Facebook​ ​ប្រកាស​ចេញ​រូបិយប័ណ្ណ​ឌីជីថល​ផ្លូវការ​ ​ប្រជែង​នឹង​ ​BitCoin​ ​

​Facebook​ ​បាន​ប្រកាស​ចេញ​រូបិយប័ណ្ណ​ឌីជីថល​ថ្មី​ជា​ផ្លូវការ​កាលពី​ថ្ងៃអង្គារ​ ​ខែមិថុនា​នេះ​ ​ដោយ​ឱ្យឈ្មោះ​ថា​ ​Libra​។​ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ ​The​ ​Verge​។

​បន្ថែម​ពីនេះ​បុគ្គលិក​ ​Facebook​ ​ដែល​សិក្សា​លើ​គម្រោងការណ៍​នេះ​ ​អាច​មាន​ជម្រើស​យក​ប្រាក់ចំណូល​ជា​រូបិយប័ណ្ណ​ឌីជីថល​នេះ​ ​ជំនួស​ឱ្យ​សាច់ប្រាក់​សុទ្ធ​ដែល​ស្រដៀងនឹង​ ​BitCoin​ ​ដែរ​។​ ​របាយការណ៍​កន្លងទៅ​បានឱ្យ​ដឹង​ថា​ ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​រូបិយប័ណ្ណ​នេះ​លើស​កល​លោក​ ​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ2020​ ​ខាងមុខ​។​ ​រូបិយប័ណ្ណ​ឌីជីថល​នេះ​នឹង​ត្រូវ​ប្រើប្រាស់​នៅ​លើ​ផលិតផល​ ​Facebook​ ​ដូចជា​ ​WhatsApp​,​ ​Messenger​ ​និង​ផ្សេង​ៗ​ទៀត​។​

​ជាង​នេះ​ទៅទៀត​ ​បណ្ដា​ហាង​ដែល​ទទួលយក​រូបិយប័ណ្ណ​ឌីជីថល​របស់​ ​Facebook​ ​សម្រាប់​ការ​ទូទាត់​ ​នឹងអាច​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ទៀតផង​។​ ​សកម្មភាព​នេះ​ ​គឺ​ស៊ីគ្នា​នឹង​ការ​សម្រុក​ទៅកាន់​ផ្នែក​លក់ទំនិញ​អន​ឡា​ញរ​បស់​ ​Facebook​។

នៅក្នុង​កម្មវិធី​ ​F8​ ​ក្រុមហ៊ុន​ ​Facebook​ ​បាន​ប្រកាស​ពីមុខ​ងារ​ទិញ​ទំ​និញ​ថ្មី​ៗ​ដែល​នឹង​មក​ដល់​ឆាប់​ៗ​ ​ដូចជា​ ​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ ​Instagram​ ​ទិញទំនិញ​ពី​គណនី​លក់ទំនិញ​ណាមួយ​ក៏បាន​។​ ​ឱ្យ​ហាង​ដាក់​បង្ហាញ​ផលិតផល​របស់​ខ្លួន​លក់​លើ​ ​WhatsApp​ ​និង​អនុញ្ញាត​ឱ្យ​អ្នកលក់​លើ​ ​Facebook​ ​Marketplace​ ​ដឹកទំនិញ​តាមរយៈ​កម្មវិធី​ ​Facebook​ ​នៅក្នុង​មួយ​ទ្វីបអាមេរិក​ ​ដើម្បី​ឱ្យ​ការទិញ​លក់​កាន់តែ​ងាយស្រួល​ឡើង​។​

ដើម្បី​សាង​ទំនុកចិត្ត​ពី​អ្នកប្រើ​ប្រាស់​ ​Facebook​ ​បាន​ស្វែងរក​ដៃគូ​បង្កើត​នូវ​ក្រុម​មួយ​ដើម្បី​គ្រប់គ្រង​រូបិយប័ណ្ណ​ថ្មីនេះ​។​ ​The​ ​Information​ ​បាន​សរសេរ​ថា​ ​Facebook​ ​បាន​ល្បួង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងទៀត​ ​ដើម្បី​ចូលរួម​លើ​ក្រុម​ឯករាជ្យ​មួយ​ ​ដែល​នឹង​ជួយ​បណ្ដាក់ទុន​ ​និង​ជួយ​គ្រប់គ្រង​រូបិយប័ណ្ណ​ឌីជីថល​នេះ​។​

​វា​នឹង​មាន​អ្នកប្រើ​ប្រាស់​ធំជាង​រូបិយប័ណ្ណ​ឌីជីថល​មុន​ៗ​ទៀត​ ​ដោយមាន​មនុស្ស​ ​2.3​ ​ពាន់​លាន​នាក់​ប្រើប្រាស់​ ​Facebook​ ​ជុំវិញ​ពិភពលោក​នៅ​ត្រីមាស​ទី1​ ​ឆ្នាំ2019​ ​។​ ​នេះ​មិនទាន់​គិត​បញ្ចូល​ទាំង​ ​WhatsApp​ ​និង​ ​Instagram​ ​ផង​ ​ខណៈ​ដែល​ ​Facebook​ ​ពិតជា​សម្រេចជោគជ័យ​លើ​រូបិយប័ណ្ណ​ឌីជីថល​នេះ​មិនខាន​៕​



Advertisement