អស់​ទាស់!  ​Qualcomm ​បង្ហើប​ឱ្យដឹងថា ទូរស័ព្ទ​កាមេរ៉ា 192MP ​នឹង​ចេញក្នុង​ឆ្នាំ​នេះ​

​ទូរស័ព្ទ​កាមេរ៉ា​ទំហំ 64មេហ្គាភិកសែល និង 192មេហ្គាភិកសែល​អាច​​នឹង​បង្ហាញ​​វត្តមាន​នៅ​ឆ្នាំ​នេះ។​ នេះបើតាម​ប្រភព​ព័ត៌មានពី​ក្រុមហ៊ុន Qualcomm។

ប្រភព​ដដែល​បាន​បន្ថែម​ថា ​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ជា​ច្រើន​កំពុង​ដំឡើង​គុណភាព​កាមេរ៉ា​ទូរស័ព្ទ​ឱ្យ​ខ្លាំងដើម្បី​ផ្គាប់​ចិត្ត​អ្នក​ប្រើ​ប្រាស់​ ក៏​ដូច​ជា​ការប្រកួត​ប្រជែង​លើ​ទីផ្សារដែរ។ ដោយ​ឡែក​ថ្មីៗ ​មាន​ក្រុមហ៊ុន​ដែល​មិន​បាន​បញ្ជាក់​ឈ្មោះ​មួយ កំពុងធ្វើ​តេស្ត​សមត្ថភាព​គុណភាព​កាមេរ៉ា​បំពាក់​លើ​ស្មាតហ្វូនឱ្យ​ឡើង​ដល់ 192មេហ្គាភិចសែល។

ស្មាតហ្វូន​ជា​ទូទៅ​មាន​គុណភាព​កាមេរ៉ា​ត្រឹមតែ 12 ទៅ 24មេហ្គាភិចសែល​ប៉ុណ្ណោះ។ ដូច្នេះ មាន​តែ​រង់​ចាំ​មើលខ្សែ​ស្រឡាយ​បន្ទះឈីប​ខ្លាំង​របស់ Qualcomm ដែល​មាន​ដូច​ជា Snapdragon — 660, 670, 675, 710, 845 និង​ 855 ដែលសុទ្ធ​តែជា​ឈីប​ខ្លាំងៗដែលអាច​គាំទ្រ​គុណភាព​កាមេរ៉ា​​ដ៏​មហិមា​នេះ ​ព្រម​ទាំង​សមត្ថភាព​ផ្សេងៗទៀត​ ​ដូច​ជា 5G នៅ​ឆ្នាំ2019 ទៅ 2020 ខាង​មុខ​នេះប៉ុណ្ណោះ៕

Advertisement