សិស្សពូកែថ្នាក់ជាតិ ចេង បូរិទ្ធ៖ ការប្រឡងបាក់ឌុបគ្មានអ្វីគួរឱ្យខ្លាចទេបើដឹងវិធីសាស្រ្តត្រៀមខ្លួន

ការប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងចូលមកដល់នៅក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ហើយអ្វីដែលសិស្សភាគច្រើនមានការបារម្ភខ្លាំងជាងគេនោះគឺពួកគេមិនទាន់មានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ ហើយពិបាកគ្រប់គ្រងលើភាពភ័យខ្លាចរបស់ខ្លួនឯង។

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ កាសែតឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសជាមួយលោក ចេង បូរិទ្ធ ដែលជាអតីតសិស្សពូកែទូទាំងប្រទេសផ្នែករូបវិទ្យាឆ្នាំ 2011 និងអតីតនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សាផ្នែកគណិតវិទ្យានៅប្រទេសថៃ ដើម្បីចែករំលែកវិធីសាស្រ្តគ្រប់គ្រងអារម្មណ៍ខ្លួនឯងមុនពេលប្រឡង និងត្រៀមខ្លួនឱ្យបានល្អដើម្បីធានាថា នៅថ្ងៃប្រឡងចូលមកដល់បេក្ខជនទាំងអស់គ្នា អាចធ្វើបានល្អ។

1. តើធ្វើយ៉ាងដូចម្តេចកុំឱ្យមានការភ័យខ្លាចនៅពេលប្រឡង?
ជាធម្មតា ការភ័យខ្លាចកើតចេញមកពីកង្វះទំនុកចិត្តលើខ្លួនឯង ហើយការខ្វះទំនុកចិត្តនេះកើតចេញមកពី ការមិនបានត្រៀមខ្លួនឱ្យបានល្អរបស់សិស្ស។ នៅពេលដែលខ្ញុំប្រឡង ខ្ញុំមិនដែលមានអារម្មណ៍ថាភ័យទេ ព្រោះខ្ញុំតែងតែត្រៀមមុនយ៉ាងហោចណាស់ 3 ខែសម្រាប់រំឭកមេរៀនចាស់ៗពេញមួយឆ្នាំ ការធ្វើបែបនេះវាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្ញុំបានត្រៀមរួចហើយ ហើយការប្រឡងមិនមែនជាថ្ងៃដែលត្រូវភ័យទេ តែវាជាថ្ងៃដែលសប្បាយចិត្តព្រោះវាជាឱកាសដែលខ្ញុំត្រូវបញ្ចេញសមត្ថភាព។
ម្យ៉ាងវិញទៀត ដើម្បីបំបាត់ភាពភ័យខ្លាច សិស្សទាំងអស់គ្នាគួរមានគំនិតមួយថា ការប្រឡងវាមិនអាក្រក់ដូចអ្វីដែលយើងគិតនោះទេ។ មនុស្សគ្រប់គ្នា តែងតែគិតថា ការប្រឡងគឺពិបាក ហើយលំហាត់ទៀតសោតគឺប្រហែលជាធ្ងន់ៗណាស់ហើយ តែតាមពិតទៅការប្រឡងជាក់ស្តែងគឺងាយជាងការគិតរហូត។

2. ប្រសិនបើសិស្សមិនបានត្រៀម ហើយនៅសល់មួយសប្តាហ៍ទៀតប្រឡង តើគាត់គួរធ្វើបែបណា?
ការដែលសំខាន់ ខ្ញុំនៅតែប្រកាន់ខ្ជាប់ពាក្យថាត្រូវមាន «ទំនុកចិត្តលើខ្លួនឯង»។ ពាក្យចាស់តែងតែនិយាយថា អព្ភូតហេតុអាចកើតមានគ្រប់ពេលដែលមានការជឿជាក់ ហេតុនេះនៅពេលដែលសិស្សមានទំនុកចិត្តលើខ្លួនឯង នោះគាត់នឹងអាចធ្វើបានល្អនៅពេលប្រឡង តែចំណុចសំខាន់នោះគឺ ឱ្យគាត់មានទំនុកចិត្តលើខ្លួនឯងយ៉ាងម៉េចបានប្រសិនបើគាត់នៅសល់ពេលតិចដូច្នេះ។

ចំណុចសំខាន់ដើម្បីទប់ស្កាត់អារម្មណ៍ជ្រួលច្របល់ពេលជិតប្រឡងគឺ ការកំណត់កាលវិភាគរំឭកមេរៀនឱ្យបានច្បាស់លាស់។ សូមពិចារណាមើលពីខ្លួនឯង ហើយសម្លឹងមើលលើសមត្ថភាពផ្ទាល់របស់ខ្លួនឯង ថាតើនៅខ្វះផ្នែកណាច្រើនជាងគេ កំណត់មើលវាមុន ហើយដាក់ម៉ោងឱ្យច្រើន បន្ទាប់មកបន្តចែកពេលឱ្យបានច្បាស់លាស់ដើម្បីមើលវាឱ្យបានល្អ។ ឱ្យតែមានការប្រឹងប្រែង លទ្ធផលល្អនឹងកើតមានគ្រប់ពេល សូមចាប់ផ្តើម ហើយកុំបារម្ភច្រើនពេក។

3. សល់រយៈពេល 1ថ្ងៃ ឬ2ថ្ងៃ មុនប្រឡងបាក់ឌុប ឬប្រឡងសំខាន់នានា សិស្សភាគច្រើនដេកមិនលក់ តើមានវិធីអ្វីដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ?
ជាធម្មតាទេ ជិតប្រឡងអ្នកណាក៏ភ័យដែរ តែត្រង់ថាភ័យដល់ថ្នាក់ដេកមិនលក់គឺជ្រុលពេកហើយ។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ទី១ យើងត្រូវសង្ខេបមេរៀនដោយគូរ Mind Maps (គំនូសសង្ខេបមេរៀនឱ្យខ្លី) ព្រោះនៅពេលដែលយើងបានឃើញមេរៀនត្រូវបានតភ្ជាប់គ្នា ខួរក្បាលនឹងកាន់តែឆាប់ចាំ ហើយកាន់តែទុកចិត្ត។

មួយវិញទៀត បន្ទាប់ពីបង្កើត Mind Maps ហើយ យើងនឹងមានអារម្មណ៍ថាយើងអាចគ្រប់គ្រងស្ថានការណ៍បានហើយ តែចំណុចជំរុញឱ្យកាន់តែមានភាពស្វាហាប់ទៅទៀតនោះ គឺការលេងកីឡាណាដែលមិនប៉ះពាល់ខ្លាំងដល់ថាមពល ដូចជាការហែលទឹក ការជិះកង់ ឬធ្វើសមាធិ ដើម្បីឱ្យស្ងប់អារម្មណ៍ បន្ទាប់មកយើងនឹងអាចសម្រាកដោយស្ងប់ចិត្តដើម្បីងើបពីព្រលឹមដោយភាពស្រស់ស្រាយនៅថ្ងៃប្រឡង៕

Advertisement