​នាំគ្នាមក​ដឹងពី​តម្លៃ​ទូរស័ព្ទអេក្រង់​បត់ Huawei ​Mate X 5G ដែលនឹង​ចេញ​លក់នៅ​ខែ​មិថុនា​ខាង​មុខ​នេះ

​Huawei Mate X ​នឹង​ចេញ​លក់​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​2019 នេះហើយ​ តែយ៉ាង​ណា​ក្ដី ក្រុមហ៊ុន Huawei នៅ​​មិន​ទាន់​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ថ្ងៃ​ចេញ​លក់ពិតប្រាកដ​នោះ​ទេ។

​វេបសាយ​ទិញ​-លក់​អនឡាញ Vmall ​ដែល​ជា​កន្លែង​លក់​រាយ​នៅ​ប្រទេស​ចិន បាន​បង្ហោះ​ឱ្យ​ដឹង​ពី​ពេល​វេលាដែល​នឹង​មាន​ទំនិញ​លក់ឱ្យ​ភ្ញៀវ​អំឡុង​ខែ​មិថុនា​ខាង​មុខ​នេះ​ដែលនឹង​មាន​តម្លៃ 2,300ដុល្លារ តែ​បន្ទាប់​ពី​បង្ហោះ​បាន​ប៉ុន្មាន​ម៉ោង ​ក៏​ត្រូវ​លុប​ចេញ​វិញ ហើយវេបសាយនោះក៏ដើរយឺតរហូតដល់គាំងម្ដងៗទៀតផង។ ​

បើ​តាម​ការ​ប្រកាស​ដោយ​ផ្ទាល់​ពី​នាយកប្រតិបត្តិរបស់ Huawei កាល​ពី​ព្រឹត្តិការណ៍ MWC ​គឺ​ស្មាតហ្វូន​បត់​អេក្រង់​បាន ​បំពាក់​បច្ចេកវិទ្យា 5G នេះ​នឹង​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​នៅពាក់​កណ្ដាល​ឆ្នាំ2019 នេះប្រាកដមែន តែរឿងតម្លៃ សុំលាក់សិនមិនទាន់ប្រកាសជាផ្លូវការទេ។

ស្មាត​ហ្វូន Huawei Mate X ជា​ស្មាតហ្វូន​អេក្រង់​អាច​បត់​បាន ​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា 5G លឿន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភព​លោក និង​មាន​កម្រាស់​ស្តើង​ត្រឹមតែ 11មីល្លីម៉ែត្រ​ប៉ុណ្ណោះ។ ក្រៅពី​ការ​រចនា​អេក្រង់​បត់​យ៉ាង​អស្ចារ្យ​ជាង​ស្មា​ត​ហ្វូន​អេក្រង់​បត់​ដទៃទៀតហើយនោះ ស្មា​ត​ហ្វូននេះនៅ​ដំណើរ​ការដោយ​បន្ទះ​ឈីប Kirin 980 អង្គ​​ចងចាំ ( RAM) ទំហំ 8GB និង​អង្គ​ផ្ទុក​ទិន្នន័យ (ROM) 512GB ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម SuperCharge កម្លាំង 55W និង​ថា​ម​ពល​ថ្ម​ទំហំ 4,500mAh៕

Advertisement