គ្រប់គ្រងសតិ (Mindful) ឱ្យបានល្អ ជាវិធីបង្កើន ប្រសិទ្ធភាពក្នុងជីវិត

ប្រសិទ្ធភាពការងារ ជាចំណុចដ៏សំខាន់មួយក្នុងការអភិវឌ្ឍជីវិត ព្រោះវាអាចជួយឱ្យយើងក្លាយជាមនុស្សលេចធ្លោ ចំណាយពេលវេលាតិច ចំណេញការងារច្រើន និងតែងតែអភិវឌ្ឍឈានទៅមុខប្រកបដោយភាពវិជ្ជមានជានិច្ចនៅគ្រប់ទីកន្លែង។

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា មនុស្សម្នាក់ៗលើពិភពលោកយើងនេះមានពេលវេលាដូចគ្នាទាំងអស់ គឺ 1ថ្ងៃ 24ម៉ោងដូចៗគ្នា តែមនុស្សមានលទ្ធផលជីវិតខុសគ្នា បើទោះបីជាពេលខ្លះពួកគេមានឋានៈតួនាទី និងធ្វើការក្នុងស្ថាប័នតែមួយដូចគ្នាក៏ដោយ។

មានមនុស្សខ្លះចាប់ផ្តើមពីចំណុចតូចមួយក្នុងស្ថាប័ន តែប៉ុន្មានឆ្នាំក្រោយគាត់បានក្លាយជាអ្នកដឹកនាំស្ថាប័ន ឬជាអ្នកដែលលេចធ្លោក្នុងចំណោមមនុស្សនានាដែលគាត់ស្គាល់ ខណៈមនុស្សមួយចំនួនទៀតចាប់ផ្តើម និងបញ្ចប់នៅនឹងកន្លែងមួយដដែល។ កត្តាដែលនាំឱ្យមនុស្សមានភាពខុសគ្នាបែបនេះ គឺមកពីភាពខុសគ្នានៃប្រសិទ្ធភាពការងារ។

អ្នកដែលមានប្រសិទ្ធភាពការងារខ្ពស់ ភាគច្រើនជាអ្នកដែលគ្រប់គ្រងពេលវេលាបានល្អ ចេះបែងចែករឿងអាទិភាពក្នុងថ្ងៃនីមួយៗ និងចេះឆ្លើយតបជាមួយនឹងបញ្ហា ដោយបង្កើតជាដំណោះស្រាយប្រកបដោយភាពច្បាស់លាស់ ឬអាចនិយាយបានថា គេអាចគ្រប់គ្រងសតិ (Mindful) បានល្អ។

គ្រប់ហេតុការណ៍ដែលកើតឡើងក្នុង 1ថ្ងៃៗ គេអាចគ្រប់គ្រង និងកំណត់ដឹងយ៉ាងច្បាស់ថា គេកំពុងធ្វើអ្វី ហើយនឹងធ្វើអ្វីបន្តទៀត ដែលនេះជាគោលដៅបន្ទាប់សម្រាប់បុព្វហេតុក្នុងជីវិតរបស់គេផ្ទាល់។

លោក ប៉ិច បូឡែន បាននិយាយថា៖ «មនុស្សដែលអាចគ្រប់គ្រងសតិបានល្អ ជាបុគ្គលដែលអាចរីកចម្រើនបានយ៉ាងលឿន ព្រោះគេអាចបែងចែករឿងនីមួយៗបានយ៉ាងច្បាស់ ហើយដំណើរការការងារ ក៏មានភាពច្បាស់លាស់ដូចគ្នា ដែលធ្វើឱ្យគេធ្វើការបានចប់ចុងចប់ដើម និងស្អាតរៀបរយទៀតផង»។

លោក បូឡែន បានលើកឡើងផងដែរថា នៅក្នុង 1ថ្ងៃៗ មានរឿងជាច្រើនដែលត្រូវឱ្យយើងដោះស្រាយហើយប្រសិនបើយើងគ្រប់គ្រងសតិមិនបានល្អទេនោះ យើងនឹងមិនអាចដោះស្រាយអស់នោះទេ។

កាលណាយើងដោះស្រាយបញ្ហាចាស់មិនអស់ បញ្ហាថ្មីៗក៏នឹងចូលមកជាបន្តបន្ទាប់ដែលធ្វើឱ្យយើងត្រូវវិលវល់នៅក្នុងបញ្ហា ដោះស្រាយមិនចេះចប់ មិនចេះហើយ។

ហេតុនេះដើម្បីក្លាយជាបុគ្គលដែលមានប្រសិទ្ធភាពខ្ពស់ ចាំបាច់ត្រូវចេះឆ្លើយតបជាមួយនឹងបញ្ហាឱ្យបានល្អ។ នៅក្នុងទម្លាប់ល្អទាំង 7យ៉ាងរបស់បុគ្គលមានប្រសិទ្ធភាពខ្ពស់ គេនិយាយថា មនុស្សមាន 2ប្រភេទ គឺមនុស្សកូកា និងមនុស្សទឹកសុទ្ធ។

មនុស្សកូកា ជាមនុស្សដែលឆាប់ឆេវឆាវ គ្រប់គ្រងខ្លួនឯងមិនបានល្អ ប្រៀបបីដូចជាកំពុងកូកាដែលគេក្រឡុក ហើយបើកគម្របមកនឹងឆួលកំពប់ហៀរឡើង តែផ្ទុយមកវិញមនុស្សទឹកសុទ្ធ គឺមានសភាពនឹងដូចជាទឹកសុទ្ធដូច្នោះដែរ បើទោះបីជាគេក្រឡុកយ៉ាងណា ក៏ក្រោយពេលបើកគម្របនៅតែស្ងៀមនឹង មិនហូរហៀរ ឬកញ្ជ្រោលខ្លាំងដូចកូកានោះទេ។

ប្រសិនបើយើងចង់ក្លាយជាមនុស្សដែលមានប្រសិទ្ធភាពការងារខ្ពស់ យើងគួរចេះតាមដានសតិរបស់យើងឱ្យបានល្អ ដោយការបង្កើតទម្លាប់ធ្វើចិត្តឱ្យស្ងប់ ហើយព្យាយាមស្វែងយល់ពីបញ្ហានីមួយៗឱ្យស៊ីជម្រៅ និងឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចាប់ផ្តើមសម្រេចចិត្តឆ្លើយតប ទើបយើងអាចស្វែងរកដំណោះស្រាយបានល្អ ហើយប្រកបដោយប្រសិទ្ធភាពខ្ពស់។

ប្រសិនបើយើងគ្រប់គ្រងខ្លួនឯងមិនបានល្អ ហើយបណ្តោយឱ្យអារម្មណ៍ស្មុគស្មាញរាល់ថ្ងៃជាមួយនឹងបញ្ហា ឬឆេវឆាវបាត់ការគ្រប់គ្រងនោះ បញ្ហានឹងកាន់តែរីកធំ ហើយច្រើនឡើងៗ ហ៊ុមព័ទ្ធជីវិតយើងដែលធ្វើឱ្យយើងមិនអាចអភិវឌ្ឍខ្លួនបានឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន Vipassa បានលើកឡើងថាការគ្រប់គ្រងសតិឱ្យបានល្អជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះក្នុងថ្ងៃនីមួយៗ
បើទោះបីជាយើងមិននៅស្ងៀម ក៏មានរឿងជាច្រើនចូលមកក្នុងជីវិតរបស់យើងដែរ ហេតុនេះវាទាមទារឱ្យយើងត្រូវចេះគ្រប់គ្រងសតិស្មារតី និងតាមដានជាប់ជានិច្ច ដើម្បីធានាថា យើងអាចប្រើប្រាស់ជីវិតប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការគ្រប់គ្រងសតិស្មារតីបានល្អ អាចធ្វើឱ្យយើងឆ្លើយតបនឹងបញ្ហានានាក្នុងការងារ ក្នុងការរស់នៅ ក៏ដូចជាក្នុងគ្រួសារបានយ៉ាងល្អប្រសើរ។ នៅពេលយើងកំពុងខឹងយើងកំណត់ដឹងថា យើងខឹង ហើយនៅពេលអន់ចិត្ត យើងក៏ដឹងខ្លួនឯងដែរថា អន់ចិត្ត ឬនៅពេលរីករាយខ្លាំង យើងដឹងថា យើងកំពុងរីករាយ ហេតុនេះប្រសិនបើយើងដឹងច្បាស់ពីស្ថានភាពក្នុងខ្លួនរបស់ខ្លួនឯង យើងអាចនឹងមានការប្រុងប្រយ័ត្នគ្រប់ពេល។

ប្រសិនបើយើងជួបហេតុការណ៍ណាមួយ ហើយយើងមិនដឹងថា ខ្លួនឯងកំពុងខឹង យើងអាចឆ្លើយតបភ្លាមៗទាំងកំហឹង ដែលនឹងធ្វើឱ្យរឿងរីកធំជាងមុន តែប្រសិនបើយើងដឹងខ្លួនឯងច្បាស់ថា យើងកំពុងខឹង នោះយើងនឹងអាចប្រុងប្រយ័ត្ន ហើយរង់ចាំឱ្យបាត់ខឹង ទើបធ្វើការដោះស្រាយ។ ការធ្វើបែបនេះនឹងធ្វើឱ្យយើងរស់នៅក្នុងជីវិតដែលស្ងប់ និងរីករាយ ហើយធ្វើអ្វីក៏សម្រេចបានលទ្ធផលល្អដែរ។

លោក នឹម ឈុន្នី បាននិយាយថា៖ «ដើម្បីគ្រប់គ្រងសតិ (Mindful) ឱ្យបានល្អ យើងមានវិធីសាស្ត្រច្រើនណាស់ដើម្បីអនុវត្ត ដោយក្នុងនោះយើងអាចបង្កើតទម្លាប់នៃការរស់នៅដោយការព្យាយាមតាមដាន និងកំណត់ដឹងពីអារម្មណ៍របស់យើងគ្រប់ពេលជារៀងរាល់ថ្ងៃ និងវិធីល្អម្យ៉ាងទៀត គឺការធ្វើសមាធិ»។

លោក នឹម ឈុន្នី បានបន្ថែមទៀតថា ទម្លាប់ងាយៗមួយចំនួនដែលអាចជួយឱ្យយើងគ្រប់គ្រងសតិបានល្អ គឺយើងអាចធ្វើសមាធិ 2ដងក្នុង 1ថ្ងៃ ដោយចំណាយពេលវេលាមុនចូលគេងដើម្បីត្រួតពិនិត្យមើលពីអ្វីដែលខ្លួនបានធ្វើ និងមិនទាន់បានធ្វើ។ បន្ទាប់មកយើងអាចត្រៀមខ្លួនឱ្យរួចរាល់សម្រាប់បន្តការងារនៅថ្ងៃស្អែក ហើយសមាធិនៅមុនពេលគេងដើម្បីធ្វើឱ្យការសម្រាកបានល្អ។

បន្ថែមពីលើនេះ ក្រោយក្រោកពីគេង គួរតាមដានសតិស្មារតីរបស់ខ្លួនឯង ដោយការបង្កើតភាពរីករាយ និងអរគុណដែលយើងបានបន្តរស់ 1ថ្ងៃទៀត។ បន្ទាប់មករំឭកពីរឿងរីករាយ និងពង្រឹងស្មារតីឱ្យស្វាហាប់សម្រាប់ការងារនៅព្រឹកថ្ងៃថ្មីនេះ។ ប្រសិនបើយើងទម្លាប់ធ្វើបែបនេះបានជារៀងរាល់ថ្ងៃនោះ
យើងនឹងអាចរស់នៅក្នុងថ្ងៃនីមួយៗប្រកបដោយថាមពល និងភាពរីកចម្រើន៕

Advertisement