​​បន្តិច​ទៀត​ឡានប្រើសាំងចាស់ៗនៅ​ប្រទេស​ថៃ ​នឹងត្រូវ​ច្នៃ​ទៅ​ជា​ឡានប្រើ​អគ្គិសនី

​ក្រុមហ៊ុន Electricity Generating Authority of Thailand ហៅ​កាត់​ថា EGAT គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី ដោយ​​កែច្នៃ​រថយន្តចាស់ៗ​មួយ​ទឹកសម្រាប់​លក់​នៅ​ក្នុង​ឆ្នាំ2020។ EGAT ចង់​កែច្នៃ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​​ទៅ​ជា​ប្រើ​អគ្គិសនី​វិញក្នុង​អំឡុង​ពេល​សាកល្បង​មួយដើម្បី​កំណត់​ការចំណាយ​លើ​ការ​កែច្នៃ។

លោកស្រី Jiraporn Sirikum ជំនួយការ​ផ្នែកស្រាវជ្រាវ​បាន​និយាយ​ថា EGAT បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​វិទ្យាសាស្រ្ត​ដើម្បី​កែច្នៃ​រថយន្ត​ខ្នាត​តូច 3ម៉ូដែលគឺ Toyota Vios, Honda Jazz និង Nissan Almera សម្រាប់​ការ​សាកល្បងលើកដំបូង។

ការ​ចំណាយ​លើ​រថយន្ត​ច្នៃ​ 1​គ្រឿង ត្រូវ​បានគេ​រំពឹង​ថា ​ប្រហែលជា 300,000បាត (9, 400ដុល្លារ) ដើម្បី​ដំឡើង​គ្រឿង​សំខាន់ៗ ដូចជា អាគុយ​លីចូម និងម៉ូទ័រ​អគ្គិសនី។ ឯគោលបំណង​វិញ រោងចក្រ​កែច្នៃ​ខាងលើ​ចង់​បង្កើន​ចំនួន​រថយន្ត​អគ្គិសនី​ឱ្យ​កាន់​តែ​ច្រើន​លើ​ដង​ផ្លូវ​ក្នុង​ប្រទេស។

​តម្លៃ​​អាគុយត្រូវ​បាន​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភពលោក ដូច្នេះ​វា​នឹង​មាន​តម្លៃ​ថោកជាង​ការ​ទិញ​រថយន្ត​អគ្គិសនី​ថ្មីមកប្រើ។ ជាក់ស្តែង Tesla មួយ​គ្រឿង​មាន​តម្លៃ 3លានបាត (94,000 ដុល្លារ)។ នេះ​បើ​តាម​ការឱ្យដឹងពីលោកស្រី Jiraporn៕

Advertisement