ភាសាចិនបានក្លាយជាចំណុចអាទិភាពមួយសម្រាប់ប្រជាជនកម្ពុជាជំនាន់ថ្មី

ការសិក្សាភាសាបរទេសបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរក្នុងសម័យថ្មីនេះ ព្រោះប្រសិនបើមនុស្សម្នាក់ៗមិនចេះភាសាបរទេសដែលជាភាសាសម្រាប់ទំនាក់ទំនងអន្តរជាតិទេ ពួកគេអាចប្រឈមនឹងការបាត់បង់ឱកាសការងារ ឬឱកាសអាជីវកម្មផ្សេងៗជាដើម។

កាលពីមុន ភាសាអង់គ្លេស ជាជម្រើសសំខាន់ដែលប្រជាជនកម្ពុជាជំរុញឱ្យកូនសិក្សា ព្រោះវាជាភាសាសកលដែលមនុស្សជាច្រើនលើពិភពលោកប្រើប្រាស់ តែមកដល់បច្ចុប្បន្ននេះ បន្ទាប់ពីភាសាអង់គ្លេសត្រូវបានគេប្រើប្រាស់ទូលំទូលាយ ឬស្ទើរតែចេះគ្រប់គ្នាទៅហើយនោះ ភាសាចិនបានវិវឌ្ឍខ្លួនបន្តិចម្តងៗ ក្លាយជាភាសាអាទិភាពមួយដែលប្រជាជនខ្មែរចាប់អារម្មណ៍។

លោក លន់ ភារិន នាយកសិក្សាធិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា ការឱ្យកូនសិក្សាភាសាចិន មិនមែនជារឿងថ្មីនោះទេសម្រាប់ប្រជាជនខ្មែរយើង ព្រោះប្រជាជនយើងបានជ្រើសរើសសិក្សាភាសានេះជាយូរណាស់មកហើយ តែអ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់នោះ គឺកំណើននៃការសិក្សាភាសាចិននាពេលបច្ចុប្បន្នមានការកើនឡើង។

បើមើលតាមចំនួននៃការចុះឈ្មោះសិក្សារបស់សិស្សនៅសាលាវេសឡាញន៍ យើងឃើញថា កាលពីសាលាបើកបង្រៀនភាសាចិនដំបូងៗកាលពី4ឆ្នាំមុន មានអ្នកសិក្សាតែជាង 100នាក់ប៉ុណ្ណោះ តែបច្ចុប្បន្ននេះ មានសិស្សចុះឈ្មោះសិក្សារហូតដល់ប្រមាណ 500នាក់។ ចំណុចនេះបង្ហាញឱ្យឃើញថា អាណាព្យាបាលកំពុងចាប់អារម្មណ៍ឱ្យកូនសិក្សាភាសាចិនមានចំនួនកាន់តែច្រើនឡើងពី 1ឆ្នាំទៅ 1ឆ្នាំ។

លោក លន់ ភារិន បាននិយាយថា៖ «មូលហេតុដែលនាំឱ្យមានការកើនឡើងនូវចំនួនអ្នកសិក្សាភាសាចិន ដោយសារតែបច្ចុប្បន្ននេះយើងមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងល្អជាមួយនឹងរដ្ឋាភិបាលចិន ដែលធ្វើឱ្យទំហំនៃការវិនិយោគ ក៏ដូចជាការរកស៊ីជាមួយគ្នាមានសកម្មភាពកាន់តែច្រើនឡើង។

ហេតុនេះហើយ ទើបអាណាព្យាបាលកាន់តែច្រើនបានមើលឃើញថា ការចេះភាសាចិនជាឱកាសល្អមួយសម្រាប់កូនៗរបស់គាត់ ដើម្បីទទួលបានឱកាសការងារល្អ ឬភ្ជាប់ទំនាក់ទំនងអាជីវកម្មបានកាន់តែងាយស្រួល»។

លោកភារិន បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ភាសាចិនត្រូវបានគេប្រើប្រាស់ច្រើនឡើងៗនៅលើពិភពលោកសម្រាប់ការទំនាក់ទំនងផ្នែកជំនួញ ហេតុនេះប្រសិនបើប្រជាជនយើងចេះប្រើប្រាស់ភាសាចិនបានល្អ បន្ថែមពីលើភាពច្បាស់លាស់នៃភាសាជាតិរបស់យើងផងនោះ នោះពួកគាត់នឹងអាចទទួលបានឱកាសការងារល្អនៅថ្ងៃអនាគត។

ជាក់ស្តែងយើងឃើញថា ទំហំនៃការបណ្តាក់ទុនវិនិយោគពីចិនមកកាន់កម្ពុជានាពេលបច្ចុប្បន្ន មានការកើនឡើងកាន់តែធំ ហេតុនេះបណ្តាក្រុមហ៊ុនសហគ្រាស និងចង្វាក់ផលិតកម្មជាច្រើននឹងត្រូវការធនធានមនុស្សដែលមានសមត្ថភាពប្រើប្រាស់ភាសាចិនបាន។

ប្រសិនបើយើងចេះប្រើប្រាស់ភាសាចិន យើងនឹងអាចស្ថិតក្នុងបញ្ជីបុគ្គលអាទិភាពក្នុងការស្រូបបានឱកាសការងារទាំងអស់នោះ។ បន្ថែមពីលើនេះ សម្រាប់ការធ្វើអាជីវកម្មក៏មិនខុសពីការធ្វើការងារប៉ុន្មានដែរ។

នៅពេលដែលយើងចេះប្រើប្រាស់ភាសាចិនបានល្អ យើងនឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនង ឬរកស៊ីជាមួយនឹងអ្នកវិនិយោគចិន ដែលធ្វើឱ្យអាជីវកម្មរបស់យើងកាន់តែអភិវឌ្ឍបានយ៉ាងឆាប់រហ័ស។

បច្ចុប្បន្ននេះយើងឃើញហើយថា អ្នករកស៊ីចិនបានមកបោះទុនយ៉ាងច្រើនលើវិស័យអចលនទ្រព្យ និងបានបើកចំហរឱកាសជាច្រើនសម្រាប់ភ្ជាប់ទំនាក់ទំនងដែលប្រជាជនយើងអាចទាញផលចំណេញបាន។

ជាយោបល់ចំពោះសិស្សានុសិស្ស និងអាណាព្យាបាល អ្នកអប់រំខាងលើបានលើកឡើងថា អាណាព្យាបាលអាចពិចារណាក្នុងការកំណត់ភាសាចិនជាភាសាបន្ថែមមួយ ដែលអាចឱ្យកូនៗជ្រើសរើសសិក្សាបាន បន្ថែមពីលើភាសាអង់គ្លេស។

កាលណាពួកគាត់បានយល់ដឹងពីភាសាកាន់តែច្រើន ជាពិសេសភាសាដែលមានសក្តានុពលសម្រាប់ទំនាក់ទំនងនានា ពួកគាត់នឹងអាចបន្តស្វែងយល់ពីអ្វីដែលជាប្រភពចំណេះដឹងបន្ថែម និងអាចបំពេញភាពខ្វះខាតមួយចំនួនឱ្យក្លាយជាមនុស្សដែលមានបញ្ញាកាន់តែខ្លាំង ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម
ឱ្យកាន់តែរីកចម្រើននាថ្ងៃអនាគត៕

Advertisement