​ធ្វើឱ្យ​យើង​ខាតបង់​ពេលវេលា ឬ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​យើង​ថែម​ទៀតផង។

ហេតុនេះ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ​ព្យាយាមទប់ស្កាត់​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ ស្រប​ពេលដែល​ប្រជាជន​ក៏​គួរតែ​ព្យាយាម​ស្វែងយល់​ពី​វិធីសាស្រ្តក្នុងការ​ទទួល​ព័ត៌មាន​ឱ្យបាន​ល្អ។

ឯកឧត្តម ខៀវ កា​ញារី​ទ្ធ បាន​មានប្រសាសន៍ថា៖ “ការទទួលយក​ព័ត៌មាន និង​ការអាន​ជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព តែ​អ្វីដែល​យើង​អាច​ធ្វើបាន​គឺ​ព្យាយាម​ក្នុងការ​ដកស្រង់ ឬ​ចេះ​ជ្រើស​រើសយក​ប្រភពព័ត៌មាន​ដែលមាន​តម្លៃ​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព មិនមែន​ទទួលយក​គ្រប់​រឿង​នោះទេ”។

ឯកឧត្តម រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​បញ្ជាក់​ផងដែរ​ថា មុននឹង​ទទួលយក​ព័ត៌មាន​ណាមួយ​យើង​គួរ​ផ្ទៀ​ង​ផ្ទាល់​ពី​ប្រភព និង​មើល​ឱ្យ​ច្បាស់​ដើម្បី​ឱ្យដឹងថា​អ្នកណា​ជា​អ្នក​ផ្សព្វផ្សាយ​រឿង​ទាំងអស់នោះ។

ម្យ៉ាងវិញទៀត គួរ​ចំណាយពេល​ក្នុង​ការមើល​ឱ្យបាន​លម្អិត ចៀសវាង​គ្រាន់តែ​មើល​ចំណងជើង ឬ​មើល​សាច់រឿង​មិន​ច្បាស់​ក៏​ចាត់ទុកថា​ខ្លួនឯង​បានទទួល​ព័ត៌មាន​លម្អិត​ហើយ រួច​ក៏​ឈប់​ស្វែងយល់​បន្ថែម​លើ​រឿង​ទាំងអស់នោះ។ បញ្ហា​នេះ​អាច​នឹង​បង្កើតជា​បញ្ហា​ជាច្រើន​ទៀត​ប្រសិនបើ​យើង​បន្ត​ចែករំលែក​រឿង​ដែល​មិន​ច្បាស់លាស់​ទាំងអស់នោះ​ដែល​ធ្វើឱ្យ​រឿង​មិនល្អ​រីក​រាលដាល​កាន់តែ​ច្រើនឡើង។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងអស់នេះ ព្រះ​តេជគុណ គូ សុភាព បាន​លើកឡើងថា ការផ្សព្វផ្សាយ​ព័ត៌មាន​នៅក្នុង​បណ្តាញ​សង្គម មនុស្ស​ភាគច្រើន ផ្សព្វផ្សាយ​តាម​អារម្មណ៍ តាម​ការយល់ឃើញ និង​តាម​កម្រិត​នៃ​ការយល់ដឹង​របស់​មនុស្សម្នាក់។

មាន​មនុស្ស​ខ្លះ​ចូលចិត្ត​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​មិនបាន​ពិចារណា​វែងឆ្ងាយ​ខណៈ​ព័ត៌មាន​ទាំងអស់នោះ​ពេលខ្លះ​
ជា​មេរោគ​ដែល​បំផ្លាញ​ដល់​ការគិត ភាពស្រស់​ស្រាយ
និង​បញ្ហា​ក្នុងការ​រស់នៅ​របស់​ម​នុស្ស​របស់​យើង។

ហេតុនេះ​អ្វីដែល​សំខាន់​គឺ​ព្យាយាម​ស្វែងរក​ប្រភព​ទាំងឡាយណា​ដែលមាន​ប្រយោជន៍ ផ្តល់​ចំណេះដឹង និង​ផ្តល់ព័ត៌មាន​ជាក់លាក់​ដែល​សំខាន់​សម្រាប់​ការរស់នៅ​ជាក់ស្តែង។

ព្រះ​តេជគុណ គូ សុភាព មាន​សង្ឃដីកា​ថា៖“បច្ចុប្បន្ននេះ មាន​មនុស្ស​ជាច្រើន​ចូលចិត្ត​ទទួលយក​ព័ត៌មាន​ហើយ​បន្តធ្វើ​ការចែករំលែក​ដោយ​មិនបាន​ប្រុងប្រយ័ត្ន ហើយ​បណ្តោយឱ្យ​ទម្លាប់​អាក្រក់​ទាំងអស់នោះ ក្លាយជា​ប្រភព ឬ​ជា​មេរោគ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ”។

បើតាម​អ្នក​អប់រំ​ខាងលើ បាន​ណែ​នាំ​ថា យើងម្នាក់ៗគួរ​ព្យាយាម​សង្កេត និង​ព្យាយាម​រស់ក្នុង​ជីវិត​ជាក់ស្តែង​ឱ្យបាន​ច្រើន ហើយ​គួរ​ព្យាយាម​ចេះ​បង្វឹក​ស្មារតី​ពិចារណា​ឱ្យបាន​ច្រើន​ដើម្បី​ចៀសវាង​កុំឱ្យ​ឆាប់​ជឿ​គេ​លើ​រឿង​ណាមួយ។

ម្យ៉ាងវិញទៀត នៅពេលដែល​យើង​ទម្លាប់ដដែលៗក្នុង​ការជឿ​លើ​រឿង​ណាមួយ​ដែល​យើង​បានឃើញ នោះ​យើង​នឹង​ចាប់ផ្តើម​ក្លាយជា​មនុស្ស​ត្រចៀកស្រាល ចិត្ត​ស្រាលឆាប់​រំភើប ឆាប់​ខឹង ឬ​ឆាប់​មានប្រតិកម្ម​ដោយសារតែ​រឿងរ៉ាវ​នានា​ដែល​យើង​បានឃើញ​ជា​រៀងរាល់ថ្ងៃ។

នោះ​ពេល​យើង​ផ្តេកផ្តួល​លើ​រឿង​ខាងក្រៅ​ច្រើនពេក យើង​នឹង​ក្លាយជា​មនុស្ស​ដែល​បាត់បង់​សមត្ថភាព​ក្នុងការ​ពិចារណា ឬ​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​បន្តិចម្តង។ បញ្ហា​នេះ​អាច​នឹង​ជះ​ផល​អវិជ្ជមានច្រើនឡើងៗប្រសិនបើ​យើង​ចាប់ផ្តើម​បន្តធ្វើ​ជា​អ្នក​បញ្ចេញមតិ​លើ​រឿងរ៉ាវ​មួយ​ដែល​មិន​យើង​បានឃើញ​នោះ ឬ​បន្ថែមបន្ថយ​ដោយ​អារម្មណ៍ស្រាលៗរបស់​យើង​ទៅកាន់​អ្នកដទៃ​ជាច្រើន​នាក់​ផ្សេងទៀត។

គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​ធានាថា​ព័ត៌មាន​ដែល​យើង​ទទួលបាន​នោះ​ជា​ព័ត៌មាន​ដែលមាន​គុណភាព អ្នកជំនាញ​ផ្នែក​ព័ត៌មាន​ភាគច្រើន​ណែនាំឱ្យ​អ្នកអាន ឬ​អ្នកទស្សនា​មើល​ឱ្យបាន​ច្បាស់​ជាមុនសិន​ពី​ប្រភព​របស់​អ្នក​ផ្សាយ​ព័ត៌មាន។ អ្នក​អាច​ចាំបាច់​ត្រូវ​ដឹងថា​តើ​ស្ថាប័ន​ដែល​បានចេញ​ផ្សាយ​នោះ​ជា​ស្ថាប័ន​ផ្លូវការ ឬ​គ្រាន់តែ​ជា​បុគ្គល​ឯកជន។

បន្ទាប់មកទៀត ក៏​គួរតែ​ផ្ទៀ​ង​ផ្ទាត់​ផងដែរ​ពី​ប្រភព​ដែល​បាន​បញ្ចេញមតិ​ក្នុង​ព័ត៌មាន​នោះ​ថា​ជា​អ្នកជំនាញ ជា​អាជ្ញាធរ ឬ​គ្រាន់តែ​ជា​បុគ្គល​ឯកជន​ដែល​បាន​បញ្ចេញមតិ​លើ​រឿង​ណាមួយ​ដែល​ខ្លួន​បាន​ជួប។ បន្ថែម​ពីលើ​នេះ អ្នកទទួល​ព័ត៌មាន​ក៏​គួរតែ​ព្យាយាម​ក្នុងការ​ថ្លឹងថ្លែង​ពី​គ្រប់​ជ្រុងជ្រោយ និង​ពិចារណា​ពី​លទ្ធភាព​ដែល​អាចទៅរួច​នៃ​មតិយោបល់​ទាំងអស់នោះ​បន្ថែម ដើម្បី​ធានាថា​តើ​អ្វី​ដែលជា​ការលើកឡើង​នោះ​អាចមាន​ប្រយោជន៍​សម្រាប់​ការរស់នៅ ឬ​វា​គ្រាន់តែ​ជា​រឿង​ស្រមើស្រមៃ៕

Advertisement