ចាំយូរទេ? ពេលនេះទូរស័ព្ទ Galaxy S8 ពណ៌ទឹកសមុទ្រចេញលក់នៅកម្ពុជាហើយ

ក្រោយចេញលក់ទូរស័ព្ទ Galaxy S8 និង S8Plus ជាផ្លូវការកាលពីដើមខែឧសភា ជាមួយនឹងពណ៌ខ្មៅ ពណ៌ប្រផេះបែកស្វាយ និងទឹកមាសរួចមក ថ្មីៗនេះ Samsung ប្រចាំកម្ពុជាបានប្រកាសដាក់ចេញនូវពណ៌ទឹកសមុទ្រមួយទៀតសម្រាប់អ្នកចង់បានទូរស័ព្ទពណ៌ប្លែកៗបែបធម្មជាតិ។

លោក Seungho Choi នាយកគ្រប់គ្រងនៃ Samsung សាខាកម្ពុជាបានឱ្យដឹងថា សម្ទុះនៃការលក់ទូរស័ព្ទ Galaxy S8 និង S8 Plus មានកម្រិតខ្លាំងនៅតាមខេត្តធំៗក្នុងព្រះរាជាណាចក្រកម្ពុជា លើសពីអ្វីដែលក្រុមហ៊ុនបានរំពឹងទុក ហើយពណ៌ថ្មីនេះជាពណ៌ទី 4 ដែលស្រស់ស្អាតប្លែកភ្នែក ទាក់ចិត្តអ្នកគាំទ្រឱ្យអន្ទះសាចង់បានគ្រប់ៗគ្នា។ ក្នុងរយៈពេល 3 ខែចុងក្រោយនេះ ទូរស័ព្ទទាំង 2 ស៊េរីបានបង្កើតនូវភាពជឿទុកចិត្តដល់អ្នកប្រើប្រាស់ចំនួន 9.8 លាននាក់ជុំវិញពិភពលោក។

ចំពោះទូរស័ព្ទ Galaxy S8/S8+ ពណ៌ទឹកសមុទ្រនេះ គឺមិនមានលក្ខណៈសម្បត្តិអ្វីខុសគ្នាពីទូរស័ព្ទពណ៌មុនៗនោះទេ ដោយវាទាំង 2 នៅតែបំពាក់ជាមួយនឹងកញ្ចក់ Super AMOLED ប្រើ CPU មកពីក្រុមហ៊ុន Qualcomm ប្រភេទ Snapdragon 835 ជំនាន់ថ្មី មានសមត្ថភាពខ្លាំងក្នុងទីផ្សារបច្ចុប្បន្ន ប្រភេទ Quad-core រត់នៅក្នុងល្បឿន 2.45GHz ខ្លាំងជាង S7 និង S7 edge ចំនួន 10% និងមាន GPU Adreno 540 ថ្មី ដែលធ្វើឱ្យការលេងហ្គេមធំៗដំណើរការទៅយ៉ាងរលូនល្អ ហើយនិងការប្រើប្រាស់ទៅលើកិច្ចការប្រចាំថ្ងៃជាច្រើនរាប់មិនអស់ទៀតនៅតែគ្មានបញ្ហា ខណៈដែលវាមាន Ram ទំហំ 4GB ក៏ដោយ។

ដោយឡែកផ្នែកកាមេរ៉ា Samsungនៅតែរក្សាទំហំ 12 MP ដដែល តែបានពង្រីកផ្នែកខាងមុខឡើងដល់ 8 MP ព្រមជាមួយនឹងការបន្ថែមបច្ចេកវិទ្យា Dual Pixel ដែលអាចឱ្យវាធ្វើការ Focus បានរហ័ស និងពិសេសអាចថតរូបបានលឿនជាងមុន។ កាមេរ៉ាខាងក្រោយ Galaxy S8/S8+ មានកម្រិត Aperture ធំបំផុត f/1.7 ជាមួយទំហំ Pixel 1.4um ធ្វើឱ្យវាអាចស្រូបពន្លឺបានច្រើន ពិសេសផលិតរូបភាពបានក្នុងកម្រិតដិតច្បាស់ និងដាច់ល្អ ភ្ជាប់ជាមួយនឹងមុខងារ Manual អាចឱ្យអ្នកប្រើធ្វើការកំណត់ការប្រើប្រាស់ដូចការប្រើកាមេរ៉ាអាជីពដែរ និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ស្រោបខ្លួនដោយ UI Touchwiz ជំនាន់ថ្មី ងាយស្រួលប្រើ និងទំនើបជាងមុន៕

Advertisement