ពន្ធ​ 0% ធ្វើ​ឱ្យ​ Toyota​ Camry​ លក់​នៅ​វៀតណាម​មានតម្លៃ​ថោក​សឹង​មិន​គួរ​ឱ្យ​ជឿ​

រថយន្ត​ Toyota​ Camry​ ស៊េរី​ថ្មី​ដែល​បាន​កែប្រែ​រូបរាង​ថ្មី​ទាំងស្រុង​ បាន​ចេញ​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ហើយ​ កាលពី​ថ្ងៃទី23​ ខែមេសា​ ម្សិលម្ង៉ៃ​។

រថយន្ត​ដែល​ដាក់​លក់​នៅ​វៀតណាម​ បាន​ចែកចេញជា​ 2ប្រភេទ​ គឺ​ប្រភេទ​ 2.0G​ និង​ប្រភេទ​ 2.5Q​ ដែល​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ថៃ​ទាំងស្រុង​ មិនមែន​ដំឡើង​ក្នុង​ស្រុក​ដូច​ស៊េរី​មុន​ៗនោះ​ទេ​។ ហេតុផល​ អាច​ដោយសារតែ​រថយន្ត​នាំ​ពី​ប្រទេស​ថៃ​ទៅកាន់​វៀតណាម​លែងយក​ពន្ធ​នាំចូល​ដូច​កាលពី​ពេលមុន​។

រថយន្ត​ Toyota​ Camry​ ប្រភេទ​ 2.0G​ គឺ​មានតម្លៃ​លក់​ 1,029ពាន់​លាន​ដុង​ ដែល​ស្មើនឹង​ប្រមាណ​ 44,165ដុល្លារ​ និង​ប្រភេទ​ 2.5Q​ មានតម្លៃ​ 1,235ពាន់​លាន​ដុង​ ដែល​ស្មើនឹង​ប្រមាណ​ 52,024ដុល្លារ​។ នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​វិញ​ រថយន្ត​ Camry​ ស៊េរី​ថ្មី​មានតម្លៃ​ចាប់ពី​ 1,445លាន​បាត​ ដែល​ស្មើ​ប្រមាណ​ 45,123ដុល្លារ​ សម្រាប់​ប្រភេទ​ 2.0G​។

ការប្រកាស​ចេញ​តម្លៃ​ Camry​ ស៊េរី​ថ្មីនេះ​ ធ្វើ​ឱ្យ​សារព័ត៌មាន​វៀតណាម​មានការ​ភ្ញាក់ផ្អើល​ ដោយសារ​ភ្នាក់ងារ​លក់​ធ្លាប់​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ តម្លៃ​របស់​រថយន្ត​ស៊េរី​ថ្មីនេះ​ អាច​មាន​ខ្ទង់​ 1.6ពាន់​លាន​ដុង​ ឬស្មើ​ 68,692ដុល្លារ​ឯណោះ​៕

Advertisement