សិស្សបច្ចុប្បន្ន អាចឈានមួយជំហានទៀតដើម្បីរៀនតាមអនឡាញ

ការសិក្សានៅក្នុងសម័យបច្ចេកវិទ្យានេះបានសម្រួលដល់សិស្សលើបញ្ហាជាច្រើនជាពិសេសគឺការស្វែងរកឯកសារ និងការស្រាវជ្រាវនានា។

សាកលវិទ្យាល័យ និងអ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រនៅលើពិភពលោក បានព្យាយាមបង្កើតកម្មវិធីថ្មីៗយ៉ាងច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សនិស្សិតទាំងផ្នែកកម្សាន្ត និងការអប់រំ។ នៅក្នុងនោះដោយសារតែយុវជននាសម័យបច្ចុប្បន្នមានភាពស្និទ្ធខ្លាំងជាមួយនឹងបច្ចេកវិទ្យាពួកគេបានជ្រើសរើសយកការស្រាវជ្រាវ និងការសិក្សាតាមបណ្តាញអនឡាញដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឆ្ពោះទៅរកអាជីពការងារជាក់លាក់មួយនាថ្ងៃអនាគត។

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា សម័យបច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យាហេតុនេះបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ។កាលពីមុនយើងធ្វើការចងក្រងឯកសារឬស្រាវជ្រាវតាមវិធីបុរាណតែនៅសម័យនេះអ្វីៗចាប់ផ្តើមផ្លាស់ប្តូកាន់តែប្រសើរឡើង។នៅបណ្តាប្រទេសជឿនលឿនមួយចំនួនការសិក្សាតាមប្រព័ន្ធអនឡាញជាការសិក្សាដ៏ពេញនិយម និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍ។

រដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍ថា៖ “ការសិក្សាតាមប្រព័ន្ធអនឡាញ អាចធ្វើឱ្យអ្នកសិក្សាចំណេញពេលវេលាច្រើនព្រោះអ្នកសិក្សាមិនចាំបាច់អង្គុយរៀនដោយផ្ទាល់ ជាមួយគ្រូគ្រប់ពេលនោះទេ។ រដ្ឋមន្ត្រីក្រសួងអប់រំក៏ធ្លាប់លើកឡើងផងដែរថាតាមរយៈកម្មវិធីសិក្សាអនឡាញយើងអាចផ្សព្វផ្សាយនូវកម្មវិធីសិក្សា និងឯកសារដល់សិស្សបានយ៉ាងទូលំទូលាយមានប្រសិទ្ធភាព និងមានភាពងាយស្រួល។  យុវជនជាច្រើននៅកម្ពុជាបានចាប់ផ្តើមងាកមកប្រើប្រាស់បណ្តាញបច្ចេកវិទ្យាដើម្បីធ្វើការសិក្សាស្រាវជ្រាវលើឯកសារសំខាន់ៗដែលបម្រើដល់ការសិក្សារបស់ពួកគេ។ ថ្មីៗនេះក្រសួងអប់រំយុវជន និងកីឡានៅកម្ពុជាបានបង្កើតមេរៀនជាច្រើនដើម្បីដាក់ឱ្យសិស្សទាញយកទៅប្រើប្រាស់តាមបណ្តាញបច្ចេកវិទ្យា។

ព្រមជាមួយគ្នានេះក្រសួងក៏បានដាក់បង្ហាញមេរៀនជាវីដេអូបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុងកម្រិតមធ្យមសិក្សាដើម្បីឱ្យសិស្សានុសិស្សក៏ដូចជាគ្រូបង្រៀនមើល និងយកជាបទពិសោធក្នុងការរៀន និងបង្រៀន។តាមរយៈគេហទំព័រផ្លូវការនិងបណ្តាញសង្គម Facebook របស់ក្រសួងសិស្សនៅកម្ពុជាអាចទាញយកឯកសារបានជាច្រើនដើម្បីជាគំរូដោះស្រាយលំហាត់ត្រៀមប្រឡងថ្នាក់ជាតិសំខាន់ៗ៕

Advertisement