ស្មាន​តែ​ក្បាល​ចាក់​ចម្រៀង​ តាមពិត​ឧបករណ៍​សប់ខ្យល់​របស់​ Xiaomi​ សោះ​!

ក្រុមហ៊ុន​ Xiaomi​ បាន​ដាក់​បង្ហាញ​នូវ​ឧបករណ៍​ថ្មី​មួយ​ដែល​ខ្លួន​បាន​ដាក់ឈ្មោះ​ឱ្យ​ថា​ Air​ Pump​ ដែល​រូបរាង​របស់​វា​ សម្លឹង​មួយភ្លែត​ទៅ​ស្មាន​តែ​ម៉ាស៊ីន​ចាក់​ចម្រៀង​ខ្នាត​តូច​ តែ​ផ្ទុយទៅវិញ​ ឧបករណ៍​នេះ​ជា​ឧបករណ៍​ប្រើ​សម្រាប់​បញ្ចូល​សម្ពាធ​ខ្យល់​ទៅវិញ​ទេ​។

ស្ថិត​ក្នុង​តម្លៃ​ 30ដុល្លារ​ អតិថិជន​អាច​ទទួល​បាន​ឧបករណ៍​បញ្ចូល​ខ្យល់​តួខ្លួន​តូច​មួយ​ មាន​វិមាត្រ​ត្រឹមតែ​ 124x71x45.3ម.ម​ ដោយ​អម​មក​ជាមួយ​អេក្រង់​បង្ហាញ​ភ្លើង​ LED​ ងាយស្រួល​ប្រើប្រាស់​នៅ​ទី​ងងឹត​ទៀតផង​។ មាន​ថាមពល​ថ្ម​ 2គ្រាប់​ភ្ជាប់​ក្នុង​ម៉ាស៊ីន​ទំហំ​ 2000mAh​ ដែល​តួខ្លួន​របស់​វា​ច្នៃ​ឡើង​ពី​លោហធាតុ​ គួបផ្សំ​នឹង​ទុយោ​មាន​ភាព​ធន់​មាំ​ប្រវែង​ 120មីល្លីម៉ែត្រ​។

ឧបករណ៍​នេះ​អាច​បញ្ចូល​សម្ពាធ​ខ្យល់​ទៅកាន់​របស់​ប្រើប្រាស់​បាន​ជាច្រើន​យ៉ាង​ មិនថា​តែ​កង់​ម៉ូតូ​ កង់​រថយន្ត​ ឬបាល់​នោះ​ឡើយ​ ដោយ​រាល់​ការ​សាក​ថ្ម​ពេញ​ម្ដង​ៗ គេ​អាច​បញ្ចូល​ខ្យល់​កង់​រថយន្ត​បាន​ចំនួន​ 5គ្រាប់​ និង​បាល់​ចំនួន​ 7គ្រាប់​។

វា​អាច​គ្រប់គ្រង​ដំណើរការ​សម្ពាធ​ខ្យល់​ចន្លោះ​ពី​ 3psi​ ទៅ​ 150psi​ ដោយ​វា​នឹង​ផ្តាច់​ប្រព័ន្ធ​បញ្ចូល​ភ្លាម​ៗ បើ​ពិនិត្យ​ឃើញថា​សម្ពាធ​ខ្យល់​ឈាន​ដល់កម្រិត​ខ្ពស់​មួយ​ហើយ​៕

Advertisement