រឿង 6 យ៉ាងដែលអ្នកគួរស្វែងយល់មុនទិញរថយន្តប្រភេទ SUVs

ជាទូទៅ មុននឹងសម្រេចចិត្តទិញរថយន្តមួយគ្រឿងវាពិតជាមិនងាយស្រួលនោះទេ។ ជាក់ស្ដែងទីផ្សាររថយន្តបច្ចុប្បន្នមានការរីកចម្រើននិងមានរថយន្តច្រើនម៉ាកច្រើនប្រភេទ ធ្វើឱ្យអតិថិជនមានជម្រើសកាន់តែច្រើន ប៉ុន្តែវាក៏អាចធ្វើឱ្យអ្នកពិបាកសម្រេចចិត្តគួរជ្រើសយករថយន្តណាមួយដែលស័ក្ដិសមនឹងតម្រូវការរបស់អ្នកដែរ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តដែលអាចជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់អ្នក អ្នកគួរតែជ្រើសយករថយន្តប្រភេទ SUVs។

បច្ចុប្បន្ន មនុស្សភាគច្រើនយល់ឃើញថារថយន្តប្រភេទ SUVs ផ្ដល់អត្ថប្រយោជន៍ច្រើនជាងរថយន្តប្រភេទ Sedan។ ជាការពិតណាស់ រថយន្តប្រភេទ SUVs បានវ៉ាដាច់រថយន្តខ្នាតមធ្យមក្នុងទីផ្សាររថយន្តពិភពលោក ដោយការលក់បានរំពឹងថានឹងកើនឡើងដល់ 42 លានគ្រឿងនៅឆ្នាំ 2031។

ខាងក្រោមនេះ ជាគន្លឹះ 6 យ៉ាងដែលអ្នកគួរស្វែងយល់មុនទិញរថយន្តប្រភេទ SUVs ដែលផ្ដល់ដោយអ្នកជំនាញមកពីក្រុមហ៊ុន Ford។

1/-ហេតុផលនៃការជ្រើសយករថយន្តប្រភេទ SUV យកទៅប្រើប្រាស់

អតិថិជនភាគច្រើនយល់ឃើញថាក្រៅពីរថយន្តធន់តូច រថយន្តប្រភេទ SUVs អាចផ្ដល់នូវតម្លៃសមរម្យ សមត្ថភាពខ្ពស់ និងអាចនូវផ្ដល់បទពិសោធន៍ក្នុងការបើកបរប្រកបដោយភាពសប្បាយរីករាយ មិនខុសពីរថយន្តប្រភេទ Sedan នោះទេ។ រថយន្ត SUVs បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៀត រួមមានទីតាំងបើកបរខ្ពស់ជាងមុន ផ្តល់ការងាយស្រួលក្នុងការមើលចរាចរណ៍ខាងមុខ និងកន្លែងផ្ទុកឥវ៉ាន់ធំទូលាយ។

ជាការពិតណាស់ រថយន្ត SUVs មានច្រើនប្រភេទផលិតទៅតាមតម្រូវការរបស់អតិថិជន។ ជាអាទិ៍ក្រុមហ៊ុន Ford បានចាប់ផ្តើមផលិតរថយន្ត SUVs ជាង 50 ឆ្នាំហើយ ដែលរថយន្តនីមួយៗត្រូវបានផលិតស្របទៅនឹងតម្រូវការរបស់អតិថិជនហើយរថយន្ត SUVs មិនមែនគ្រាន់តែជារថយន្តធម្មតានោះ គឺវាបានភា្ជប់មកជាមួយនូវបច្ចេកវិទ្យាឆ្លាតលើសគេ ផ្ដល់នូវបទពិសោធន៍បើកបរដ៏សប្បាយរីករាយ។

2/-ទំហំ និងចំនួនកៅអីដែលរថយន្តនោះមាន

រថយន្តប្រភេទ SUVs មិនមែនមានទំហំទូលាយ និងចំនួនកៅអីដូចគ្នាទាំងអស់នោះទេ។ រថយន្តខ្លះអាចមានចំនួនកៅអីច្រើន តែមានទំហំសម្រាប់ផ្ទុកឥវ៉ាន់តូច ដែលបង្កជាភាពឈឺក្បាលពេលមានដំណើរកម្សាន្តទៅណាម្ដងៗ ដែលតម្រូវឱ្យបត់កៅអីខ្លះ ដើម្បីអាចដាក់ឥវ៉ាន់បានច្រើន។ ដូច្នេះហើយការគិតអំពីរឿងនេះ ក៏ជាកត្ដាសំខាន់ផងដែរ។

លោកអ្នកអាចធ្វើការប្រៀបធៀបតម្រូវការចំនួនកៅអីនៃរថយន្ត ទៅនឹងការផ្ទុកសម្ភារដែលវាអាចផ្ទុកបាន។ ចំណុចនេះ អ្នកជំនាញបានណែនាំថា ប្រសិនបើអ្នកធ្វើដំណើរភាគច្រើនតែក្នុងទីក្រុង និងគ្មានកូនតូច អ្នកអាចជ្រើសយករថយន្ត SUVs ធន់កណ្ដាលដូចជារថយន្ត Ford Ecosport ព្រោះវាមានរាងតូចល្មមល្អបំផុតសម្រាប់ការធ្វើដំណើរក្នុងទីក្រុងដែលមានការកកស្ទះចរាចរណ៍ និងចង្អៀត។ មិនតែប៉ុណ្ណោះរថយន្ត Ford Ecosport ក៏មានកន្លែងផ្ទុកឥវ៉ាន់ធំទូលាយសម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍ផងដែរ។

3/-ភាពធន់នឹងស្ថានភាពផ្លូវលំបាក

ថ្វីត្បិតតែប្រភេទរថយន្ត SUVs ភាគច្រើនត្រូវបានបើកបរនៅក្នុងទីក្រុង រួមនឹងស្ថានភាពផ្លូវល្អប្រសើរប៉ុន្តែមនុស្សម្នាក់ៗតែងតែមានបំណងសាកល្បងធ្វើដំណើរបែបលក្ខណៈផ្សងព្រេងដូចជាការបើកបរនៅលើវាលខ្សាច់ ឬធ្វើដំណើរទៅទីឆ្ងាយដាច់ស្រយាល។ ហេតុនេះហើយ រថយន្តដែលអ្នកជ្រើសរើសក៏ត្រូវមានលក្ខណៈសម្បត្តិសមនឹងលក្ខខណ្ឌទាំងនោះផងដែរ។

ចំណុចដែលធ្វើឱ្យរថយន្ត SUVs កាន់តែលេចធ្លោនោះគឺអ្នកអាចបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើនដោយគា្មនការព្រួយបារម្ភ។ រថយន្តប្រភេទ SUVs ផ្សេងគ្នា មានសមត្ថភាពខុសគ្នា ហើយអ្នកត្រូវធ្វើការជ្រើសរើសរថយន្តណាមួយដែលសមស្របនឹងតម្រូវការរបស់អ្នក។ បើសិនជាអ្នករស់នៅក្នុងទីក្រុងដូចជាទីក្រុងភ្នំពេញ នៅរដូវភ្លៀងអ្នកបើកបរតែងតែជួបផលវិបាកព្រោះទឹកលិចផ្លូវ ក៏ប៉ុន្តែទាំងនេះពុំមែនជាបញ្ហានោះទេសម្រាប់ពពួករថយន្ត SUVs ដោយសារវាមានបាតខ្ពស់ពីដី អាចបើកកាត់ទឹកបានយ៉ាងងាយស្រួល។ តែយ៉ាងណាអ្នកគួរស្វែងយល់ពីវាដែរ ថាអាចបើកកាត់ទឹកមានជម្រៅប៉ុន្មានបាន។

ឧទាហរណ៍រថយន្ត Ford Ecosoport និង Ford Everest ជាដើម ដែលវាអាចបើកកាត់ទឹកជម្រៅរហូតដល់ 800 មីល្លីម៉ែត្រ។

4/- បច្ចេកវិទ្យាកម្សាន្ត ដែលមានភ្ជាប់ក្នុងរថយន្ត

ឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ប្រចាំថ្ងៃ របស់យើងបច្ចុប្បន្នសុទ្ធសឹងបំពាក់នូវបច្ចេកវិទ្យាទំនើបរួមទាំង ទូរទស្សន៍ ម៉ាញ៉េ និងទូរស័ព្ទជាដើម។ ចំណុចនេះ ពេលទិញរថយន្តអ្នកគួរតែពិនិត្យមើលលើមុខងារដែលផ្សារភ្ជាប់ឧបករណ៍ប្រើប្រាស់ទៅនឹងរថយន្តផងដែរ ដូចអេក្រង់ Touchscreen ងាយស្រួលបញ្ជា ប្រព័ន្ធ Bluetooth ដែលអាចភ្ជាប់នឹងទូរស័ព្ទដែលធ្វើការ Call ចេញ/ចូល និងអាចចាក់ចម្រៀងស្ដាប់កម្សាន្ត រួមនឹងប្រព័ន្ធ GPS ដើម្បីកំណត់ទីតាំង ឬបង្ហាញផែនទីសម្រាប់ការធ្វើដំណើរជាដើម។

5/-ការសន្សំសំចៃ

ប្រេងជារឿងដ៏សំខាន់ផងដែរ សម្រាប់ប្រជាជនកម្ពុជាផ្នែកលើកម្រិតជីវភាព ថានរណាៗក៏ចង់បានរថយន្តដែលស៊ីប្រេងតិចដែរ។ ជាទូទៅអ្នកតែងសួរទៅអ្នកលក់អំពីកម្រិតស៊ីប្រេងរបស់រថយន្ត។ រថយន្តខ្លះមានកម្លាំងម៉ាស៊ីនប៉ុនគ្នា ប៉ុន្ដែការប្រើប្រាស់ប្រេងអាចខុសគ្នាដោយសារតែមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុននីមួយៗ។ ដូចនេះ មុនសម្រេចចិត្តទិញរថយន្ត អ្នកត្រូវតែប្រាកដថា រថយន្តដែលអ្នកពេញចិត្ត និងកំពុងជ្រើសរើសនេះមានម៉ាស៊ីនដែលស៊ីប្រេងតិច និងការរចនាម៉ូដបែប Aerodynamic ។

6/-តម្លៃនៃរថយន្ត

ជារឿងចុងក្រោយគេ តម្លៃក៏ជាផ្នែកមួយដែលអ្នកគួរផ្ដោតសំខាន់ផងដែរ។ ប៉ុន្តែវាអាចជាការសម្រេចចិត្តរបស់អ្នក ព្រោះថារថយន្ត SUV ខ្លះមានលក្ខណៈសម្បត្តិដូចគ្នាស្ទើរគ្រប់ចំណុច តែមានតម្លៃខ្ពស់ជាង ឬទាបជាងគ្នា អាស្រ័យលើស្លាកសញ្ញាក្រុមហ៊ុន។ តំណាងក្រុមហ៊ុនខាងលើបានបន្ថែមថា នៅ Ford ក្រុមហ៊ុនបានឆ្លើយតបទៅគ្រប់តម្រូវការរបស់អតិថិជនជាមួយនឹងរថយន្ត SUVs គ្រប់ធន់ គ្រប់ប្រភេទ ដែលអតិថិជនចង់បានទៅតាមកម្រិត និងផ្ដល់ជម្រើសនៃការបង់ប្រាក់ច្រើនរបៀប ដែលផ្តល់ភាពស្រួលសម្រាប់អតិថិជនដែលមានថវិកាមិនគ្រប់ ក៏អាចបង់រំលស់ហើយទិញយករថយន្តថ្មីយកទៅប្រើប្រាស់បានផងដែរ៕

Advertisement