យានអវកាស​ទៅ​ឋាន​ព្រះចន្ទ​របស់​ឥណ្ឌា​ ​មិន​អាច​បាញ់បង្ហោះ​បាន​ ​ព្រោះតែ​បញ្ហា​មួយចំនួន​

​ការប្រកាស​ពន្យារពេល​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​ ​(​ISRO​)​ ​ក្នុងរយៈពេល​ ​1ម៉ោង​ ​មុន​ពេលធ្វើការ​បាញ់បង្ហោះ​។​ ​កាលបរិច្ឆេទ​ថ្មី​នៃ​ការ​បាញ់បង្ហោះ​យានអវកាស​នេះ​ ​នឹង​ត្រូវ​ប្រកាស​នៅពេល​ក្រោយ​ ​ប៉ុន្តែ​អង្គការ​អវកាស​មួយ​នេះ​ ​មិន​អាច​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ទេ​។​

​នៅ​ថ្ងៃទី15​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នេះ​ ​ឥណ្ឌា​បាន​ប្រកាស​ពន្យារពេល​បាញ់បង្ហោះ​យានអវកាស​ ​Chandrayaan​-​2​ ​ទៅកាន់​ពិភព​ព្រះចន្ទ​ ​ដោយសារតែ​បញ្ហា​បច្ចេកទេស​ក្នុង​ប្រព័ន្ធ​សម្រាប់​បាញ់បង្ហោះ​ ​(​Launch​ ​Vehicle​ ​System​)​។​

​ឥណ្ឌា​មានបំណង​ចុះចត​លើ​ផ្ទៃ​ពិភព​ព្រះចន្ទ​នៅ​តំបន់​ប៉ូល​ខាងត្បូង​ ​ដើម្បី​បង្កើត​នូវ​យុគសម័យ​ថ្មី​នៃ​ការរុករក​ ​បង្កើន​ការយល់​ដឹង​បន្ថែម​របស់​មនុស្សជាតិ​លើ​ពិភព​ដួងព្រះចន្ទ​ ​ក៏ដូចជា​អវកាស​ ​ជំរុញ​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ ​លើកកម្ពស់​សម្ព័ន្ធ​មិត្ត​សកល​ ​និង​លើកទឹកចិត្ត​ដល់​អ្នករុករក​ ​និង​អ្នក​វិទ្យាសាស្រ្ត​ជំនាន់​ក្រោយ​។​

​តំបន់​ប៉ូល​ខាងត្បូង​នៃ​ពិភព​ព្រះចន្ទ​ ​គឺ​មាន​ចំណុច​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​ប៉ូល​ខាងជើង​ ​ពោល​គឺ​មាន​ទំហំ​ធំជាង​ ​និង​អាច​មាន​វត្តមាន​ទឹក​ ​និង​ផ្ទុក​កំណត់​ត្រា​ហ្វូ​ស៊ី​ល​ដែល​បង្ហាញ​ពី​ការ​កកើត​ឡើង​នៃ​ប្រព័ន្ធព្រះអាទិត្យ​ផង​ដែរ​។​ ​ប្រសិនបើ​ជោគជ័យ​ ​នោះ​ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​ទី4​ ​ដែល​បាន​ទៅ​ជាន់​ដី​ពិភព​នេះ​ ​បន្ទាប់ពី​អាមេរិក​ ​រុស្ស៊ី​(​អតីត​សហភាពសូវៀត​)​ ​និង​ចិន​។​

​កាលពីមុន​ ​អ៊ីស្រាអែល​ ​ក៏បាន​ប៉ុនប៉ង​បញ្ជូន​យានអវកាស​ ​និង​ចុះចត​នៅ​លើ​ពិភព​ព្រះចន្ទ​ដែរ​ ​ប៉ុន្តែ​ត្រូវ​បរាជ័យ​ ​ដោយ​បាន​ធ្លាក់​ក្នុងអំឡុងពេល​ព្យាយាម​ចុះចត​ ​ដោយសារ​បញ្ហា​បច្ចេកទេស​គ្រឿងម៉ាស៊ីន​ ​កាលពី​ខែមេសា​ ​ឆ្នាំ2019​ ​កន្លងទៅ​៕​

Advertisement