ឧកញ៉ា គួច ម៉េងលី៖ មុននឹងរកស៊ី យុវជនគួររៀនឱ្យច្រើនជាមុនសិន

ការសិក្សាគឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតនៃភាពជោគជ័យគ្រប់យ៉ាងក្នុងដំណើរជីវិតរបស់បុគ្គលម្នាក់ៗទាំងលើវិស័យការងារមុខជំនួញ និងសង្គម។

អគ្គនាយកនៃក្រុមហ៊ុន Mengly J. Quach Group លោកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា មុននឹងចាប់ផ្តើមការងារសំខាន់ៗដើម្បីស្វែងរកឧត្តមភាពសម្រាប់ជីវិត យុវជនគ្រប់រូបត្រូវតែបុកគ្រឹះឱ្យបានរឹងមាំ សំលៀងឱ្យមុត ហើយចាក់ឱ្យធ្លុះលើផ្នែកចំណេះដឹង និងបទពិសោធការងារជាមុនសិន។ មិនថាការធ្វើការឱ្យគេ ឬបង្កើតអាជីវកម្មខ្លួនឯងនោះទេ ជម្រើសទាំងអស់សុទ្ធតែអាចធ្វើឱ្យមនុស្សមានភាពថ្កុំថ្កើងប្រសិនបើពួកគេមានមូលដ្ឋានគ្រឹះរឹងមាំ។ បុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់ បើទោះបីជាគាត់បម្រើការងារក្នុងស្ថាប័នរបស់អ្នកដទៃ ក៏ប្រាក់ចំណូលរបស់គាត់ពេលខ្លះខ្ពស់ជាងអ្នករកស៊ីទៅទៀត ខណៈអ្នករកស៊ីទាំងអស់មិនប្រាកដថា នឹងទទួលបានជោគជ័យឡើយ។

លោកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា៖ “យុវជនខ្មែរមួយចំនួននាពេលបច្ចុប្បន្ននេះមាននិន្នាការមួយគឺចង់រកស៊ីនៅវ័យក្មេង និងមិនសូវផ្តល់តម្លៃលើការសិក្សាអប់រំនោះទេ។  ពួកគាត់ធ្វើអ្វីមួយតាមគ្នាដោយគ្មានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យអាជីវកម្មរបស់សហគ្រិនក្មេងៗទាំងអស់នោះភាគច្រើនមានអាយុកាលខ្លី។

អគ្គនាយកនៃក្រុមហ៊ុន Mengly J. Quach Group បានបន្ថែមទៀតថា ការធ្វើជំនួញរបស់យុវជនមួយចំនួនដែលគ្មានចំណេះដឹង ជំនាញ និងបទពិសោធច្បាស់លាស់គឺប្រៀបបានទៅនឹងថ្ងៃរះដល់ចំណុចខ្ពស់មួយក៏លិចទៅវិញម្តងហើយម្តងទៀត។ ហេតុនេះដើម្បីទប់ស្កាត់ហានិភ័យរហូតទទួលបានជោគជ័យប្រកបដោយនិរន្តរភាពយុវជនត្រូវរៀនឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ ដោយចាប់ផ្តើមពីបុគ្គលិកដែលធ្វើការឱ្យគេយុវជននឹងអាចមានឱកាសរៀនបានច្រើនបំផុតព្រោះនៅពេលដែលប្រឡូកក្នុងពិភពការងារជាក់ស្តែងពួកគេនឹងមើលឃើញពីគន្លឹះសំខាន់ៗក្នុងការដោះស្រាយបញ្ហាការប្រឈមនៅក្នុងអាជីវកម្ម និងចំណុចដែលនឹកស្មានមិនដល់ជាច្រើនទៀតដែលគ្មានបង្រៀនក្នុងសាលា។

តាមការសិក្សាស្រាវជ្រាវបានរកឃើញថា អ្នកមានទ្រព្យសម្បត្តិដែលមាននិរន្តរភាពនៅក្នុងបណ្តាប្រទេសធំៗគឺមានអាយុច្រើនជាង50ឆ្នាំហេតុនេះយុវជនកម្ពុជាគួរកុំប្រញាប់ចង់បង្កើតអាជីវកម្មនៅវ័យក្មេងពេកនោះទេប្រសិនបើមិនមានជំនាញច្បាស់លាស់។

មុននឹងបង្កើតអាជីវកម្មយុវជនគួរស្វែងយល់ពីចំណេះដឹងស្តីពីធនធានមនុស្សការស្វែងរកទុនវិនិយោគវិធីអភិវឌ្ឍន៍គុណភាពផលិតផលឬសេវាកម្មការជ្រើសរើសទីកន្លែងឱ្យស្របទៅនឹងគោលដៅនៃអាជីវកម្មនិងវិធីសាស្ត្រគ្រប់គ្រងជាដើម។
ដើម្បីបំពេញចំណុចសំខាន់ៗទាំងអស់នេះសហគ្រិនត្រូវការអ្នកជំនាញជាច្រើនរូបជាចាំបាច់សម្រាប់ដឹកនាំផ្នែកនីមួយៗឱ្យទទួលបានជោគជ័យហេតុនេះមុននឹងក្លាយជាសហគ្រិនម្នាក់ការឈានជើងពីបុគ្គលិកធម្មតារហូតក្លាយជាអ្នកដឹកនាំលើផ្នែកណាមួយក្នុងស្ថាប័នជាវិធីល្អបំផុតដែលផ្តល់ឱកាសឱ្យយុវជនមានពេលគ្រប់គ្រាន់ក្នុងការរៀនសូត្រ និងបង្កើតភាពចាស់ទុំផ្នែកគំនិតអាជីវកម្ម៕

Advertisement