ប្រទេស​ស្រីលង្កា​ បិទ​ Facebook​ ចោល​ លែងឱ្យ​ដំណើរការ​

រដ្ឋាភិបាល​ប្រទេស​ស្រីលង្កា​បានសម្រេច​ផ្អាក​លែងឱ្យ​ដំណើរការ​កម្មវិធី​បណ្ដាញ​សង្គម​ Facebook​ កាលពី​ពេល​ថ្មី​ៗនេះ​ បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លងទៅ​។

មនុស្ស​ជិត​ 300នាក់​ត្រូវ​បាន​ស្លាប់​បាត់បង់ជីវិត​ និង​ជាច្រើន​រយ​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់ធ្ងរ​នៅ​ឯព្រះវិហារ​ Roman​ Catholic​ និង​សណ្ឋាគារ​ធំៗ​ប៉ុន្មាន​កន្លែង​ទៀត​។ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ លោក​ Ruwan​ Wijewardene​ បាន​និយាយ​ដោយ​សង្កត់ធ្ងន់​ថា​ ការ​បំផ្ទុះ​នេះ​បង្កឡើង​ដោយក្រុម​សាសនា​ជ្រុលនិយម​។

ដើម្បី​បញ្ចៀស​ការចែកចាយ​ព័ត៌មាន​មិន​ពិត​ ទាក់ទិន​នឹង​ការវាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ខាងលើ​ រដ្ឋាភិបាល​ស្រីលង្កា​ក៏​សម្រេច​ផ្អាក​លែងឱ្យ​ដំណើរការ​កម្មវិធី​បណ្តាញ​សង្គម​ធំៗ​ជាច្រើន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋលេខាធិការ​ លោក​ Udaya​ Seneviratne​ ដែល​បាន​ប្រាប់​ទៅ​កាសែត​ The​ New​ York​ Times​ ។

តាម​ការ​ឆ្លើយតប​ពី​ពលរដ្ឋ​ប្រចាំ​តំបន់​ សម្រាប់​ WhatsApp​ និង​ Facebook​ មិន​អាច​ប្រើប្រាស់​បានទេ​ ពោល​គឺ​ អ្នកប្រើ​ប្រាស់​អាច​ភ្ជាប់​ការទាក់ទង​គ្នា​តែ​តាមរយៈ​ SMS​ ឬ Twitter​ តែប៉ុណ្ណោះ​៕|

Advertisement