ថ្ងៃបង្ហាញ Nokia 8 ជាថ្ងៃដែលអ្នកផលិតស្មាតហ្វូនមួយនេះ លាលែងចេញពីការងារ

លោក Arto Nummela បានលាលែងចេញពីតំណែងជានាយកប្រតិបត្តិ (CEO ) របស់ក្រុមហ៊ុន HMD Global នាថ្ងៃតែមួយនឹងថ្ងៃបើកសម្ពោធទូរស័ព្ទ Nokia 8 និងត្រូវបានដាក់ជំនួសមកវិញដោយលោក Florian Seiche ជានាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនដែលទើបនឹងរីកលូតលាស់មួយនេះ។

ការលាលែងពីតំណែងមួយនេះអាចធ្វើមុនមួយថ្ងៃ ឬចំថ្ងៃសម្ពោធ Nokia 8 តែម្ដង ហើយព័ត៌មានមួយនេះមិនត្រូវបានក្រុមហ៊ុន HMD Global បញ្ជាក់ប្រាប់ពីមូលហេតុលម្អិតថាយ៉ាងណានោះទេ ខណៈដែលអ្នកតាមដានរឿងនេះជាច្រើននាក់យល់ឃើញថា លោក Arto Nummela ជាមនុស្សមានស្នាដៃល្អក្នុងការដឹកនាំក្រុមហ៊ុន ដោយលោកបានធ្វើឱ្យម៉ាកសញ្ញា Nokia រស់ឡើងវិញម្ដងទៀតក្រោមយុទ្ធសាស្រ្តទីផ្សារដ៏ល្អរបស់គាត់។

ក្រោមការដឹកនាំរបស់លោក Arto ក្រុមហ៊ុនHMD Global បានដាក់ចេញនូវស្មាតហ្វូន Android ចំនួន 3 ធំៗគឺ Nokia 3, Nokia 5, Nokia 6 និងទូរស័ព្ទ Nokia 3310 (2017) ហើយចុងក្រោយនេះ គឺ Nokia 8 ដែលវាបានក្លាយជាសមិទ្ធផលចុងក្រោយបន្ទាប់ពីលោកចាកចេញ។

លោក Sam Chin អគ្គនាយករបស់ក្រុមហ៊ុន HMD Global បានឱ្យដឹងថា លោក Arto Nummela បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតប្រតិបត្តិការរបស់ក្រុមហ៊ុន HMD Global ការកសាងក្រុមការងារ និងការបង្ហាញនូវផលិតផលដំបូងៗជាច្រើន ហើយការចាកចេញនេះវាជាកិច្ចព្រមព្រៀងរវាងគាត់នឹងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន៕

Advertisement