ប្រទេស Norway កែប្រែប្រជាជនដែលចូលចិត្តប្រើអំពើហិង្សា ទៅជាប្រជាជនគំរូដោយវិធីណាខ្លះ?

បញ្ហាអំពើហិង្សា ឬឧក្រិដ្ឋកម្ម ជាបញ្ហាប្រឈមមួយដែលបណ្តាប្រទេសនានាជុំវិញពិភពលោកកំពុងយកចិត្តទុកដាក់ ព្រោះវាជាបញ្ហាមួយដែលបង្កើតឱ្យមានផលប៉ះពាល់ជាអវិជ្ជមានចំពោះប្រជាជននៅក្នុងសង្គម។

នៅពេលសង្គមមួយពោរពេញទៅដោយមនុស្សដែលចូលចិត្តប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហា ឬសម្បូរទៅដោយឧក្រិដ្ឋកម្ម នៅពេលនោះការរស់នៅរបស់ប្រជាជនក៏ស្ថិតក្នុងសភាពភ័យខ្លាច ឬជានិច្ចកាលមានការខាតបង់ធ្ងន់ធ្ងរដោយឥទ្ធិពលអវិជ្ជមាននៃអំពើហិង្សាទៀតផង។

ជាដំណោះស្រាយបញ្ហាអំពើហិង្សានៅក្នុងសង្គម ក្រៅពីការអនុវត្តច្បាប់ ប្រទេសអភិវឌ្ឍន៍ជច្រើនបានព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីអប់រំ បន្ថែមពីលើវិធានការតឹងតែងផ្នែកព្រហ្មទណ្ឌ។

ការព្យាយាមស្វែងរកវិធីសាស្រ្តថ្មីៗនេះត្រូវបានគេធ្វើឡើងដោយសារតែគេសង្កេតឃើញថា គ្រាន់តែឃុំឃាំងក្នុងពន្ធនាគារ និងពិន័យជាប្រាក់ មិនទាន់គ្រប់គ្រាន់ទេក្នុងការកែប្រែមនុស្សហិង្សាឱ្យក្លាយជាមនុស្សល្អឡើងវិញ។ ជាក់ស្តែងនៅក្នុងសង្គម
គេឃើញឧក្រិដ្ឋជន ឬជនល្មើសខ្លះបានប្រព្រឹត្តសកម្មភាពខុសឆ្គងដដែលៗ បើទោះបីជាគេធ្លាប់ជាប់ពន្ធនាគារហើយក៏ដោយ។

ដើម្បីកាត់បន្ថយបញ្ហាអំពើហិង្សា និងឧក្រិដ្ឋកម្មនៅក្នុងប្រទេស ប្រទេសន័រវេយ៍ (Norway) បានប្រើប្រាស់វិធីអប់រំផ្នែកខាងក្នុងដល់អ្នកជាប់ទោស ដើម្បីអភិវឌ្ឍជីវិតរបស់គេក្នុងរយៈពេលយូរអង្វែងឱ្យក្លាយ
ជាមនុស្សល្អឡើងវិញ ជាជាងការគ្រាន់តែឃុំខ្លួន។ ប្រទេសនេះបានប្រើប្រាស់លំហាត់យោហ្គា (yoga)
និងការអប់រំដើម្បីធ្វើឱ្យគេមើលឃើញពីកំហុសផ្ទាល់ខ្លួន ហើយប្រែក្លាយពីមនុស្សខុសឆ្គង មកក្លាយជាបុគ្គលគំរូនៅក្នុងសង្គមវិញ។

តាមការបញ្ជាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា អ្នកជាប់ទោសនៅប្រទេសន័រវេយ៍ គឺគេចាប់ផ្តើមអប់រំឱ្យផ្លាស់ប្តូរទម្លាប់នៃការរស់នៅទៅមុន។ ជាវប្បធម៌ដែលគេអនុវត្តសម្រាប់អ្នកនៅក្នុងមន្ទីរឃុំឃាំង គឺបណ្តុះទម្លាប់ល្អដល់ពួកគេ
តាមរយៈការបំផុសឱ្យធ្វើសកម្មភាពទាំងឡាយណាដែលមានប្រយោជន៍ ដូចជាការបង្កើតចំណូលចិត្តថ្មី
ដើម្បីលុបឱ្យបាត់របៀបគិតអវិជ្ជមាន ឬផ្នត់គំនិតមិនល្អនៅក្នុងសង្គម។ អ្នកដែលធ្លាប់តែផឹកស៊ី ឬមានទម្លាប់បង្កការលំបាកដល់អ្នកដទៃ ត្រូវបានគេណែនាំឱ្យទៅកម្សាន្ត ដោយការបង្កើតឧបករណ៍
ងាយៗ ការហ្វឹកហាត់ជំនាញជាង លេងអុក លេងកីឡា ឬការអានសៀវភៅជាដើម។

បន្ថែមពីលើនេះសូម្បីតែរបបអាហារក៏ត្រូវផ្លាស់ប្តូរដែរ។ ជំនួសឱ្យការទទួលទានគ្រឿងស្រវឹង គេផ្តល់អាហារសុខភាព និងរបបអាហារទាំងឡាយណាដែលធ្វើឱ្យខួរក្បាលស្រស់ស្រាយ ហើយធូរស្បើយពីវិបត្តិទាំងឡាយដែលតោងជាប់នៅក្នុងចិត្តពីមុនមក។ បន្ថែមពីលើនេះ អ្វីដែលកាន់តែពិសេសនោះ គឺអ្នកទោសទាំងអស់ត្រូវបានគេណែនាំឱ្យធ្វើសមាធិ តាមរយៈសកម្មភាពយោហ្គា និងសកម្មភាពជាច្រើនផ្សេងទៀតរហូតក្លាយជាទម្លាប់។ ហេតុនេះហើយ ទើបគេសង្កេតឃើញថា ក្រោយពេលជាប់ឃុំអ្នកទោសដែលធ្លាប់តែឆេវឆាវ ចូលចិត្តប្រើអំពើហិង្សាបានប្រែក្លាយជាមនុស្សម្នាក់ដែលមានអារម្មណ៍រីករាយ មានសិល្បៈក្នុងជីវិតរស់នៅ និងចេះប្រើប្រាស់ជីវិតប្រកបដោយភាពស្ងប់ស្ងាត់មិនរំខានដល់អ្នកដទៃ ជាដើម។

ក្រៅពីនេះ ការអានក៏ជាផ្នែកយ៉ាងសំខាន់មួយ ដែលអាចធ្វើឱ្យអ្នកទោសទាំងអស់ប្រើប្រាស់ពេលវេលាក្នុងជីវិតជាមួយនឹងបទពិសោធថ្មីជាច្រើនសម្រាប់ការរស់នៅ។ មនុស្សដែលមិនធ្លាប់ទទួលបានចំណេះដឹង ឬមិនធ្លាប់ជួបរឿងទាំងឡាយណា ដែលអាចបើកច្រកទ្វារសម្រាប់ការអភិវឌ្ឍជីវិត អាចនឹងក្លាយជាមនុស្សថ្មីតាមរយៈការអានសៀវភៅអប់រំជាច្រើននៅក្នុងពន្ធនាគារ។

យោងតាមទិន្នន័យដែលបង្ហាញដោយសាកលវិទ្យាល័យ Salve Regina University បានឱ្យដឹងថា ការធ្វើបែបនេះបានធ្វើឱ្យអត្រាបញ្ហានៅក្នុងប្រទេសន័រវេយ៍ ថយចុះយ៉ាងច្រើន ព្រោះអត្រាអ្នកជាប់ទោសដដែលៗមានចំនួនតិចបំផុត។ មានន័យថា អ្នកដែលចេញពីពន្ធធនាគារហើយ កម្រមានករណីដែលងាកមកចាប់ផ្តើមជីវិតអវិជ្ជមានដូចកាលពីពេលមុនណាស់។

គួរបញ្ជាក់ដែរថា បើតាមការបញ្ជាក់ដោយស្ថាប័ន Global Prison Trends 2019 បានឱ្យដឹងថា ចំនួនអ្នកទោសដែលកំពុងជាប់ពន្ធនាគាររហូតមកដល់ចុងឆ្នាំ2019 នេះមានចំនួនប្រមាណជាង​​ 10លាននាក់លើពិភពលោក ដោយក្នុងនោះមានទាំងបុរស ស្ត្រី និងកុមារផងដែរ។

ហេតុនេះហើយទើបបណ្តាប្រទេសទាំងអស់កំពុងព្យាយាមស្វែងរកវិធីសាស្រ្តល្អៗ​ដើម្បីធ្វើការអប់រំពួកគេឱ្យប្រែក្លាយខ្លួនមកជាមនុស្សល្អសម្រាប់ចូលរួមអភិវឌ្ឍប្រទេសឡើងវិញ​បន្ទាប់ពីបានពិចារណាកំហុសក្នុងរយៈពេលសមរម្យណាមួយតាមច្បាប់ដែលបានចែងរួចហើយ៕

Advertisement