អីយ៉ា! ក្រុមហ៊ុនធំៗរបស់ចិន ប្រកាសជាចំហថា ពួកគេនឹងប្រកួតជាមួយ Google Play Store

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​​ធំៗ​របស់ចិន បាន​សហការ​គ្នា​ក្រោម​ឈ្មោះ​ Global Developer Service Alliance (ហៅ​កាត់ GDSA) ដែល​ទំនង​ជា​នឹងធ្វើការ​ប្រកួត​ប្រជែង​នឹង​ការ​​កាន់​កាប់​អំណាច​លើ​ទីផ្សារ​អន្តរជាតិរបស់​សេវាកម្ម​ Play Store របស់ Google ។

Huawei, Xiaomi, OPPO និង​ Vivo កំពុង​​ចាប់​ដៃ​គ្នា​​បង្កើត​នូវ​ Platform មួយ​ដែល​អាច​ឱ្យ​អ្នក​បង្កើត​កម្មវិធី (Developer) នៅ​ក្រៅ​ទឹក​ដី​ប្រទេស​ចិន អាច​បង្ហោះ​​កម្មវិធី​ទៅ​កាន់​ Store ជា​ច្រើន​ក្នុង​ពេល​តែ​មួយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters។

Google Play Store ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ដំណើរ​ការ​នៅ​ប្រទេសចិន​  អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ Android បាន​ងាក​ទៅ​ដោនឡូដ​កម្មវិធី​ពី​ App Store ផ្សេងៗ​គ្នា​ជា​ច្រើន ដែល​ភាគ​ច្រើន ​គឺ​ទទួល​បាន​ការ​មើល​ថែ​ទាំពី​ក្រុមហ៊ុន ​ដូច​ជា​ Huawei និង OPPO ជា​ដើម។

ចំណែក​នៅ​ក្រៅ​ទឹក​ដី​ប្រទេស​ចិនវិញ Google Play Store ស្ទើរ​តែ​វាយ​ផ្ដាច់​ទីផ្សារ​សកល​ ជា​ទីតាំង​មួយ​ដែល Developer ងាយ​ស្រួល​បង្ហោះ​កម្មវិធី​របស់​ពួក​គេ​ចូលទៅ។ ​​ដែន​អំណាច​របស់​ Google Play Store មាន​ន័យ​ថា​ App Store ដទៃ​ទៀត ពិបាក​ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ Developer លើ​ទីផ្សារ​សកល ហើយ​ GDSA នឹង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

នៅក្នុងវេបសាយ​គំរូ​សម្រាប់ GDSA មាន​បញ្ជាក់​ថា ​សេវាកម្ម​របស់​ខ្លួន គ្រោង​បញ្ចេញ​ឱ្យ​ប្រើ​នៅ​ក្នុងប្រទេស ​និង​តំបន់​​ចំនួន 9 ​ដូច​ជា​ឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី និង​ម៉ាឡេស៊ី។ Reuters បញ្ជាក់​ថា ​ក្រុមហ៊ុន​នីមួយៗ ​គឺ​ខ្លាំង​ក្នុង​តំបន់​ផ្សេងៗ​គ្នា ដូច​ជា Xiaomi ខ្លាំង​នៅ​ឥណ្ឌា ហើយ Huawei ខ្លាំង​នៅ​អឺរ៉ុប។ ប៉ុន្តែ​បើ​រួប​រួម​គ្នា ពួក​គេនឹង​កាន់​កាប់​ទីផ្សារ​ទូរស័ព្ទ​ពិភពលោក​ជាង 40% បើ​គិត​ត្រឹម​ត្រីមាស​ទី4 ឆ្នាំ2019។ Platform ថ្មី នឹង​អនុញ្ញាត​ឱ្យ Developer បង្ហោះ​កម្មវិធី​របស់​ខ្លួនទៅ​កាន់ App Store ជា​ច្រើន​ក្នុង​ពេល​តែ​មួយ។

​​ការ​គ្រប​ដណ្ដប់​ទីផ្សារ​សកល​របស់ Google Play Store ជា​បញ្ហា​ចម្បង​មួយ​សម្រាប់ Huawei ដែល​បាត់​បង់​អាជ្ញាប័ណ្ណ​សម្រាប់​​កម្មវិធី និង​សេវាកម្ម​ Google ​កាល​ពី​ឆ្នាំ​មុន រួម​មាន​ Google Play Store ជាដើម។ Reuters បាន​ចុះ​ផ្សាយ​ថា​ Platform ថ្មី​នេះ​គឺ​គ្រោង​នឹង​ដំណើរ​ការ​នា​ខែ​មីនាខាងមុខ ប៉ុន្តែ​វា​ប្រហែល​ជា​ត្រូវ​ពន្យារពេល​ដោយ​សារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា៕

Advertisement