សាកលវិទ្យាល័យបៀលប្រាយបង្កើតកម្មវិធី​ផ្តល់​ឱកាសការងារដល់និស្សិតរាប់ពាន់នាក់

សាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយក្រុមហ៊ុនឯកជនជាច្រើន​បង្កើតពិព័រណ៍ការងារ​នៅ​ទីតាំងសាកលវិទ្យាល័យ​ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់និស្សិត​កម្ពុជាឱ្យទទួលបានការងារ​ដែលខ្លួនស្រឡាញ់ពេញចិត្ត និងសម្រេចក្តីស្រមៃរបស់ខ្លួន។

លោក អ៊ីន វីរជ័យ សាកលវិទ្យាធិការរងជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការសាធារណៈនៃសាកលវិទ្យាល័យ​បៀលប្រាយ បានលើកឡើងថា នេះជាលើកទី5 ហើយដែលសាកលវិទ្យាល័យបៀលប្រាយ​បាន​រៀបចំពិព័រណ៍ការងារនេះឡើង ហើយក្នុងពិព័រណ៍នៅឆ្នាំនេះ​ក្រុមហ៊ុនដែលចូលរួមមានការកើនឡើង ស្របពេលដែល​និស្សិត​ដែលចាប់អារម្មណ៍​ក៏មានការកើនឡើងជាងឆ្នាំមុនៗផងដែរ។ នេះជាឱកាស​ដ៏ពិសេសមួយ​ដែល​សាកលវិទ្យាល័យបៀលប្រាយរៀបចំឡើងសម្រាប់ផ្តល់ឱកាសឱ្យ​និស្សិត​អាចដាក់ពាក្យធ្វើការងារដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗដែល​នៅកម្ពុជា។

លោក អ៊ីន វីរជ័យ​ បានមានប្រសាសន៍ថា៖ «​នៅក្នុងពិព័រណ៍ការងារឆ្នាំ 2018 នេះយើងបាន​រៀបចំយ៉ាងហ្មត់ចត់ ដោយនិស្សិតអាច​មានឱកាសជួបផ្ទាល់ៗជាមួយ​តំណាងក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិក មានរៀបចំសិក្ខាសាលាដែលមានអ្នកជំនាញចូលរួមពាក់ព័ន្ធនឹងការងារ និងមានបន្ទប់សម្ភាសការងារនៅនឹងកន្លែងផងដែរ»។

លោក​សាកលវិទ្យាធិការ​រង បានបន្ថែមទៀតថា ការរៀបចំកម្មវិធីយ៉ាងមានសារៈសំខាន់នេះ បានឆ្លើយតបទៅនឹងតម្រូវការសំខាន់របស់និស្សិតដែលស្វែងរកការងារធ្វើ និងក្រុមហ៊ុននានាដែលកំពុងត្រូវការបុគ្គលិក​ផងដែរ។ ហើយជារៀងរាល់ឆ្នាំក្រុមហ៊ុននីមួយៗអាចជ្រើសរើសបុគ្គលិកបានច្រើន ដែលមានបុគ្គលិកខ្លះប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ព្រោះគាត់​បានជ្រើសរើស​បុគ្គលិកចេញពីគ្រឹះស្ថានអប់រំតែម្តង។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារឆ្នាំ2018 ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យបៀលប្រាយ ដោយមានការចូលរួមពីដៃគូក្រុមហ៊ុន និងសហគ្រាសល្បីៗជាច្រើន ដើម្បីផ្តល់ឱកាសដល់និស្សិត និង បុគ្គលិកសិក្សារាប់ពាន់នាក់ក្នុងការបង្កើតទំនាក់ទំនង និងសិក្សាស្វែងយល់អំពីផលិតផល សេវាកម្ម បច្ចេកវិទ្យាថ្មីៗ បទពិសោធ និងការអនុវត្តជាក់ស្តែង តា​មរយៈវេទិកាបទបង្ហាញនៃវាគ្មិនល្បីៗ មកពីក្រុមហ៊ុនទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍នៃពិព័រណ៍ការងារនេះ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺនិស្សិតទាំងអស់នឹងទទួលបានឱកាសការងារតាមរយៈការសម្ភាសដោយផ្ទាល់នៃថ្នាក់ដឹកនាំមន្រ្តីគ្រប់គ្រងធនធានមនុស្សមកពីក្រុមហ៊ុនល្បីៗ ចំនួន 27៕

Advertisement