Nokia លេងក្បួនស៊ីក្លូបញ្ជាក់ពីការមកដល់របស់ Nokia 6

ក្រោយចេញលក់ទូរស័ព្ទ Nokia 3 និង Nokia 5កាលពី 10 ថ្ងៃមុនរួចមក ឥឡូវនេះរៀមច្បងអេក្រង់ធំ សមត្ថភាពខ្លាំង Nokia 6 ត្រូវបានក្រុមហ៊ុន Nokia ប្រកាសចេញលក់ដែរហើយសម្រាប់ទីផ្សារកម្ពុជានៅថ្ងៃស្អែកនេះតាមរយៈព្រឹត្តិការណ៍ដង្ហែក្បួនស៊ីក្លូដ៏វែងមួយក្នុងរាជធានីភ្នំពេញ។

តាមការឱ្យដឹងពីអ្នកតំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជាបានប្រាប់ថា ក្រោយទទួលបានការគាំទ្រយ៉ាងច្រើនចំពោះម៉ូដែលទូរស័ព្ទ Nokia 3 Nokia 5 និង Nokia 3310 កាលពីដើមខែមក ថ្ងៃនេះក្រុមហ៊ុននឹងនាំយកម៉ូដែលថ្មី ដែលជារៀមច្បងនៃត្រកូលដែលប្រើប្រព័ន្ធ Android គឺទូរស័ព្ទ Nokia 6 មកតាមការសន្យាហើយសម្រាប់ទីផ្សារកម្ពុជាយើងតាមរយៈព្រឹត្តិការណ៍ដង្ហែក្បួនស៊ីក្លូ ដែលក្រុមហ៊ុនបានធ្វើកាលពីថ្ងៃទី18 គឺយើងចង់បង្ហាញដល់អ្នករស់នៅក្នុងរាជធានីភ្នំពេញម្ដងទៀតអំពីវត្តមានទូរស័ព្ទប្រើប្រាស់ប្រព័ន្ធ Android របស់យើងទាំងអស់សម្រាប់ទីផ្សារកម្ពុជា។

លោកបន្តថា សម្រាប់ទូរស័ព្ទ Nokia 6 ជាស៊េរីប្រណីតជាងគេក្នុងចំណោមបងប្អូនទាំង 3 ដែលម៉ូដែលនេះមានតួខ្លួនស្រោបដោយលោហធាតុមាន CPU Snapdragon 430 មានRam ទំហំ 3GB និង Memory ផ្ទុកទិន្នន័យទំហំ 32GB អាចបន្ថែមបានដល់ទំហំ 128GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat 7.1.1។ ទូរស័ព្ទនេះមានកាមេរ៉ាក្រោយទំហំ 16MP និងមុខទំហំ 8MP អាចថតរូបច្បាស់ ហើយមានអេក្រង់ទំហំ 5.5 អ៊ីញ អាចបង្ហាញរូបភាពទំហំ Full HD ហើយមានភ្ជាប់នូវបច្ចេកវិទ្យា Smart Amplifier និងបច្ចេកវិទ្យាសំឡេង Dolby Atmos ដោយដាក់លក់ក្នុងតម្លៃ 229 ដុល្លារ។

ដោយឡែកសម្រាប់ទូរស័ព្ទ Nokia 5 មានទំហំអេក្រង់ 5.2 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត HD ឬ 720p។ បំពាក់មកជាមួយនូវឈីប CPU របស់ Qualcomm លេខ Snapdragon 430 SoC អមមកជាមួយ RAM ទំហំ 2GB និងមានកាមេរ៉ាខាងក្រោយទំហំ 13 MP ដំណើរការដោយ Android ជំនាន់ចុងក្រោយគេ Nougat និងមានតម្លៃ 193 ដុល្លារ ហើយទូរស័ព្ទ Nokia 3 អេក្រង់ IPS ទំហំ 5.0 អ៊ីញ ប្រភេទ HD ស្រោបដោយផ្ទៃកញ្ចក់ Corning® Gorilla® និងមានកាមេរ៉ាមុខក្រោយ ទំហំ 8MP ដាក់លក់ក្នុងតម្លៃ 143 ដុល្លារ៕

Advertisement