ម៉ូតូកង់3 សាកថ្មម្ដងជិះបាន 60 គីឡូម៉ែត្រ មកដល់ស្រុកខ្មែរសប្ដាហ៍ក្រោយ

ម៉ូតូកង់3 ប្រើប្រាស់ថាមពលអគ្គិសនីមានរាងតូចច្រឡឹង អាចជិះបានគ្នា 3 នាក់រួមទាំងអ្នកបើកបរ ដែលល្បីពេញបណ្ដាញ Facebook កាលពីពេលកន្លងមកនេះត្រូវបានហាងលក់ម៉ូតូមួយនៅម្ដុំផ្សារទួលទំពូងបញ្ជាក់ឱ្យដឹងថា នឹងត្រៀមនាំចូលមកក្នុងទីផ្សារកម្ពុជា យើងនៅសប្ដាហ៍ក្រោយនេះហើយ។

តាមការបញ្ជាក់ពីម្ចាស់ហាងលក់ម៉ូតូ “បាយ័ន” បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែន តាមទូរស័ព្ទឱ្យដឹងថា ហាងលោកនឹងនាំចូលម៉ូតូប្រភេទនេះសម្រាប់ទីផ្សារខ្មែរយើងនៅសប្ដាហ៍ក្រោយនេះ។ លោកបន្តថា ម៉ូតូកង់បីនេះត្រូវបាននាំចូលពីប្រទេសចិន ដោយវាប្រើប្រាស់ភ្លើងអគ្គិសនី អាចសាកថ្មប្រើដូចទូរស័ព្ទ ឬកុំព្យូទ័រដូច្នោះដែរ។ ក្នុងនោះ វាអាចឱ្យយើងជិះបានគ្នា 3 នាក់ក្នុងរយៈចម្ងាយបានពី 50 ទៅ 60 គីឡូម៉ែត្រក្រោយពេលសាកអាគុយពេញម្ដងៗ។

លោកថ្លែងថា៖«ឥឡូវនេះ វាបានមកដល់1គ្រឿងហើយ សម្រាប់ឱ្យអតិថិជនសាកល្បង និងមកមើលផ្ទាល់ ប៉ុន្តែចំពោះថ្ងៃចេញលក់ជាផ្លូវការ ម៉ូតូនេះនឹងមកដល់ខ្មែរយើងនៅថ្ងៃទី10 ខែសីហា ខាងមុខនេះឯង»។

សម្រាប់ការមកដល់ទីផ្សារកម្ពុជា ម៉ូតូកង់3 ខាងលើនឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណជា 2,950 ដុល្លារ ដែលក្នុងពេលនេះ ប្រិយមិត្តអាចទៅមើលផ្ទាល់ដល់ហាង បាយ័ន ក្រោយទូតចិន៕

Advertisement