ការអប់រំជាយន្តការសំខាន់ក្នុងការដោះស្រាយបញ្ហាឡើងកម្តៅផែនដីនៅថ្ងៃអនាគត

បញ្ហានៃការកើនឡើងកម្តៅផែនដី ត្រូវបានគេមើលឃើញថាបានបង្កើតឱ្យមានក្តីកង្វល់ជាច្រើនសម្រាប់ប្រទេសទាំងអស់លើពិភពលោក។ បញ្ហាទាំងអស់នេះត្រូវបានប្រទេសនានាប្រជុំ និងស្វែងរកដំណោះស្រាយជារៀងរាល់ឆ្នាំ ខណៈបញ្ហានៃផលប៉ះពាល់របស់វាកំពុងកើតឡើងជារៀងរាល់ថ្ងៃ និងគ្រប់តំបន់ទាំងអស់លើពិភពលោក។

ដោយសារតែការឡើងនៃកម្តៅផែនដី ធ្វើឱ្យតំបន់ជាច្រើនជាពិសេសតំបន់កសិកម្មត្រូវប្រឈមនឹងបញ្ហាខូចគុណភាពដី វារីអគ្គិសនីត្រូវបានរាំងស្ទះមិនអាចដំណើរការបាន ខណៈប្រជាជននៅគ្រប់តំបន់កាន់តែលំបាករស់នៅជាមួយនឹងសីតុណ្ហភាពដែលតែងតែកើនឡើងជារៀងរាល់ឆ្នាំ។ នៅប្រទេសខ្លះ ការរងឥទ្ធិពលនៃការកើនឡើងកម្តៅផែនដី បានធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្ម និងជាឧបសគ្គយ៉ាងធំសម្រាប់វិស័យឧស្សាហកម្ម បើទោះបីជាបច្ចេកវិទ្យាក្នុងឧស្សាហកម្មមានការវិវឌ្ឍលឿនយ៉ាងណាក៏ដោយ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ការអប់រំ គឺជាច្រកដ៏សំខាន់មួយក្នុងចំណោមដំណោះស្រាយធំៗដើម្បីកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន ដែលកើតឡើងដោយសារតែការកើនឡើងនូវកម្តៅផែនដីនេះ។ អ្នកជំនាញជាច្រើនមើលឃើញថា ប្រសិនបើប្រជាជនកាន់តែច្រើនចាប់ផ្តើមយល់ដឹងពីផលប៉ះពាល់នៃបញ្ហាដ៏គ្រោះថ្នាក់នេះ ពួកគេនឹងអាចចូលរួមចំណែកយ៉ាងធំដើម្បីកាត់បន្ថយផលប៉ះពាល់ក្នុងសកម្មភាពនៃការរស់នៅ និងអាចស្វែងរកដំណោះស្រាយកាន់តែច្រើនសម្រាប់ពិភពលោក។

ដោយមើលឃើញពីសារៈសំខាន់នៃការអប់រំមនុស្សលើពិភពលោក ដើម្បីដោះស្រាយបញ្ហាឡើងកម្តៅផែនដីនៅបណ្តាប្រទេសជាច្រើននៅទ្វីបអឺរ៉ុប បានចាប់ផ្តើមបញ្ចូលមុខវិជ្ជាពាក់ព័ន្ធនឹងការកើនឡើងកម្តៅផែនដីនេះដល់សិស្សចាប់តាំងពីថ្នាក់បឋមសិក្សា ដើម្បីឱ្យពួកគេបានយល់ស៊ីជម្រៅនៅពេលពួកគេធំឡើង។ នៅប្រទេស នីវហ្ស៊ីលែនដ៍ សិស្សទាំងអស់ត្រូវបានគេបង្រៀនឱ្យយល់ដឹងពីហានិភ័យនៃគ្រោះធម្មជាតិ តាមរយៈការច្នៃមេរៀនមួយចំនួនសម្រាប់ឱ្យសិស្សអនុវត្ត។ ពួកគេបង្រៀនក្មេងៗឱ្យមើលឃើញពីហានិភ័យនាពេលអនាគត ដែលអាចនឹងកើតឡើង ប្រសិនបើមិនព្រមស្វែងរកដំណោះស្រាយ ឬរក្សាសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានដូចពេលបច្ចុប្បន្ននេះ។

បន្ថែមពីលើនេះមានប្រទេសខ្លះក៏បានចាប់ផ្តើមពន្យល់សិស្សឱ្យមើលឃើញពីសកម្មភាព ដែលកំពុងកើតឡើងជុំវិញខ្លួននៅក្នុងសហគមន៍របស់គេ ដែលអាចប៉ះពាល់ដល់អនាគតនៃការរស់នៅ។ គេព្យាយាមបង្ហាញឱ្យឃើញពីផលប៉ះពាល់ដែលកើតចេញពីការបំពុលបរិយាកាស តាមរយៈសកម្មភាពសហគ្រាស និងការមិនសន្សំសំចៃលើមធ្យោបាយធ្វើដំណើរ។ ការប្រើប្រាស់ខ្ជះខ្ជាយច្រើនជ្រុលលើសម្លៀកបំពាក់ ដែលវាអាចនឹងក្លាយជាសំណល់ចាស់ៗកាន់តែច្រើននៅលើផែនដី និងសកម្មភាពនៃការប្រើប្រាស់អគ្គិសនីដោយមិនត្រឹមត្រូវ ដែលធ្វើឱ្យមានការខ្ជះខ្ជាយ និងការផលិតកាន់តែច្រើនជាដើម។

ការបណ្តុះផ្នត់គំនិតទាំងអស់នេះ ត្រូវបានគេរំពឹងទុកថា អាចនឹងធ្វើឱ្យមនុស្សរាប់ពាន់លាននាក់លើពិភពលោកចាប់ផ្តើមពិចារណាលើចំណុចតូចៗ ដែលគេបានធ្វើ ដើម្បីចូលរួមដោះស្រាយបញ្ហាគ្រោះថ្នាក់ពីផលប៉ះពាល់បរិស្ថានលើពិភពលោក។ បន្ថែមពីលើនេះ កម្មវិធីសិក្សាមួយចំនួនក៏ត្រូវបានគេបញ្ចូលផ្នត់គំនិតនៃដំណោះស្រាយ ដូចជាការដាក់គម្រោងឱ្យសិស្សស្រាវជ្រាវ និងស្វែងរកដំណោះស្រាយឆ្លាតវៃចំពោះការចូលរួមកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាការជំរុញនវានុវត្តន៍ជាដើម។

បន្ថែមពីលើនេះ មានប្រទេសខ្លះបានចាប់ផ្តើមប្រើប្រាស់វិធីឆ្លាតវៃដោយការបញ្ចូលគំនិតថែរក្សាបរិស្ថាន និងការដោះស្រាយបញ្ហាឡើងកម្តៅផែនដីនៅក្នុងម៉ោងបច្ចេកវិទ្យាព័ត៌មាន និងម៉ោងសិក្សាវិទ្យាសាស្ត្រ។

ការធ្វើបែបនេះត្រូវបានគេជឿថា អាចនឹងធ្វើឱ្យសិស្សក្លាយជាអ្នកជំនាញដោះស្រាយបញ្ហាបរិស្ថានតាមរយៈបច្ចេកវិទ្យាទំនើប និងការប្រើប្រាស់ទ្រឹស្តីវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហានៃការរស់នៅរបស់មនុស្សដោយមិនមានផលប៉ះពាល់។

ប្រសិនបើធនធានមនុស្សនាពេលបច្ចុប្បន្ន ជាពិសេសកុមារតូចៗបានយល់ដឹងកាន់តែច្រើនពីផល-ប៉ះពាល់នៃបញ្ហាឡើងកម្តៅផែនដី និងបញ្ហាបរិស្ថានដែលពិភពលោកកំពុងព្រួយបារម្ភ ពួកគេអាចនឹងចូលរួមចំណែកគ្រប់សកម្មភាពទាំងអស់ដើម្បីកាត់បន្ថយបញ្ហាទាំងអស់នោះ។

ក្មេងៗនាពេលបច្ចុប្បន្ន នឹងក្លាយជាប្រជាជនសកម្ម ឬជាអ្នកជំនាញនៅគ្រប់ផ្នែកទាំងអស់ក្នុងថ្ងៃអនាគត ហេតុនេះ មិនថាពួកគេក្លាយជាអ្នកជំនាញផ្នែកសេវាកម្ម កសិកម្ម ឧស្សាហកម្ម ឬវិទ្យាសាស្ត្រនោះទេ ពួកគេនឹងអាចជាចលករដ៏សំខាន់ក្នុងការប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមតាមគ្រប់រូបភាព៕

Advertisement