សាស្ត្រាចារ្យ សំអាង សម៖ យុវជនបានដើរតួនាទីសំខាន់ក្នុងកិច្ចអភិវឌ្ឍសហគមន៍វប្បធម៌

យុវជនជាអ្នកបន្តវេនលើគ្រប់វិស័យក្នុងសង្គមហើយស្ថានភាពយុជននាពេលបច្ចុប្បន្នបានឆ្លុះបញ្ចាំងពីអនាគតរបស់សង្គមទាំងមូល។

លោកសាស្ត្រាចារ្យសំអាង សមព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈអក្សរសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីកីឡាស្នេហា និងការអប់រំនៅសតវត្សរ៍ទី21ថា យុវជននាពេលបច្ចុប្បន្នបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍសហគមន៍វប្បធម៌ជាពិសេសតួនាទី និងកាតព្វកិច្ចរបស់យុវជនខ្មែរក្នុងការជំរុញលើវិស័យកីឡាការងារស្ម័គ្រចិត្តការស្វែងយល់ពីសុភមង្គលគ្រួសារ និងការអភិវឌ្ឍខ្លួនការកសាងឧត្តមភាពសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម និងការផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយទៅកាន់យុវវ័យដទៃទៀតដើម្បីបង្កើនគុណភាពធនធានមនុស្សនៅកម្ពុជា។

លោកសាស្ត្រាចារ្យ សំអាង សម បានមានប្រសាសន៍ថា៖ «ជាមោទនភាពរបស់យើងដែលយើងឃើញថាយុវជនខ្មែរមានភាពទទួលខុសត្រូវខ្ពស់ដោយយុវវ័យដឹកនាំយុវវ័យខ្លួនឯងយុវវ័យដោះស្រាយបញ្ហាយុវវ័យដោយខ្លួនឯងយុវវ័យបង្រៀនយុវវ័យគ្នាឯង និងយុវវ័យចូលរួមយ៉ាងសកម្មជាចំណែកមួយក្នុងការអភិវឌ្ឍសង្គម»។

លោកសាស្ត្រាចារ្យបានបន្ថែមទៀតថា ការងារសំខាន់ និងមានន័យដែលយុវវ័យបានធ្វើនាពេលបច្ចុប្បន្ននេះជាសក្ខីភាពគួរឱ្យកត់សម្គាល់ និងសរសើរដែលយុវជនយុវនារីមានគំរូល្អធ្វើជាមគ្គុទេសក៍ក្នុងការចូលរួមអភិវឌ្ឍសង្គមវប្បធម៌ជាតិឱ្យរីកច្រើនទៅអនាគតប្រកបដោយឆន្ទៈនិងសមត្ថភាពខ្ពស់។

ចំណុចនេះបង្ហាញថា យុវវ័យជំរុញកម្លាំងចិត្តពង្រឹងសមត្ថភាព និងបទពិសោធបង្កើតបណ្តាញស្ម័គ្រចិត្តជួយឈឺឆ្អាលដល់អ្នកដទៃស្គាល់តួនាទីរបស់ខ្លួន និងកាតព្វកិច្ចរបស់ខ្លួនលើសពីការគិតពីប្រយោជន៍ផ្ទាល់ខ្លួនដោយគិតពីប្រយោជន៍នៃការកសាងធនធានមនុស្សប្រកបដោយការបំផុសគំនិតដល់អ្នកឯទៀតជំរុញទឹកចិត្តដាស់តឿនដាស់ស្មារតីជាពិសេសយុវជនយុវនារីខ្មែរឱ្យចាប់អារម្មណ៍និងយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រ និងកិច្ចការរបស់សហគមន៍យើងផងដែរ។

ជាបណ្តាំផ្ញើលោកសាស្ត្រាចារ្យសំអាង សមបានមានប្រសាសន៍ថា យុវជនយុវនារីខ្មែរត្រូវមានសតិសម្បជញ្ញៈស្មារតីថែរក្សាបន្តវេនជាទំពាំងស្នងឫស្សីខិតខំសិក្សារៀនសូត្រពីវប្បធម៌អរិយធម៌ជាតិរបស់ខ្លួនដើម្បីឱ្យយល់កាន់់តែច្បាស់អំពីតម្លៃសារៈសំខាន់ភាពសម្បូរបែបនៃសម្បត្តិបេតិកភណ្ឌរបស់ជាតិដែលមានបង្កប់នូវអត្តសញ្ញាណជាតិដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម។ យុវវ័យជាកតាលិករយ៉ាងសំខាន់បំផុតដើម្បីការផ្លាស់ប្តូរ និងប្រកាន់ខ្ជាប់នៅក្នុងខ្លួនឱ្យមានវិន័យក្នុងគំនិតការតស៊ូស្វិតស្វាញហើយ និងសេចក្តីព្យាយាមដើម្បីឆ្ពោះទៅរកឧត្តមភាពនៃជីវិត៕

Advertisement