កុមារជាវ័យពូកែស្រមើស្រមៃ បើចេះបំផុសក្តីស្រមៃឱ្យត្រឹមត្រូវ ក្មេងនឹងខ្លាំងនៅថ្ងៃអនាគត

កុមារជាវ័យដែលពូកែស្រមើស្រមៃបំផុត ហើយវ័យនេះជាវ័យដែលគិតថា គ្រប់យ៉ាងសុទ្ធតែអាចទៅរួច ហេតុនេះគ្មានអ្វីជាឧបសគ្គសម្រាប់ការគិតរបស់ពួកគេនោះទេ។ នៅដំណាក់កាលនេះ ជាដំណាក់កាលល្អក្នុងការបំផុស និងជំរុញឱ្យពួកគេមានការអភិវឌ្ឍបានលឿន ប្រសិនបើយើងចេះតម្រង់ទិស និងជំរុញភាពស្រមើស្រមៃនេះបានល្អ ប្រកបដោយភាពវិជ្ជមាន។

ជាធម្មតាគេតែងសង្កេតឃើញថា កុមារតូចៗតែងលេងម្នាក់ឯង និយាយម្នាក់ឯង គូររូបម្នាក់ឯង ឬស្រមើស្រមៃបង្កើតអ្វីៗប្លែកៗដោយខ្លួនឯង។ បើទោះបីជាកុមារមួយក្រុមលេងជុំគ្នា ឬមើលទៅដូចជានិយាយគ្នា តែពេលខ្លះប្រសិនបើយើងទៅឱ្យជិតបន្តិច យើងនឹងឃើញថា ពួកគេនិយាយរឿងផ្សេងៗពីគ្នា និងលេងដាច់ដោយឡែកពីគ្នាក៏មាន។

ស្ថានភាពបែបនេះជាស្ថានភាពទូទៅនៃធម្មជាតិ
របស់ក្មេងដែលកំពុងមានការវិវឌ្ឍបន្តិចម្តងៗក្លាយជាមនុស្សធំ។ ហេតុនេះប្រសិនបើអាណាព្យាបាលបានបណ្តុះបណ្តាលល្អលើដំណាក់កាលដំបូង ឬដំណាក់កាលគ្រឹះនៃជីវិតរបស់ក្មេងនេះ ពួកគេអាចនឹងអភិវឌ្ឍខ្លួនក្លាយជាមនុស្សខ្លាំងនាថ្ងៃអនាគតបាន។ ហេតុនេះហើយទើបយើងឃើញថា នៅបណ្តាប្រទេសនានា រួមទាំងកម្ពុជាយើងផង នាពេលបច្ចុប្បន្ននេះគេកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍកុមារតូច ខ្លាំងជាងផ្នែកផ្សេងៗ។

លោកស្រី យឹម រ៉ាដែត នាយិកាមជ្ឈមណ្ឌល Global Art Cambodia បានលើកឡើងថា កុមារតូចជាវ័យដែលមានភាពស្រមើស្រមៃខ្ពស់ តែពេលខ្លះភាពស្រមើស្រមៃរបស់គេនោះពួកគេមិនអាចធ្វើឱ្យមនុស្សធំយល់ ឬមិនមានវិធីសាស្រ្តក្នុងការបង្ហាញឱ្យមនុស្សធំយល់បាន។ ហេតុនេះហើយទើបជាទូទៅគេឃើញថា កុមារតូចៗភាគច្រើនចូលចិត្តគូសវាស ឬគូររូបភាពដើម្បីបង្ហាញទៅមនុស្សធំ ដើម្បីចង់ឱ្យយើងយល់ពីអារម្មណ៍របស់ពួកគាត់។

ក្នុងវ័យនេះប្រសិនបើយើងបានអភិវឌ្ឍគំនិតច្នៃប្រឌិតរបស់គាត់ ឬបង្រៀនគាត់បន្ថែម ឱ្យគាត់យល់ដឹងពីវិធីសាស្ត្រក្នុងការកែច្នៃភាពស្រមើស្រមៃរបស់គាត់ទៅជាគំនិតច្នៃប្រឌិត គាត់អាចនឹងក្លាយជាមនុស្សម្នាក់ដែលពោរពេញដោយសមត្ថភាពក្នុងការបង្កើតអ្វីដែលថ្មីៗបាននាពេលអនាគត។

លោកស្រី យឹម រ៉ាដែត បាននិយាយថា៖ «ជាចំណុចល្អ អាណាព្យាបាលគួរយកចិត្តទុកដាក់ក្នុងការបំផុសឱ្យក្មេងតូចៗចេះគិតឱ្យបានច្រើន រួមជាមួយពេលដែលគេអាចកម្សាន្តប្រកបដោយភាពវិជ្ជមាន។ ជាក់ស្តែង ការគូររូប ឬការគូរគំនូរច្នៃប្រឌិត អាចជាជម្រើសល្អមួយដែលអាណាព្យាបាលគួរពិចារណា ដើម្បីបណ្តុះបណ្តាលក្តីស្រមៃរបស់ក្មេងឱ្យកាន់តែមានថាមពលឡើង»។

លោកស្រីនាយិកាបានបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងសុទ្ធតែកើតចេញពីការស្រមើស្រមៃ និងការគិតរបស់មនុស្ស។ បន្ទាប់ពីបានបង្កើតគំនិតហើយ គេជំរុញភាពច្នៃប្រឌិតនោះឱ្យក្លាយជាគំរូតាមរយៈការគូសចេញជាគំរូម៉ូដែល ឬប្លង់គម្រោងជាដើម។

ហេតុនេះប្រសិនបើក្មេងតូចៗមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់គំនិតច្នៃប្រឌិតរបស់ខ្លួន អនាគតទៅ ពួកគេនឹងក្លាយជាមនុស្សដែលពិភពលោកត្រូវការ ខណៈអ្នកជំនាញសំខាន់ៗ ឬអ្នកដែលមានសមត្ថភាពក្នុងការរិះរកគំហើញថ្មីៗ ត្រូវបានគេចាត់ទុកថា ជាបុគ្គលសំខាន់លើពិភពលោកនាពេលបច្ចុប្បន្ននេះ៕

Advertisement